ហូសេ ១០

Written on 18/12/2025
Boy KANN

ការ​វិនាស​របស់​អាណា‌ចក្រ​អ៊ីស្រា‌អែល
  ពី​ដើម ប្រជាជន​អ៊ីស្រា‌អែល
    ប្រៀប​ដូច​ជា​ចម្ការ​ទំពាំង‌បាយ‌ជូរ
    ដែល​ដុះ​ទ្រុប‌ទ្រុល ហើយ​បង្កើត​ផ្លែ​ជា​ច្រើន។
    ប៉ុន្តែ ផ្លែ​ចម្រើន​ឡើង​យ៉ាង​ណា
    ចំនួន​អាសនៈ​សម្រាប់​ព្រះ​ក្លែង‌ក្លាយ
    ក៏​កើន​ឡើង​ច្រើន​យ៉ាង​នោះ​ដែរ។
    ស្រុក​របស់​គេ​កាន់​តែ​ល្អ​យ៉ាង​ណា
    គេ​ក៏​តុប‌តែង​ស្តូប​សម្រាប់​ព្រះ​ក្លែង‌ក្លាយ
    កាន់​តែ​ល្អ​ឡើងៗ​យ៉ាង​នោះ​ដែរ។
២  ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ
    ពួក​គេ​ត្រូវ​តែ​ទទួល​ទោស
    គឺ​ព្រះ‌អម្ចាស់​នឹង​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ
    ព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។
៣  ឥឡូវ​នេះ ពួក​គេ​និយាយ​គ្នា​ថា:
    «យើង​គ្មាន​ស្តេច​ទេ ព្រោះ​យើង​មិន​បាន
    គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់
    (ប៉ុន្តែ ប្រសិន​បើ​យើង​មាន​ស្តេច
    តើ​ស្តេច​អាច​ជួយ​យើង​បាន​ឬ​ទេ?)»។
៤  ពួក​គេ​ពោល​ពាក្យ​ឥត​បាន​ការ
    និយាយ​ស្បថ​បំពាន
    ហើយ​នាំ​គ្នា​ចុះ​សន្ធិ‌សញ្ញា​ទៀត​ផង។
    ប៉ុន្តែ ចំពោះ​ពួក​គេ យុត្តិ‌ធម៌​ប្រៀប​បាន​នឹង
    ពន្លក​តិណ‌ជាតិ​មាន​ជាតិ​ពុល
    ដុះ​នៅ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ​រាស់។
៥  អ្នក​ក្រុង​សាម៉ារី​នឹង​ភ័យ​តក់‌ស្លុត
    ព្រោះ​តែ​រូប​គោ​ញី​ដែល​គេ​គោរព
    នៅ​បេត-‌អាវេន
    ប្រជាជន និង​ពួក​បូជា‌ចារ្យ​ដែល​គោរព​បូជា
    រូប​កូន​គោ នាំ​គ្នា​ធ្វើ​ពិធី​កាន់​ទុក្ខ។
    ទុក​ឲ្យ​ពួក​គេ​លើក​តម្កើង​រូប​កូន​គោ​ទៅ
    ព្រោះ​បន្តិច​ទៀត រូប​កូន​គោ​នឹង​ត្រូវ​ដក​ចេញ
    ពី​ចំណោម​ពួក​គេ។
៦  គេ​នឹង​យក​រូប​កូន​គោ​នេះ​ទៅ​ស្រុក​អាស្ស៊ីរី
    ថ្វាយ​ព្រះ‌ចៅ​អធិរាជ។
    អេប្រា‌អ៊ីម​នឹង​ត្រូវ​អាម៉ាស់
    អ៊ីស្រា‌អែល​នឹង​ត្រូវ​បាក់​មុខ
    ព្រោះ​តែ​នយោ‌បាយ​របស់​ខ្លួន។
៧  អ្នក​ក្រុង​សាម៉ារី និង​ស្តេច​របស់​គេ​ប្រៀប​បី​ដូច
    កម្ទេច​ឈើ​អណ្ដែត‌ត្រសែត​នៅ​លើ​ផ្ទៃ​ទឹក។
៨  ចំណែក​ឯ​ទី​សក្ការៈ​ទាំង‌ឡាយ​នៅ​អាវេន
    ជា​កន្លែង​ដែល​ប្រជាជន​អ៊ីស្រា‌អែល
    ប្រព្រឹត្ត​អំពើ​បាប ក៏​ត្រូវ​បំផ្លាញ​ចោល​ដែរ។
    រពាក់ និង​អញ្ចាញ នឹង​ដុះ​លើ​អាសនៈ​របស់​គេ។
    ពេល​នោះ គេ​នឹង​និយាយ​ទៅ​កាន់​ភ្នំ​ធំៗ​ថា:
    ចូរ​ជួយ​លាក់​យើង​ខ្ញុំ​ផង!
    ហើយ​គេ​ក៏​និយាយ​ទៅ​កាន់​ភ្នំ​តូចៗ​ថា:
    ចូរ​រលំ​សង្កត់​លើ​យើង​ខ្ញុំ​មក!។
៩  ចាប់​តាំង​ពី​គ្រា​នៅ​គីបា អ៊ីស្រា‌អែល​ចេះ​តែ
    ប្រព្រឹត្ត​អំពើ​បាប ឥត​រាង‌ចាល​ឡើយ។
    ដូច្នេះ គួរ​ឲ្យ​សង្គ្រាម​កើត​មាន​នៅ​គីបា
    សម្រាប់​ដាក់​ទោស​ជន‌ពាល!
១០ យើង​នឹង​ធ្វើ​ទោស​ពួក​គេ តាម​ចិត្ត​យើង
    ជាតិ​សាសន៍​នានា​នឹង​លើក​គ្នា​មក​វាយ​ពួក​គេ
    ដើម្បី​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​កំហុស
    ទាំង​ពីរ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត។
១១ អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​គោ​ញី
    ដែល​គេ​បង្ហាត់​ឲ្យ​ចូល​ចិត្ត​បញ្ជាន់​ស្រូវ
    ពេល​យើង​ឃើញ ក​របស់​អេប្រា‌អ៊ីម​មាំ​ល្អ​ដូច្នេះ
    យើង​ទឹម​អេប្រា‌អ៊ីម
    យូដា​កំពុង​ភ្ជួរ ហើយ​យ៉ាកុប​កំពុង​រាស់។
១២ ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ
    ចូរ​នាំ​គ្នា​សាប‌ព្រោះ​សេចក្ដី​សុចរិត
    អ្នក​រាល់​គ្នា​នឹង​ច្រូត​បាន​ភក្តី‌ភាព​យ៉ាង​បរិបូណ៌!
    ចូរ​កាប់​គាស់​ដី​ចម្ការ​ថ្មី!
    ដល់​ពេល​ត្រូវ​ស្វែង​រក​ព្រះ‌អម្ចាស់​ហើយ
    គឺ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ព្រះ‌អង្គ​យាង​មក
    ចាក់​បង្ហូរ​សេចក្ដី​សុចរិត​លើ​អ្នក​រាល់​គ្នា។
១៣ អ្នក​រាល់​គ្នា​សាប‌ព្រោះ​អំពើ​អាក្រក់
    នោះ​អ្នក​រាល់​គ្នា​ទទួល​ផល​ជា​អំពើ​ទុច្ចរិត
    ហើយ​អ្នក​រាល់​គ្នា​នឹង​បរិភោគ​ផ្លែ​បោក‌ប្រាស់។
    អ្នក​បាន​ពឹង​ផ្អែក​លើ​រទេះ​ចម្បាំង
    និង​លើ​ចំនួន​ទាហាន​ដ៏​អង់‌អាច​របស់​អ្នក។
១៤ ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮ
    ក្នុង​កង‌ទ័ព​របស់​អ្នក
    ទី‌ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក
    នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្តេច​សាល់‌ម៉ន
    បាន​បំផ្លាញ​ក្រុង​បេត-‌អាបិល
    នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម
    គេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។
១៥ នេះ​ជា​ផល​វិបាក​នៃ​អំពើ​អាក្រក់​ដ៏​ហួស​ហេតុ
    ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​នៅ​បេត‌អែល។
    នៅ​ពេល​ថ្ងៃ​រះ ស្តេច​ស្រុក​អ៊ីស្រា‌អែល​នឹង​ត្រូវ
    វិនាស​សូន្យ។