អ៊ីស្រាអែលប្រៀបបាននឹងអុសដែលគេដុត
១ ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ ២ «កូនមនុស្សអើយ តើដើមទំពាំងបាយជូរជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំងបាយជូរល្អជាងមែកឈើឯទៀតៗឬ?។ ៣ តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ?។ ៤ គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត?។ ៥ កាលវានៅទាំងមូល គេយកទៅប្រើការអ្វីមិនបានផង ចុះទម្រាំបើត្រូវភ្លើងឆេះអស់ នោះវារឹងរឹតតែលែងបានការ!»។
៦ ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គេយកអុសទំពាំងបាយជូរពីចំណោមឈើឯទៀតៗនៅក្នុងព្រៃទៅដុតយ៉ាងណា យើងក៏ដាក់ទោសអ្នកក្រុងយេរូសាឡឹមយ៉ាងនោះដែរ។ ៧ យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្តី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន! ៨ យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាទីស្មសាន ព្រោះពួកគេបាននាំគ្នាក្បត់យើង»-នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។

