យេរេមី ៤៧

Written on 18/12/2025
Boy KANN

ព្រះ‌បន្ទូល​ស្តី​អំពី​ជន​ជាតិ​ភីលី‌ស្ទីន
 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​មក​កាន់​លោក​យេរេមី ស្តី​អំពី​ជន​ជាតិ​ភីលី‌ស្ទីន មុន​ពេល​ព្រះ‌ចៅ​ផារ៉ោន​មក​វាយ​ក្រុង​កាសា។
  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «មាន​ទឹក​ជន់​ឡើង​នៅ​ទិស​ខាង​ជើង
    ហើយ​ក្លាយ​ទៅ​ជា​ទន្លេ​ហូរ​យ៉ាង​ខ្លាំង
    លិច​ស្រុក និង​អ្វីៗ​ដែល​នៅ​ក្នុង​ស្រុក
    លិច​ក្រុង​នានា និង​ប្រជាជន​នៅ​ក្នុង​ក្រុង។
    មនុស្ស‌ម្នា​នាំ​គ្នា​ស្រែក
    អ្នក​ស្រុក​ទាំង​មូល​បន្លឺ​សំឡេង​យ៉ាង​រន្ធត់
៣  ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ
    និង​សន្ធឹក​កង់​រទេះ​ចម្បាំង​លាន់​ឮ​យ៉ាង​ទ្រហឹង
    អឹង‌អាប់​ដូច​ផ្គរ‌លាន់។
    ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើល
    មក​កូន​របស់​ខ្លួន​ទៀត។
៤  ថ្ងៃ​ដែល​ស្រុក​ភីលី‌ស្ទីន​ត្រូវ​ហិន‌ហោច
    បាន​មក​ដល់​ហើយ!
    ថ្ងៃ​នោះ អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន
    លែង​មាន​នរណា​អាច​ជួយ​ទៀត​ឡើយ
    ដ្បិត​ព្រះ‌អម្ចាស់​កម្ទេច​ស្រុក​ភីលី‌ស្ទីន
    គឺ​ពួក​អ្នក​ដែល​នៅ​សេស‌សល់​ពី​កោះ​កាបទ័រ។
៥  ក្រុង​កាសា​គ្មាន​នៅ​សល់​អ្វី​សោះ
    ក្រុង​អាស្កា‌ឡូន​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ។
    អ្នក​ស្រុក​វាល​ទំនាប​ដែល​នៅ​សេស‌សល់​អើយ
    តើ​អ្នក​នៅ​តែ​ឆូត​សាច់​របស់​ខ្លួន
    ដល់​កាល​ណា​ទៀត?
៦  អ្នក​រាល់​គ្នា​ពោល​ថា “ដាវ​របស់​ព្រះ‌អម្ចាស់​អើយ
    ដល់​ពេល​ណា​ទើប​សម្រាក?
    ចូរ​ចូល​ទៅ​ក្នុង​ស្រោម​វិញ
    ហើយ​សម្រាក​ឲ្យ​ស្ងៀម​ទៅ!”
៧  បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារ
    ក្រុង​អាស្កា‌ឡូន
    និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ
    តើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន?
    វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។