អូបាឌី ១

Written on 23/12/2025
Boy KANN

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
 នេះ​ជា​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ព្រះ‌ជាម្ចាស់​សម្ដែង​ឲ្យ​លោក​អូបា‌ឌី​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​អំពី​ស្រុក​អេដុម។
    ព្រះ‌អម្ចាស់​ប្រទាន​ដំណឹង​មក​ពួក​យើង
    ព្រះ‌អង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ
    ប្រកាស​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ថា:
    “ចូរ​ក្រោក​ឡើង នាំ​គ្នា​វាយ​សម្រុក
    ចូរ​វាយ​លុក​ស្រុក​អេដុម​ទៅ!”។
២  «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា
    ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ
    ជា​ប្រជា‌ជាតិ​មួយ​ដែល​គេ​មើល‌ងាយ​បំផុត។
៣  ចិត្ត​អួត‌អាង​របស់​អ្នក បាន​បញ្ឆោត​ខ្លួន​ឯង
    អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម
    និង​នៅ​តាម​កន្លែង​ខ្ពស់ៗ
    អ្នក​នឹក​ថា “គ្មាន​នរណា​អាច​ទម្លាក់​ខ្ញុំ
    ចុះ​ទៅ​ដី​បាន​ទេ!”។
៤  ទោះ​បី​អ្នក​ឡើង​ទៅ​លើ ខ្ពស់​ដូច​សត្វ​ឥន្ទ្រី
    ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក​ទៅ
    ដាក់​នៅ​ក្នុង​ចំណោម​ផ្កាយ​ក្តី
    ក៏​យើង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៥  ប្រសិន​បើ​មាន​ចោរ​លួច​ចោរ​ប្លន់​ចូល​មក​ក្នុង​ផ្ទះ
    របស់​អ្នក​នៅ​ពេល​យប់
    នោះ​អ្នក​នឹង​បាត់‌បង់​អ្វីៗ​ទាំង​អស់!
    គេ​នឹង​លួច​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។
    ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ មក​ដល់​ស្រុក​អ្នក
    គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។
៦  អេសាវ​អើយ គេ​គាស់​កកាយ​ស្រុក​អ្នក
    ហើយ​ប្រមូល​យក​កំណប់​ទ្រព្យ​របស់​អ្នក។
៧  បក្ស‌សម្ព័ន្ធ​របស់​អ្នក​នឹង​ដេញ​អ្នក
    ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។
    មិត្ត‌ភក្ដិ​របស់​អ្នក​បោក​បញ្ឆោត​អ្នក
    ហើយ​យក​អ្នក​ធ្វើ​ជា​នគរ​ចំណុះ។
    ពួក​ដែល​បរិភោគ​អាហារ​ជា​មួយ​អ្នក
    នាំ​គ្នា​ដាក់​អន្ទាក់​ចាប់​អ្នក
    ទាំង​ពោល​ថា អ្នក​លែង​មាន​អ្នក​ប្រាជ្ញ​ហើយ។
៨  ពិត​មែន​ហើយ នៅ​ថ្ងៃ​នោះ យើង​នឹង​បំបាត់
    អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដុម
    ហើយ​បំបាត់​អ្នក​ឈ្លាស‌វៃ​ឲ្យ​អស់​ពី​ភ្នំ​អេសាវ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៩  ក្រុង​តេម៉ន​អើយ ទាហាន​ដ៏​អង់‌អាច​របស់​អ្នក
    នឹង​ភ័យ​ញ័រ​រន្ធត់
    ខ្មាំង​សម្លាប់​រង្គាល​ទាហាន​ទាំង​ប៉ុន្មាន
    នៅ​ភ្នំ​នៃ​ស្រុក​អេសាវ​អស់​គ្មាន​សល់!
១០ អ្នក​នឹង​ត្រូវ​អាម៉ាស់ និង​វិនាស​រហូត
    ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​បាន​ប្រព្រឹត្ត
    ចំពោះ​យ៉ាកុប ជា​ប្អូន​របស់​អ្នក។
១១ នៅ​ថ្ងៃ​ដែល​ខ្មាំង​កៀរ​កង​កម្លាំង​របស់
    អ៊ីស្រា‌អែល​ទៅ​ជា​ឈ្លើយ
    នៅ​ពេល​ដែល​សាសន៍​ដទៃ​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម
    រឹប​អូស​យក​អ្វីៗ​ក្នុង​ទី‌ក្រុង​ចាប់​ឆ្នោត​ចែក​គ្នា
    អ្នក​ក៏​នៅ​ទី​នោះ ហើយ​ប្រព្រឹត្ត​ដូច​ពួក​គេ​ដែរ។
១២ នៅ​ថ្ងៃ​ដែល​ប្អូន​របស់​អ្នក​ត្រូវ​អន្តរាយ
    អ្នក​មិន​គួរ​ឈរ​មើល ទាំង​មាន​អំណរ​ដូច្នេះ​ទេ
    នៅ​ថ្ងៃ​ដែល​កូន​ចៅ​យូដា​វិនាស
    អ្នក​មិន​គួរ​អរ​សប្បាយ​ឡើយ
    នៅ​ថ្ងៃ​ដែល​គេ​រង​ទុក្ខ​វេទនា
    អ្នក​មិន​គួរ​ហា​មាត់​ជេរ​ប្រមាថ​ដូច្នេះ​សោះ!
១៣ នៅ​ថ្ងៃ​ប្រជា‌រាស្ដ្រ​របស់​យើង​ជួប​មហន្ត‌រាយ
    អ្នក​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​ទេ។
    នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ
    អ្នក​មិន​ត្រូវ​ឈរ​មើល​ទាំង​មាន​អំណរ
    ដោយ​ឃើញ​គេ​រង​ទុក្ខ​វេទនា។
    នៅ​ថ្ងៃ​គេ​ជួប​មហន្ត‌រាយ
    អ្នក​មិន​ត្រូវ​ឆ្លៀត​លួច​យក​ទ្រព្យ‌សម្បត្តិ
    របស់​គេ​ឡើយ។
១៤ អ្នក​មិន​ត្រូវ​ចាំ​ស្កាត់​នៅ​តាម​ផ្លូវ​បំបែក
    ដើម្បី​ប្រល័យ​ជីវិត​អ្នក​ដែល​រត់​គេច​ខ្លួន
    នៅ​ថ្ងៃ​គេ​ជួប​អាសន្ន
    អ្នក​មិន​ត្រូវ​ប្រគល់​អស់​អ្នក​ដែល​បាន​រួច​ជីវិត
    ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​ឡើយ!»។
១៥ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស
    ប្រជា‌ជាតិ​ទាំង​អស់ ជិត​មក​ដល់​ហើយ
    ព្រះ‌អង្គ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក
    ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ដទៃ​ដែរ។
    អ្នក​នឹង​ទទួល​ទោស​តាម​អំពើ​អាក្រក់​របស់​ខ្លួន!
 
១៦ «ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ អ៊ីស្រា‌អែល​អើយ
    អ្នក​រាល់​គ្នា​បាន​ផឹក​ពី​ពែង​នៃ​ទុក្ខ‌ទោស
    នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង​គ្រប់‌គ្រាន់​ហើយ។
    នៅ​ពេល​ខាង​មុខ ប្រជា‌ជាតិ​ទាំង​អស់
    ក៏​នឹង​ផឹក​ពី​ពែង​នេះ​ឥត​ឈប់​ឡើយ
    ពួក​គេ​ផឹក​រហូត​ទាល់​តែ​ស្រវឹង
    ហើយ​វិនាស​សូន្យ​ទាំង​អស់​គ្នា។
១៧ អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក
    រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ
    កូន​ចៅ​យ៉ាកុប​នឹង​យក​ទឹក​ដី
    ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។
១៨ កូន​ចៅ​យ៉ាកុប​នឹង​ប្រៀប​ដូច​ជា​ភ្លើង
    កូន​ចៅ​យ៉ូសែប​ប្រៀប​ដូច​ជា​អណ្ដាត​ភ្លើង
    រីឯ​កូន​ចៅ​អេសាវ​នឹង​ប្រៀប​ដូច​ជា​ចំបើង
    ដែល​ត្រូវ​ភ្លើង​ឆាប​ឆេះ
    ហើយ​ក្នុង​ចំណោម​កូន​ចៅ​របស់​អេសាវ
    គ្មាន​នរណា​ម្នាក់​បាន​រួច​ជីវិត​ឡើយ»
    ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។
១៩ ប្រជាជន​យូដា​នឹង​កាន់​កាប់​តំបន់​ណេកិប
    គឺ​ភ្នំ​របស់​អេសាវ
    ពួក​គេ​នឹង​គ្រប់‌គ្រង​លើ​ស្រុក​វាល
    ជា​ទឹក​ដី​របស់​ជន​ជាតិ​ភីលី‌ស្ទីន។
    ព្រម​ទាំង​គ្រប់‌គ្រង​លើ​ស្រុក​សាម៉ារី
    ជា​ទឹក​ដី​របស់​អេប្រាអ៊ីម។
    រីឯ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន
    នឹង​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ។
២០ ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន
    ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ
    នឹង​កាន់​កាប់​លើ​ស្រុក​កាណាន
    រហូត​ដល់​សារិប‌តា។
    ប្រជាជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ
    នៅ​សេផា‌រ៉ាដ
    នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។
២១ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន
    ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ
    ហើយ​ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ។