យេរេមី ៤៩

Written on 18/12/2025
Boy KANN

ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​អាំម៉ូន
  នេះ​ជា​ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​អាំម៉ូន។
    ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖
    «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ?
    ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡេក​មក​កាន់​កាប់​ទឹក​ដី
    កាដ​ដូច្នេះ?
    ហេតុ​អ្វី​បាន​ប្រជាជន​របស់​ព្រះ​ម៉ូឡេក
    មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?
២  ហេតុ​នេះ នៅ​គ្រា​ខាង​មុខ
    យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់
    ជន​ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបា
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ
    វិនាស​ដោយ​ភ្លើង។
    ពេល​នោះ អ៊ីស្រា‌អែល​នឹង​យក​ទឹក​ដី​ដែល
    ជន​ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៣  អ្នក​ក្រុង​ហេស‌បូន​អើយ ចូរ​ស្រែក​យ៉ាង​ខ្លាំង​ទៅ
    ដ្បិត​ក្រុង​អៃ​វិនាស​សូន្យ​ហើយ!
    អ្នក​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​រ៉ាបា​អើយ
    ចូរ​ស្រែក​ទ្រហោ​យំ ចូរ​នាំ​គ្នា​ស្លៀក​បាវ​កាន់​ទុក្ខ
    ចូរ​រត់​ទៅ​រត់​មក តាម​បណ្តោយ​កំពែង​ក្រុង
    ដ្បិត​ម៉ូឡេក​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
    ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ
    ជា​មួយ​ពួក​បូជា‌ចារ្យ និង​ពួក​មន្ត្រី។
៤  ប្រជាជន​ដែល​បះ‌បោរ​អើយ
    ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​អួត​ខ្លួន​អំពី​ជ្រលង​ភ្នំ
    របស់​អ្នក​ដូច្នេះ?
    ជ្រលង​ភ្នំ​នេះ​ជិត​វិនាស​អន្តរាយ​ហើយ។
    អ្នក​ទុក​ចិត្ត​លើ​ទ្រព្យ‌សម្បត្តិ​របស់​ខ្លួន
    ដោយ​ពោល​ថា
    “តើ​នរណា​ហ៊ាន​មក​វាយ​ប្រហារ​ខ្ញុំ?”។
៥  យើង​នឹង​ធ្វើ​ឲ្យ​ភយន្ដ‌រាយ​ពី​គ្រប់​ទិស‌ទី
    កើត​មាន​ដល់​អ្នក
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់​នៃ
    ពិភព​ទាំង​មូល។
    អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ ម្នាក់ៗ​រត់​ប្រាស​អាយុ
    គ្មាន​នរណា​ប្រមូល​ផ្តុំ​អ្នក​រាល់​គ្នា​ឡើង​វិញ​ទេ។
៦  ប៉ុន្តែ ក្រោយ​មក
    យើង​នឹង​ស្តារ​ស្រុក​អាំម៉ូន​ឡើង​វិញ»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​អេដុម

៧  នេះ​ជា​ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេដុម។
    ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «តើ​នៅ​ក្រុង​តេម៉ន​លែង​មាន​ប្រាជ្ញា​ហើយ​ឬ?
    តើ​ប្រជាជន​នៅ​ក្រុង​នេះ​បាត់​បង់
    គំនិត​យោបល់​អស់​ហើយ​ឬ?
    តើ​ពួក​គេ​អាប់​ប្រាជ្ញា​ឬ?
៨  អ្នក​ក្រុង​ដេដន​អើយ
    ចូរ​នាំ​គ្នា​រត់ ចូរ​ចាក​ចេញ​ពី​ទី​នេះ
    ចូរ​នាំ​គ្នា​ពួន​ក្នុង​រូង​ភ្នំ​ទៅ!
    ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន
    ដល់​ពូជ‌ពង្ស​របស់​អេសាវ
    គឺ​ដល់​ពេល​យើង​វិនិច្ឆ័យ​ទោស​គេ​ហើយ។
៩  ប្រសិន​បើ​ពួក​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ
    មក​ដល់​ស្រុក​អ្នក
    គេ​មិន​ទុក​ឲ្យ​មាន​ផ្លែ​នៅ​សល់​ឡើយ។
    ប្រសិន​បើ​ពួក​ចោរ​ចូល​ប្លន់​អ្នក​នៅ​ពេល​យប់
    គេ​នឹង​យក​អ្វីៗ​ដែល​គេ​អាច​យក​បាន។
១០ យើង​នឹង​យក​អ្វីៗ​ទាំង​អស់​ចេញ​ពី​អេសាវ
    យើង​នឹង​បើក​កកាយ​កន្លែង​ដែល​គេ​ពួន
    គឺ​គេ​ពុំ​អាច​ពួន​ត​ទៅ​ទៀត​ឡើយ។
    ពូជ‌ពង្ស បង‌ប្អូន ព្រម​ទាំង​អ្នក​ជិត​ខាង​របស់​គេ
    នឹង​ត្រូវ​អន្តរាយ។
    គ្មាន​នៅ​សល់​នរណា​ម្នាក់​ពោល​ថា:
១១ “កុំ​ព្រួយ​បារម្ភ​នឹង​កូន​អ្នក​ដែល​នៅ​កំព្រា​ឡើយ
    ខ្ញុំ​នឹង​ចិញ្ចឹម​ពួក​វា
    ប្រពន្ធ​របស់​អ្នក​ដែល​នៅ​មេម៉ាយ
    ក៏​អាច​ទុក​ចិត្ត​លើ​ខ្ញុំ​ដែរ”»។
១២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​អ្នក​ដែល​មិន​ត្រូវ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក​នេះ ក៏​យើង​ដាក់​ទោស​ឲ្យ​ផឹក​ដែរ។ ចុះ​អ្នក​វិញ តើ​អ្នក​ស្មាន​ថា​អាច​រួច​ខ្លួន​ឬ? ទេ អ្នក​ពុំ​អាច​រួច​ខ្លួន​ឡើយ អ្នក​ត្រូវ​តែ​ផឹក! ១៣ យើង​សុំ​ស្បថ​ក្នុង​នាម​យើង​ផ្ទាល់​ថា ក្រុង​បូសរ៉ា​នឹង​ត្រូវ​វិនាស​អន្តរាយ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​ជា​គំនរ​បាក់​បែក។ ប្រជាជន​ឯ​ទៀតៗ​នឹង​យក​ឈ្មោះ​ក្រុង​នេះ​ទៅ​ជេរ​ប្រមាថ និង​ដាក់​បណ្ដាសា​គ្នា។ ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជុំ‌វិញ​ក្រុង​បូសរ៉ា នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក​រហូត​ត​ទៅ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៤ ព្រះ‌អម្ចាស់ប្រទាន​ដំណឹង​មក​ខ្ញុំ
    ព្រះ‌អង្គ​ចាត់​អ្នក​នាំ​ពាក្យ​ម្នាក់​ឲ្យ​ទៅ
    ប្រកាស​ហៅ​ប្រជា‌ជាតិ​នានា​ថា
    ចូរ​ប្រមូល​គ្នា​មក​ប្រហារ​ស្រុក​អេដុម
    ចូរ​ក្រោក​ឡើង វាយ​លុក​ស្រុក​នេះ​ទៅ!
១៥ «អេដុម​អើយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ
    ជា​ប្រជា‌ជាតិ​មួយ​តូច​ជាង​គេ
    ជា​ប្រជា‌ជាតិ​ដែល​មនុស្ស​លោក​មើល‌ងាយ។
១៦ ចិត្ត​អួត‌អាង​របស់​អ្នក​បញ្ឆោត​ខ្លួន​ឯង
    តែ​គ្មាន​នរណា​ខ្លាច​អ្នក ដូច​អ្នក​នឹក​ស្មាន​នោះ​ទេ
    អ្នក​រស់​នៅ​តាម​ក្រហែង​ថ្ម និង​នៅ​តាម​កំពូល​ភ្នំ
    ប៉ុន្តែ ទោះ​បី​អ្នក​លើក​ទ្រនំ​របស់​អ្នក
    ឲ្យ​ខ្ពស់​ដូច​ទ្រនំ​សត្វ​ឥន្ទ្រី​ក្តី
    ក៏​យើង​នឹង​ច្រាន​អ្នក​ឲ្យ​ធ្លាក់​ចុះ​ដល់​ដី​ដែរ»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៧ «ស្រុក​អេដុម​នឹង​វិនាស​ហិន‌ហោច អស់​អ្នក​ដែល​ដើរ​ក្បែរ​នោះ​នឹង​ព្រឺ​សម្បុរ ហើយ​ស្រឡាំង‌កាំង ដោយ​ឃើញ​សំណល់​បាក់​បែក​ទាំង​ប៉ុន្មាន។ ១៨ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ស្រុក​អេដុម​ប្រៀប​បាន​នឹង​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ក្រុង​ឯ​ទៀតៗ​នៅ​ជុំ‌វិញ ដែល​ត្រូវ​វិនាស​អន្តរាយ គឺ​នឹង​គ្មាន​ប្រជាជន​រស់​នៅ ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ​នៅ​ដែរ។
១៩ សត្វ​សិង្ហ​លោត​ចេញ​ពី​មាត់​ទន្លេ​យ័រដាន់
    ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​រហ័ស​យ៉ាង​ណា
    យើង​ក៏​នឹង​ធ្វើ​ឲ្យ​ប្រជាជន​រត់​ចេញ​ពី
    ស្រុក​អេដុម​រហ័ស​យ៉ាង​នោះ​ដែរ។    
    យើង​នឹង​តែង‌តាំង​អ្នក​គ្រប់‌គ្រង​ដែល​យើង​បាន
    ជ្រើស‌រើស​ឲ្យ​គ្រប់‌គ្រង​លើ​ស្រុក​នេះ។
    តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​យើង?
    តើ​នរណា​ហ៊ាន​ប្ដឹង​យើង?
    តើ​អ្នក​ដឹក​នាំ​ណា​អាច​ប្រឆាំង​នឹង​យើង?»។
 
២០ ហេតុ​នេះ ចូរ​នាំ​គ្នា​ស្ដាប់​អំពី​ការ​ដែល
    ព្រះ‌អម្ចាស់​សម្រេច​ធ្វើ​ចំពោះ​ស្រុក​អេដុម
    និង​គម្រោង‌ការ​ដែល​ព្រះ‌អង្គ​គ្រោង​ទុក
    ដើម្បី​ដាក់​ទោស​អ្នក​ក្រុង​តេម៉ន!
    សត្រូវ​ពិត​ជា​នាំ​អ្នក​ស្រុក​នេះ​ចេញ​ទៅ
    ដូច​កូន​ចៀម​ដែល​គេ​កៀរ​យក​ទៅ
    ព្រម​ទាំង​បំផ្លាញ​ស្រុក​ភូមិ​របស់​ពួក​គេ
    ឲ្យ​ហិន‌ហោច​ទៀត​ផង។
២១ ពេល​ស្រុក​អេដុម​រលំ ផែន‌ដី​ក៏​កក្រើក
    សម្រែក​របស់​គេ​លាន់​ឮ​រហូត​ដល់​សមុទ្រ​កក់។
២២ សត្រូវ​មក​វាយ​ប្រហារ
    ដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ា
    នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច
    នៃ​ជន​ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់
    ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន»។

ព្រះ‌បន្ទូល​ស្តី​អំពី​ក្រុង​ដាម៉ាស់

២៣ នេះ​ជា​ព្រះ‌បន្ទូល​ស្តី​អំពី​ក្រុង​ដាម៉ាស់។
    «អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អារប៉ាដ
    ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ
    ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង
    ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល
    គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយ។
២៤ អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្ត
    ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន
    ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់
    អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។
២៥ តើ​ក្រុង​ដ៏​ល្បី‌ល្បាញ ក្រុង​ដ៏​សប្បាយ​នេះ
    ត្រូវ​គេ​បោះ​បង់​ចោល​មែន​ឬ?
២៦ នៅ​ថ្ងៃ​នោះ ពួក​យុវជន​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
    ទាហាន​ទាំង​អស់​ក៏​បាត់​បង់​ជីវិត​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
២៧ យើង​នឹង​ដុត​កំពែង​ក្រុង​ដាម៉ាស់
    ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​វិមាន​របស់
    ស្តេច​បេនហា‌ដាដ»។
ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​កេដារ
២៨ នេះ​ជា​ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​កេដារ និង​នគរ​ទាំង​ប៉ុន្មាន​នៅ​ហាត់ស៊រ ដែល​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន វាយ​យក​បាន។
    ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ចូរ​ក្រោក​ឡើង ទៅ​វាយ​លុក​ស្រុក​កេដារ
    ចូរ​កម្ទេច​ពួក​អ្នក​ស្រុក​ខាង​កើត​នោះ
    ឲ្យ​អន្តរាយ​ទៅ!
២៩ ចូរ​ដណ្ដើម​យក​ជំរំ និង​ហ្វូង​សត្វ​របស់​ពួក​គេ
    ព្រម​ទាំង​យក​ក្រណាត់​ដ៏​ក្រាស់ៗ
    អីវ៉ាន់ និង​ហ្វូង​អូដ្ឋ​របស់​ពួក​គេ​ដែរ។
    ចូរ​ស្រែក​ដាក់​ពួក​គេ​ថា
    ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង!
៣០ អ្នក​ស្រុក​ហាត់ស៊រ​អើយ
    ចូរ​នាំ​គ្នា​រត់​គេច​ខ្លួន​យ៉ាង​លឿន
    ហើយ​ពួន​ក្នុង​រូង​ភ្នំ​ទៅ!
    ដ្បិត​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន
    បាន​សម្រេច​រៀប‌ចំ​គម្រោង‌ការ​វាយ​ប្រហារ
    អ្នក​រាល់​គ្នា​ហើយ។
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៣១ ចូរ​ក្រោក​ឡើង​ទៅ​វាយ​លុក​ប្រជា‌ជាតិ
    ដែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​កង្វល់​អ្វី
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
    ដ្បិត​ទី​លំ‌នៅ​របស់​គេ គ្មាន​ទ្វារ គ្មាន​រនុក​ទេ
    គេ​រស់​នៅ​ដាច់​តែ​ឯង។
៣២ ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេ
    ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន
    របស់​ពួក​គេ ទុក​ជា​ជ័យ‌ភ័ណ្ឌ​ទៀត​ផង។
    យើង​នឹង​កម្ចាត់​ប្រជាជន​ដែល​កោរ​ជើង​សក់
    ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់
    យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទី
    កើត​មាន​ដល់​ពួក​គេ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៣៣ ស្រុក​ហាត់ស៊រ​នឹង​ក្លាយ​ទៅ​ជា​ជម្រក​របស់​ឆ្កែ​ព្រៃ
    ជា​ទី​ស្មសាន​រហូត​ត​ទៅ
    គឺ​នឹង​គ្មាន​ប្រជាជន​រស់​នៅ
    ហើយ​ក៏​គ្មាន​មនុស្ស​ណា​មក​ជ្រក​អាស្រ័យ
    នៅ​ទៀត​ដែរ»។
ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេឡាំ
៣៤ នៅ​ដើម​រជ្ជកាល​ព្រះ‌បាទ​សេដេខ្យាស ជា​ស្តេច​ស្រុក​យូដា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​យេរេមី ស្តី​អំពី​ស្រុក​អេឡាំ​ដូច​ត​ទៅ:
៣៥ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​កាច់​បំបាក់​ធ្នូ ជា​អាវុធ​ដ៏​ល្បី‌ល្បាញ
    របស់​ជន​ជាតិ​អេឡាំ។
៣៦ យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស
    បក់​មក​លើ​ស្រុក​អេឡាំ
    យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កម្ចាត់​ពួក​គេ
    ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី
    ជន​ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម
    ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។
៣៧ យើង​នឹង​ធ្វើ​ឲ្យ​ជន​ជាតិ​អេឡាំ​ញ័រ​រន្ធត់
    នៅ​ចំពោះ​មុខ​ខ្មាំង​សត្រូវ និង​នៅ​ចំពោះ​មុខ
    អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។
    យើង​នឹង​នាំ​ទុក្ខ​វេទនា​មក​លើ​ពួក​គេ
    ដោយ​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
    យើង​នឹង​ឲ្យ​ដាវ​ទៅ​តាម​ប្រហារ​ពួក​គេ
    រហូត​ទាល់​តែ​ប្រល័យ​ជីវិត​ពួក​គេ
    អស់​គ្មាន​សល់។
៣៨ យើង​នឹង​មក​គ្រង​រាជ្យ​លើ​ស្រុក​អេឡាំ
    យើង​នឹង​ប្រហារ​ជីវិត​ស្តេច និង​នាម៉ឺន​របស់​ពួក​គេ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-
៣៩ ប៉ុន្តែ នៅ​គ្រា​ក្រោយ
    យើង​នឹង​ស្តារ​ស្រុក​អេឡាំ​ឡើង​វិញ»។