ហាកាយ ២

Written on 19/12/2025
Boy KANN

ព្រះ‌វិហារ​ថ្មី
 នៅ​ថ្ងៃ​ទី​ម្ភៃ​មួយ ក្នុង​ខែ​ទី​ប្រាំ​ពីរ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ​ដូច​ត​ទៅ៖
 «ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា និង​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ព្រម​ទាំង​ប្រជាជន​ដែល​នៅ​សេស‌សល់​ថា
៣  ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែល​បាន​រួច​ពី​ស្លាប់
    តើ​នរណា​ធ្លាប់​បាន​ឃើញ​ព្រះ‌ដំណាក់​ដ៏​រុង‌រឿង
    កាល​ពី​ជំនាន់​មុន?
    ឥឡូវ​នេះ តើ​អ្នក​រាល់​គ្នា​ឃើញ​ព្រះ‌ដំណាក់​ថ្មី
    មាន​ភាព​ដូច​ម្ដេច​ដែរ?
    អ្នក​រាល់​គ្នា​ឃើញ​ថា ព្រះ‌ដំណាក់​ថ្មី​នេះ
    មិន​ល្អ​ទាល់​តែ​សោះ!
៤  ឥឡូវ​នេះ សូរ៉ូ‌បាបិល​អើយ
    ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    មហា​បូជា‌ចារ្យ​យ៉ូស៊ូអា
    ជា​កូន​របស់​លោក​យេហូសា‌ដាក​អើយ
    ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
    ប្រជាជន​ទាំង​មូល​ដែល​នៅ​ក្នុង​ស្រុក​អើយ
    ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    ចូរ​នាំ​គ្នា​ធ្វើ​ការ​ទៅ
    ដ្បិត​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ហើយ!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
៥  ព្រះ‌វិញ្ញាណ​របស់​យើង​ស្ថិត​នៅ​ជា​មួយ
    អ្នក​រាល់​គ្នា ដូច​យើង​បាន​សន្យា​នៅ​គ្រា​ដែល
    អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
    ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ!»។
៦  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ
    ផ្ទៃ​មេឃ និង​ផែន‌ដី
    ព្រម​ទាំង​សមុទ្រ និង​ដី​គោក កក្រើក។
៧  យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។
    ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ
    របស់​ប្រជា‌ជាតិ​ទាំង​អស់
    នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង
    ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ
    បាន​ថ្កុំ‌ថ្កើង​រុង‌រឿង
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
៨  ប្រាក់ និង​មាស​ជា​កម្ម‌សិទ្ធិ​របស់​យើង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
៩  សិរី‌រុង​រឿង​របស់​ដំណាក់​ថ្មី​នេះ​នឹង​ថ្កុំ‌ថ្កើង
    ជាង​សិរី‌រុង​រឿង​របស់​ដំណាក់
    កាល​ពី​ជំនាន់​មុន​ទៅ​ទៀត។
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
    នៅ​កន្លែង​នេះ យើង​នឹង​ផ្តល់​ឲ្យ​អ្នក​រាល់​គ្នា
    បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
ប្រជាជន​នៅ​មិន​ទាន់​បរិសុទ្ធ
១០ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​បួន ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​ហាកាយ​ដូច​ត​ទៅ:
១១ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​សួរ​យោបល់​ពួក​បូជា‌ចារ្យ​ដូច​ត​ទៅ: ១២ “ប្រសិន​បើ​ក្នុង​ថ្នក់​អាវ​របស់​នរណា​ម្នាក់ មាន​សាច់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ ហើយ​បើ​អាវ​របស់​អ្នក​នោះ​ប៉ះ​នំបុ័ង បន្លែ ស្រា ប្រេង ឬ​អាហារ​ណា​មួយ​ផ្សេង​ទៀត តើ​របស់​ទាំង​នោះ​អាច​ចាត់​ទុក​ជា​របស់​សក្ការៈ​បាន​ឬ​ទេ?”»។ ពួក​បូជា‌ចារ្យ​ឆ្លើយ​ថា«ទេ!»។ ១៣ លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។
១៤ លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖
    ប្រជាជន​នេះ​ក៏​ដូច្នោះ​ដែរ
    យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅហ្មង
    ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ
    និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ
    ក៏​សៅហ្មង​ដែរ។
១៥ ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍
    ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។
    មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា
    ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
១៦ អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង
    នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។
    អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ
    ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង
    នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។
១៧ យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា
    ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក
    មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់
    ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក
    យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៨ ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល
    កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។
    ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន
    គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់
    ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់
    ចូរ​សង្កេត​មើល​ចុះ!
១៩ នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ
    សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ
    ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ
    ក៏​មិន​ផ្តល់​ភោគ​ផល​អ្វី​ដែរ។
    ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ
    អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។
ព្រះ‌បន្ទូល​សន្យា​ចំពោះ​លោក​សូរ៉ូ‌បាបិល
២០ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖
២១ ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់
    អាណា‌ខេត្ត​យូដា​ថា:
    យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែន‌ដី​កក្រើក
២២ យើង​នឹង​ទម្លាក់​ស្តេច​របស់​នគរ​ទាំង‌ឡាយ
    យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។
    យើង​នឹង​រំលំ​រទេះ​ចម្បាំង
    ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។
    យើង​នឹង​ផ្តួល​សេះ ព្រម​ទាំង​អ្នក​ជិះ
    បង‌ប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។
២៣ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ
    អ្នក​ជា​អ្នក​បម្រើ​របស់​យើង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
    នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ
    ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់
    ព្រោះ​យើង​បាន​ជ្រើស‌រើស​អ្នក​ហើយ»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។