ហាបាគូក ៣

Written on 19/12/2025
Boy KANN

ទំនុក‌តម្កើង​របស់​លោក​ហាបា‌គូក
  ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក
    ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:
២  ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដី
    ដែល​គេ​ថ្លែង​អំពី​ព្រះ‌អង្គ
    ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែង
    ស្នា​ព្រះ‌ហស្ដដែល​ព្រះ‌អង្គ​បាន​ធ្វើ។
    សូម​សម្ដែង​ឲ្យ​មនុស្ស​លោក​ស្គាល់
    ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត!
    ប៉ុន្តែ ពេល​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ
    សូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តា
    របស់​ព្រះ‌អង្គ​ផង។
 
៣  ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​តេម៉ន
    ព្រះ​ដ៏‌វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ន។
    - សម្រាក
    ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ចែង​ចាំង
    ពាស​ពេញ​ផ្ទៃ​មេឃ
    ហើយ​ផែន‌ដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះ‌អង្គ។
៤  ព្រះ‌អង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់
    មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ
    ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។
៥  ព្រះ‌អង្គ​ចាត់​ជំងឺ​អាសន្ន‌រោគ
    ឲ្យ​ទៅ​ពី​មុខ​ព្រះ‌អង្គ។
    ព្រះ‌អង្គ​យាង​ទៅ​ទី​ណា
    ជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។
៦  ពេល​ព្រះ‌អង្គ​ឈប់ ផែន‌ដី​កក្រើក។
    ពេល​ព្រះ‌អង្គ​ទត​មើល
    ប្រជា‌ជាតិ​នានា​នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
    ភ្នំ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច
    ប្រេះ​ចេញ​ពី​គ្នា
    ភ្នំ​តូចៗ​ដែល​នៅ​ស្ថិត‌ស្ថេរ​តាំង​ពី​ដើម​រៀង​មក
    ជា​ផ្លូវ​ដែល​ព្រះ‌អង្គ​ធ្លាប់​យាង​កាត់
    ក៏​ត្រូវ​រលាយ​សូន្យ​អស់​ដែរ។
៧  ខ្ញុំ​ឃើញ​ជំរំ​របស់​ជន​ជាតិ​គូសន រលាយ​សូន្យ
    ជម្រក​របស់​ស្រុក​ម៉ាឌីយ៉ាន​ត្រូវ​ញ័រ​កក្រើក។
៨  តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?
    តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លា
    ទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?
    ព្រះ‌អង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះ
    និង​រទេះ​ចម្បាំង ទៅ​វាយ​យក​ជ័យ‌ជម្នះ។
៩  ព្រះ‌អង្គ​យឹត​ធ្នូ​របស់​ព្រះ‌អង្គ
    ព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់
    ជា​ព្រួញ​របស់​ព្រះ‌អង្គ។
    - សម្រាក
    ព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នា
    និង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។
១០ ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ
    ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ
    មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង
    ធ្វើ​ឲ្យ​មាន​រលក​ធំៗ។
១១ ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច
    នៃ​លំពែង​របស់​ព្រះ‌អង្គ
    ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។
១២ ព្រះ‌អង្គ​យាង​កាត់​ផែន‌ដី ទាំង​ព្រះ‌ពិរោធ
    ព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។
១៣ ព្រះ‌អង្គ​យាង​ចេញ​មក
    ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
    និង​សង្គ្រោះ​ស្តេច​ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក។
    ព្រះ‌អង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់
    ព្រះ‌អង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ
    ទាំង​អស់​គ្នា។
    - សម្រាក
១៤ ព្រះ‌អង្គ​ប្រើ​ព្រួញ​របស់​ពួក​គេ
    ទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេ
    នៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះ
    មក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
    ពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុរគត។
១៥ ព្រះ‌អង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះ‌អង្គ
    នៅ​ក្នុង​ទឹក​សមុទ្រ
    ដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។
១៦ ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ
    ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់
    ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។
    ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កម្រើក
    ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន
    គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន
    លើក​គ្នា​មក​ប្រហារ​ប្រជាជន​របស់​យើង​។
១៧ ដើម​ឧទុម្ពរ​លែង​ផ្កា
    ទំពាំង‌បាយជូរ​លែង​មាន​ផ្លែ
    ដើម​អូលីវ​លែង​ផ្តល់​ប្រេង
    ស្រែ​ចម្ការ​លែង​ផ្តល់​ភោគ‌ផល​ជា​អាហារ
    លែង​មាន​ចៀម​នៅ​តាម​វាល​ស្មៅ
    ហើយ​ក៏​លែង​មាន​គោ​ក្នុង​ក្រោល​ទៀត​ដែរ។
១៨ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​សប្បាយ​រីក‌រាយ
    ហើយ​មាន​អំណរ​ដ៏​លើស‌លប់
    ដោយ​ព្រះ‌ជាម្ចាស់​សង្គ្រោះ​ខ្ញុំ។
១៩ ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ ជា​កម្លាំង​របស់​ខ្ញុំ
    ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស
    ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។
    ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ដ្រី​ដែល​មាន​ខ្សែ