មីកា ៧

Written on 19/12/2025
Boy KANN

  ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ!
    ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រក
    បេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំ
    ហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ
    ក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ទុំ
    គឺ​គ្មាន​ផ្លែ​ទំពាំង‌បាយ‌ជូរ​សោះ
    ហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្ត
    ក៏​គ្មាន​ដែរ។
២  នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់
    ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌ជាម្ចាស់
    ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរ
    គឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់
    ចាំ​ប្រហារ​ជីវិត​គ្នា
    ម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាប
    បង‌ប្អូន​របស់​ខ្លួន។
៣  ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់
    ទាំង​មេ​ដឹក​នាំ ទាំង​ចៅ‌ក្រម នាំ​គ្នា​ស៊ី​សំណូក។
    អ្នក​ធំ​មាន​ចិត្ត​លោភ‌លន់ ហើយ​ឃុប‌ឃិត​គ្នា
    ប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។
៤  ក្នុង​ចំណោម​ពួក​គេ
    អ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែ
    អ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។
    ប៉ុន្តែ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ដាក់​ទោស​ពួក​គេ
    មក​ដល់​ហើយ
    គឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាត
    បាន​ប្រកាស​ទុក។
    ឥឡូវ​នេះ ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។
៥  កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដាន
    សូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នក
    ក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។
៦  កូន​ប្រុស​ជេរ‌ប្រទេច​ឪពុក
    កូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយ
    កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក
    ហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា
    នឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា​។

សេចក្ដី​សង្ឃឹម​របស់​ប្រជាជន

  រីឯ​ខ្ញុំ​វិញ ខ្ញុំ​សម្លឹង​មើល​ទៅ​ព្រះ‌អម្ចាស់
    ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់
    ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ
    ព្រះ​របស់​ខ្ញុំ​មុខ​ជា​សណ្ដាប់​ពាក្យ​ខ្ញុំ​ពុំ‌ខាន។
៨  ខ្មាំង​សត្រូវ​របស់​ខ្ញុំ​អើយ!
    កុំ​អាល​អរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ដួល​ដូច្នេះ!
    ខ្ញុំ​ពិត​ជា​ដួល​មែន
    តែ​ខ្ញុំ​នឹង​ងើប​ឡើង​វិញ​ពុំ‌ខាន។
    ទោះ​បី​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត​ក្តី
    ក៏​ព្រះ‌អម្ចាស់​ជា​ពន្លឺ​របស់​ខ្ញុំ​ដែរ។
៩  ខ្ញុំ​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់
    ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់
    ទាស់​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ។
    គង់​តែ​មាន​ថ្ងៃ​ណា​មួយ
    ព្រះ‌អង្គ​នឹង​ការ‌ពារ​ក្តី​របស់​ខ្ញុំ
    ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។
    ព្រះ‌អង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ
    ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
១០ សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ
    គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់
    ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?”
    ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង
    គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី
    ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។
១១ នៅ​ថ្ងៃ​ដែល​គេ​សង់​កំពែង​ក្រុង
    របស់​អ្នក​ឡើង​វិញ
    ទឹក​ដី​របស់​អ្នក​នឹង​លាត​សន្ធឹង​កាន់​តែ​ឆ្ងាយ។
១២ នៅ​ថ្ងៃ​នោះ ប្រជាជន​របស់​អ្នក
    នឹង​វិល​មក​រក​អ្នក​វិញ
    ពី​ស្រុក​អាស្ស៊ីរី និង​ស្រុក​អេស៊ីប
    ចាប់​ពី​ទន្លេ​នីល​រហូត​ដល់​ទន្លេ​អឺប្រាត
    ចាប់​ពី​សមុទ្រ​ម្ខាង​ទៅ​ដល់​សមុទ្រ​ម្ខាង
    ចាប់​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ​ទៀត។
១៣ ផែន‌ដី​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ព្រោះ​តែ​អំពើ​អាក្រក់​របស់​អស់​អ្នក​ដែល​រស់
    នៅ​លើ​ផែន‌ដី។
១៤ ព្រះ‌អម្ចាស់​អើយ សូម​ថែ‌រក្សា
    ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ
    ដូច​គង្វាល​ធ្លាប់​ថែ‌រក្សា​ហ្វូង​សត្វ​របស់​ខ្លួន។
    យើង​ខ្ញុំ​ដែល​ជា​ហ្វូង​ចៀម​របស់​ព្រះ‌អង្គ
    រស់​នៅ​លើ​ទឹក​ដី​គ្មាន​ជី‌ជាតិ
    ដែល​មាន​ចម្ការ​ព័ទ្ធ​ជុំ‌វិញ។
    សូម​នាំ​យើង​ខ្ញុំ​ទៅ​រស់​នៅ​កន្លែង
    ដែល​មាន​ជី‌ជាតិ​ល្អ​នៅ​ស្រុក​បាសាន
    និង​ស្រុក​កាឡាដ ដូច​ដើម​វិញ។
១៥ សូម​សម្ដែង​ព្រះ‌បារមី​ដ៏​រុង‌រឿង​អស្ចារ្យ ដូច
    កាល​ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីប។
១៦ ប្រជា‌ជាតិ​នានា​នឹង​ឃើញ ហើយ​ត្រូវ​អាម៉ាស់
    ទោះ​បី​គេ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​យ៉ាង​ណា​ក្តី។
    ពួក​គេ​ងឿង‌ឆ្ងល់​ពេក រក​និយាយ​មិន​រួច
    ហើយ​ស្ដាប់​អ្វី​ក៏​លែង​ឮ​ដែរ។
១៧ ពួក​គេ​នឹង​ស៊ី​ធូលី​ដី​ដូច​ពស់
    និង​ដូច​សត្វ​លូន​វារ​ឯ​ទៀតៗ។
    ពួក​គេ​ចេញ​ពី​កន្លែង​ពួន​មក​រក​ព្រះ‌អម្ចាស់
    ជា​ព្រះ​នៃ​យើង ដោយ​ភ័យ​ញ័រ
    ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ហើយ​ខ្លាច​ព្រះ‌អង្គ។
១៨ បពិត្រ​ព្រះ‌អម្ចាស់! តើ​មាន​ព្រះ​ណា
    ដែល​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដូច​ព្រះ‌អង្គ?
    ព្រះ‌អង្គ​លើក‌លែង​ទោស​ឲ្យ​យើង​ខ្ញុំ
    ព្រះ‌អង្គ​មិន​ពិរោធ​រហូត​ឡើយ។
    ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់
    ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សេស‌សល់
    ហើយ​ព្រះ‌អង្គ​ប្រណី‌សន្ដោស​ដល់​ពួក​គេ។
១៩ ព្រះ‌អង្គ​មុខ​ជា​អាណិត‌អាសូរ​យើង​ខ្ញុំ​សា​ជា​ថ្មី
    ព្រះ‌អង្គ​មិន​ប្រកាន់​ទោស​របស់​យើង​ខ្ញុំ​ទេ
    ព្រះ‌អង្គ​នឹង​យក​អំពើ​បាប​ទាំង​ប៉ុន្មាន
    របស់​យើង​ខ្ញុំ ទៅ​បោះ​ចោល​នៅ​បាត​សមុទ្រ។
២០ ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ
    ដល់​កូន​ចៅ​របស់​លោក​យ៉ាកុប
    ហើយ​សម្ដែង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
    ដល់​កូន​ចៅ​របស់​លោក​អប្រាហាំ
    ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស
    របស់​យើង​ខ្ញុំ​កាល​ពី​ជំនាន់​ដើម។