ព្រះអម្ចាស់ត្រាស់ហៅជនជាតិអ៊ីស្រាអែលឲ្យវិលមករកព្រះអង្គវិញ
១ នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគីយ៉ា និងជាចៅរបស់លោកអ៊ីដូ ដូចតទៅ:
២ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ ៣ ចូរប្រាប់ពួកគេថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ៤ កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ៥ ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។ ៦ ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងវិន័យដែលយើងបានបង្គាប់ដល់ពួកព្យាការីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “ព្រះអម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចព្រះអង្គបានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
និមិត្តហេតុអស្ចារ្យអំពីសេះ
៧ នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេគីយ៉ា និងជាចៅរបស់លោកអ៊ីដូដូចតទៅ:
៨ នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយលោក មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។ ៩ ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ទេវទូត*ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យលោកដឹងថា អ្នកទាំងនោះជានរណា»។ ១០ បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលព្រះអម្ចាស់បានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ ១១ អ្នកទាំងនោះពោលទៅកាន់ទេវទូតរបស់ព្រះអម្ចាស់ ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។
១២ ពេលនោះ ទេវទូតរបស់ព្រះអម្ចាស់ពោលឡើងថា៖ «បពិត្រព្រះអម្ចាស់នៃពិភពទាំងមូល តើដល់ពេលណាទើបព្រះអង្គអាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ព្រះអង្គខ្ញាល់នឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។ ១៣ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្ត និងសម្រាលទុក្ខទេវទូត*ដែលនិយាយជាមួយខ្ញុំ។ ១៤ ពេលនោះ ទេវទូតដែលនិយាយជាមួយខ្ញុំ ពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ:
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់ ១៥ តែយើងក្រេវក្រោធយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។ ១៦ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ១៧ ចូរប្រកាសទៀតថា «ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសម្រាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។

