អេសាយ ៦៣

Written on 19/12/2025
Boy KANN

ថ្ងៃ​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស

១ - តើ​អ្នក​ដែល​មក​ពី​ក្រុង​បូសរ៉ា
នៅ​ស្រុក​អេដុម
ហើយ​ស្លៀក​ពាក់​ដ៏​ក្រហម​ឆ្អិន‌ឆ្អៅ
ព្រម​ទាំង​ដើរ​យ៉ាង​អង់‌អាច
សម្ដែង​ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​នេះ​ជា​នរណា?
- គឺ​យើង ដែល​មក​កាត់​ក្តី ដោយ​យុត្តិ‌ធម៌
យើង​មក​រក​រឿង​ប្រជា‌ជាតិ​នានា
ដើម្បី​សង្គ្រោះ​ប្រជា‌រាស្ដ្រ​របស់​យើង។
 - ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌ភូសា​របស់
ព្រះ‌អង្គ​មាន​ពណ៌​ក្រហម ដូច​សម្លៀក‌បំពាក់
របស់​អ្នក​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដូច្នេះ?
៣ - ពិត​មែន​ហើយ យើង​បាន​ជាន់​ផ្លែ
ទំពាំង‌បាយ‌ជូរ​តែ​ម្នាក់​ឯង
គឺ​ក្នុង​ចំណោម​ប្រជាជន
គ្មាន​នរណា​ម្នាក់​នៅ​ជា​មួយ​យើង​ឡើយ។
យើង​បាន​ជាន់​ឈ្លី​ពួក​គេ តាម​កំហឹង​របស់​យើង
យើង​បាន​ជាន់​កម្ទេច​ពួក​គេ
ព្រោះ​យើង​ខឹង​ជា​ខ្លាំង។
ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ
សម្លៀក‌បំពាក់​របស់​យើង
ហើយ​សម្លៀក‌បំពាក់​របស់​យើង
ប្រឡាក់​ទៅ​ដោយ​ឈាម។
៤ យើង​បាន​គ្រោង​ទុក​ថា
នឹង​ដាក់​ទោស​ពួក​គេ​នៅ​ថ្ងៃ​នេះ
ឆ្នាំ​កំណត់​ដែល​យើង​ត្រូវ​លោះ
ប្រជា‌រាស្ដ្រ​របស់​យើង ក៏​បាន​មក​ដល់​ហើយ។
៥ យើង​រំពៃ​មើល
តែ​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ទេ
យើង​អស់​សង្ឃឹម
ព្រោះ​គ្មាន​នរណា​ម្នាក់​គាំ‌ទ្រ​យើង​ឡើយ
ដូច្នេះ យើង​ក៏​ប្រើ​ឫទ្ធិ‌បារមី​របស់​យើង
ដើម្បី​សង្គ្រោះ​ខ្លួន​យើង
ហើយ​ប្រើ​កំហឹង​របស់​យើង ដើម្បី​គាំ‌ទ្រ​យើង។
៦ យើង​ជាន់​កម្ទេច​ជាតិ​សាសន៍​ទាំង‌ឡាយ
មក​ពី​យើង​ខឹង​យ៉ាង​ខ្លាំង
យើង​ដាក់​ទោស​គេ​យ៉ាង​សែន​វេទនា
យើង​នឹង​បង្ហូរ​ឈាម​របស់​គេ​នៅ​លើ​ផែន‌ដី។

ការ​រំឭក​ពី​ព្រះ‌ហឫ‌ទ័យ​អាណិត​មេត្តា​របស់​ព្រះ‌អម្ចាស់

 ខ្ញុំ​សូម​រំឭក​ពី​អំពើ​ដ៏​សប្បុរស​របស់​ព្រះ‌អម្ចាស់
ខ្ញុំ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់
ចំពោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន
ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​មក​លើ​យើង។
ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ច‌ការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល
ព្រះ‌អង្គ​ប្រទាន​មក​ជន​ជាតិ​អ៊ីស្រា‌អែល
គឺ​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ចំពោះ​ពួក​គេ
ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា​ដ៏​លើស‌លប់
និង​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ពន់​ប្រមាណ។
៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:
អ្នក​ទាំង​នោះ​ពិត​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​មែន
ពិត​ជា​កូន​ចៅ​ដែល​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត!
ព្រះ‌អង្គ​តែង‌តែ​សង្គ្រោះ​ពួក​គេ​ជា‌និច្ច
៩ គ្រប់​ពេល​ពួក​គេ​មាន​អាសន្ន
ព្រះ‌អង្គ​មិន​ប្រើ​ទេវទូត ឬ​នរណា​ផ្សេង​ទៀត
ឲ្យ​មក​សង្គ្រោះ​គេ​ទេ
គឺ​ព្រះ‌អង្គ​បាន​សង្គ្រោះ​ពួក​គេ
ដោយ​ផ្ទាល់​ព្រះ‌អង្គ។
ព្រះ‌អង្គ​បាន​លោះ​ពួក​គេ
ដោយ​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់
និង​ព្រះ‌ហឫ‌ទ័យ​មេត្តា​ករុណា។
ព្រះ‌អង្គ​គាំ‌ទ្រ លើក​ស្ទួយ​ពួក​គេ ជា​រៀង‌រាល់​ថ្ងៃ
តាំង​ពី​ដើម​រៀង​មក។
១០ ក៏​ប៉ុន្តែ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​តែង‌តែ
នាំ​គ្នា​បះ‌បោរ
ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ
ខក​ព្រះ‌ហឫ‌ទ័យ
ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ
គឺ​ព្រះ‌វិញ្ញាណ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។
១១ ពេល​នោះ ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​នឹក​ដល់
ជំនាន់​លោក​ម៉ូសេ។
តើ​ព្រះ‌អង្គ​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ
ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ
ព្រះ‌អង្គ​នៅ​ឯ​ណា?
តើ​ព្រះ‌អង្គ​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ
ឲ្យ​គង់​នៅ​ជា​មួយ​ពួក​គេ ព្រះ‌អង្គ​នៅ​ឯ​ណា?
១២ ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​លោក​ម៉ូសេ
ហើយ​សម្ដែង​ព្រះ‌បារមី​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង
ញែក​ទឹក​សមុទ្រ​នៅ​មុខ​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ
ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ
រហូត​ត​រៀង​ទៅ។
១៣ ព្រះ‌អង្គ​នាំ​ពួក​គេ​ដើរ​កាត់​បាត​សមុទ្រ
ដូច​សេះ​បោល​នៅ​វាល​រហោ‌ស្ថាន
គេ​មិន​ជំពប់​ដួល​ឡើយ។
១៤ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​នាំ​ពួក​គេ​ឆ្ពោះ
ទៅ​កាន់​ទី​សម្រាក ដូច​ហ្វូង​ចៀម​ចុះ​ទៅ​សម្រាក
នៅ​តាម​ជ្រលង​ភ្នំ​ដែរ។
ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ដឹក​នាំ
ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​បែប​នេះ
ដើម្បី​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​បាន​ល្បី‌ល្បាញ
ថ្កុំ‌ថ្កើង​រុង‌រឿង។
១៥ សូម​ព្រះ‌អង្គ​ទត​មើល​ពី​លើ​មេឃ
គឺ​ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ និង​ថ្កុំ‌ថ្កើង​រុង‌រឿង​របស់​ព្រះ‌អង្គ។
ឯ​ណា​ទៅ ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​ដ៏​ខ្លាំង​បំផុត
និង​ភាព​អង់‌អាច​របស់​ព្រះ‌អង្គ!
ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ
លែង​អាណិត​មេត្តា
លែង​អាណិត‌អាសូរ​ទូល‌បង្គំ​ដូច្នេះ!
១៦ បពិត្រ​ព្រះ‌អម្ចាស់
ព្រះ‌អង្គ​ពិត​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។
លោក​អប្រាហាំ​ពុំ​ដែល​បាន​ស្គាល់​យើង​ខ្ញុំ​ទេ
លោក​អ៊ីស្រា‌អែល​ក៏​ពុំ​ដែល​បាន​ឃើញ
យើង​ខ្ញុំ​ដែរ គឺ​មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ
ហើយ​តាំង​ពី​ដើម​រៀង​មក យើង​តែង​ហៅ
ព្រះ‌អង្គ​ថា​ជា​ព្រះ​ដែល​លោះ​យើង​ខ្ញុំ។
១៧ ព្រះ‌អម្ចាស់​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ
បណ្តោយ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ឆ្ងាយ​ពី​មាគ៌ា
របស់​ព្រះ‌អង្គ​ដូច្នេះ?
ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បណ្តោយ​ឲ្យ​យើង​ខ្ញុំ
មាន​ចិត្ត​រឹង‌រូស​មិន​ព្រម​គោរព​កោត​ខ្លាច
ព្រះ‌អង្គ​ដូច្នេះ?
សូម​យាង​មក​វិញ
សូម​រក​យុត្តិ‌ធម៌​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ
និង​ជា​កុល‌សម្ព័ន្ធ​ផ្ទាល់​របស់​ព្រះ‌អង្គ​ផង។
១៨ យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
មិន​បាន​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះ​យូរ​ប៉ុន្មាន​ទេ
ខ្មាំង​សត្រូវ​បាន​មក​ជាន់​ឈ្លី​ទី​សក្ការៈ
របស់​ព្រះ‌អង្គ។
១៩ តាំង​ពី​យូរ​ណាស់​មក​ហើយ
យើង​ខ្ញុំ​ជា​ប្រជា‌រាស្ដ្រ
ដែល​ព្រះ‌អង្គ​លែង​គ្រប់‌គ្រង
ព្រះ‌អង្គ​លែង​រាប់​យើង​ខ្ញុំ​ទុក​ជា​ប្រជា‌រាស្ដ្រ
របស់​ព្រះ‌អង្គ។
សូម​ព្រះ‌អង្គ​ហែក​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក!
ពេល​នោះ ភ្នំ​ទាំង‌ឡាយ​មុខ​ជា​កក្រើក
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ។