កថាបន្ថែម
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡឹម
(យរ.៣៩.៤-៧, ២ពង្ស ២៤.១៨-២៥.៧)
១ ពេលព្រះបាទសេដេខ្យាសឡើងសោយរាជ្យ ព្រះអង្គមានជន្មាយុម្ភៃមួយព្រះវស្សា ព្រះអង្គសោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា ហាមូតាល់ ជាកូនរបស់លោកយេរេមីយ៉ា ដែលជាអ្នកស្រុកលីបណា។ ២ ព្រះបាទសេដេខ្យាសប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទយ៉ូយ៉ាគីមដែរ។ ៣ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែព្រះអង្គបោះបង់ចោលពួកគេឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។
នៅគ្រានោះ ព្រះបាទសេដេខ្យាសបានបះបោរប្រឆាំងនឹងស្តេចស្រុកបាប៊ីឡូន។ ៤ ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះបាទសេដេខ្យាស នៅថ្ងៃទីដប់នៃខែទីដប់ ព្រះចៅនេប៊ូកានេសារជាស្តេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ ៥ ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេខ្យាស។
៦ នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ ៧ ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្តី ក៏ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ ៨ កងទ័ពខាល់ដេនាំគ្នាដេញតាមព្រះបាទសេដេខ្យាសទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្តេចរត់បែកខ្ញែកគ្នាអស់។ ៩ ទាហានខាល់ដេចាប់ស្តេចបញ្ជូនទៅព្រះចៅនេប៊ូកានេសារនៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ព្រះចៅនេប៊ូកានេសារប្រកាសកាត់ទោសព្រះបាទសេដេខ្យាស។ ១០ ស្តេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រទាំងអស់របស់ព្រះបាទសេដេខ្យាស នៅចំពោះព្រះភ័ក្ត្រព្រះបាទសេដេខ្យាស។ ស្តេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។ ១១ បន្ទាប់មក ព្រះចៅនេប៊ូកានេសារឲ្យគេចាក់ភ្នែកព្រះបាទសេដេខ្យាស រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្តេចស្រុកបាប៊ីឡូននាំព្រះបាទសេដេខ្យាសទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃសុគត។
១២ នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ជាស្តេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដន ជារាជប្រតិភូដែលបម្រើស្តេចស្រុកបាប៊ីឡូន មកដល់ក្រុងយេរូសាឡឹម។ ១៣ លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្តេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ ១៤ កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
១៥ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្តេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ ១៦ ប៉ុន្តែ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ ទុកឲ្យជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
១៧ ជនជាតិខាល់ដេកម្ទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ ១៨ ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ ១៩ លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ ២០ រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលព្រះបាទសាឡូម៉ូនបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ ២១ សសរទីមួយមានកម្ពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកម្រាស់បួនហ៊ុន។ ២២ នៅពីលើសសរមានក្បាច់ក្បាលសសរមួយធ្វើពីលង្ហិន ដែលមានកម្ពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរ មានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ ២៣ មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
២៤ លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមបូជាចារ្យ លោកសេផានី ជាបូជាចារ្យរង ព្រមទាំងអ្នកយាមទ្វារព្រះវិហារបីនាក់យកទៅជាមួយ។ ២៥ លោកក៏ចាប់មហាតលិកមួយរូបដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីររូប ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ ២៦ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅថ្វាយស្តេចស្រុកបាប៊ីឡូននៅរីបឡា។ ២៧ ស្តេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
២៨ ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន ៣ ០២៣ នាក់។ ២៩ ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ ស្តេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២ នាក់។ ៣០ ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះចៅនេប៊ូកានេសារ លោកនេប៊ូសារ៉ាដន ជារាជប្រតិភូ កៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន ៧៤៥ នាក់។ សរុបទាំងអស់ មានចំនួន ៤ ៦០០ នាក់។
៣១ នៅថ្ងៃទីម្ភៃប្រាំ ខែទីដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្តេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-ម៉ារ៉ាដុក ជាស្តេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-ម៉ារ៉ាដុក ដោះលែងព្រះបាទយ៉ូយ៉ាគីនឲ្យមានសេរីភាព។ ៣២ ស្តេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្តេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ ៣៣ ស្តេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់ព្រះជន្ម។ ៣៤ ស្តេចស្រុកបាប៊ីឡូនទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃព្រះអង្គសោយទិវង្គត។

