យេរេមី ១២

Written on 18/12/2025
Boy KANN

  បពិត្រ​ព្រះ‌អម្ចាស់
    ព្រះ‌អង្គ​សុចរិត​ពន់​ពេក​ណាស់
    ទូល‌បង្គំ​ពុំ​អាច​តវ៉ា​រក​ខុស​ត្រូវ
    ជា​មួយ​ព្រះ‌អង្គ​បាន​ទេ។
    ប៉ុន្តែ ទូល‌បង្គំ​សូម​សាក​សួរ​អំពី​ការ​វិនិច្ឆ័យ
    របស់​ព្រះ‌អង្គ
    ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង​ចម្រើន
    ក្នុង​គ្រប់​គម្រោង‌ការ​ដែល​គេ​គិត‌គូរ​ធ្វើ?
    ហេតុ​អ្វី​បាន​ជា​មនុស្ស​ក្បត់​រស់​នៅ
    យ៉ាង​សុខ​ស្រួល​ទាំង​អស់​គ្នា​ដូច្នេះ?
  ព្រះ‌អង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស
    ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។
    ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះ‌អង្គ​មិន​ដាច់​ពី​មាត់
    តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌អង្គ។
៣  ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ
    ព្រះ‌អង្គ​ទត​ឃើញ​ទូល‌បង្គំ
    ព្រះ‌អង្គ​ឈ្វេង​យល់​ថា
    ទូល‌បង្គំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌អង្គ។
    រីឯ​អ្នក​ទាំង​នោះ​វិញ
    សូម​ព្រះ‌អង្គ​យក​ពួក​គេ​ចេញ
    ដូច​កូន​ចៀម​ដែល​គេ​នាំ​ទៅ​ទី​សត្ត‌ឃាត
    សូម​ញែក​ពួក​គេ​ទុក​ដោយ​ឡែក
    សម្រាប់​ថ្ងៃ​ប្រហារ​ជីវិត។
 
 តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ព្រះ‌អង្គ​មិន​ឃើញ​ដែរ!”។
 
  «បើ​អ្នក​ពុំ​អាច​រត់​ប្រណាំង​នឹង
    មនុស្ស​ថ្មើរ​ជើង​បាន​ផង
    ធ្វើ​ម្ដេច​អាច​រត់​ប្រណាំង​នឹង​សេះ​បាន?
    បើ​អ្នក​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ស្រុក​ដែល
    មាន​សន្តិ‌សុខ​ផង
    ធ្វើ​ដូច​ម្ដេច​អាច​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ព្រៃ
    ជិត​ទន្លេ​យ័រដាន់?
 សូម្បី​តែ​បង‌ប្អូន​របស់​អ្នក និង​ក្រុម​គ្រួសារ​របស់​អ្នក​ផ្ទាល់ ក៏​នាំ​គ្នា​ក្បត់​អ្នក​ដែរ គឺ​ពួក​គេ​ព្រួត​គ្នា​ជំទាស់​នឹង​អ្នក​ពី​ក្រោយ​ខ្នង។ ដូច្នេះ ទោះ​បី​គេ​និយាយ​ល្អ​ជា​មួយ​អ្នក​ក្តី ក៏​មិន​ត្រូវ​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ព្រះ‌វិហារ និង​ប្រជាជន​របស់​ព្រះ‌អង្គ

៧  យើង​បោះ​បង់​ចោល​ដំណាក់​របស់​យើង
    យើង​លះ‌បង់​ចោល​កេរ‌មត៌ក​របស់​យើង
    យើង​ប្រគល់​ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​យើង
    ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។
៨  ប្រជា‌រាស្ដ្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់
    ប្រៀប​បាន​នឹង​សត្វ​សិង្ហ​នៅ​ក្នុង​ព្រៃ
    គឺ​គេ​គ្រហឹម​ដាក់​យើង
    ហេតុ​នេះ​ហើយ​បាន​ជា​យើង​ឈប់
    ស្រឡាញ់​គេ​ទៀត។
៩  ប្រជា‌រាស្ដ្រ​ដែល​ជា​កេរ‌មត៌ក​របស់​យើង​ផ្ទាល់
    ប្រៀប​បាន​នឹង​បក្សី​ចម្រុះ​ពណ៌
    ដែល​ត្មាត​ចោម‌រោម​គ្រប់​ទិស‌ទី។
    ចូរ​ទៅ​ប្រមែ‌ប្រមូល​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន
    ហើយ​នាំ​ពួក​វា​មក​ស៊ី​សាក‌សព។
១០ ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិន
    ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​យើង
    ពួក​គេ​ជាន់​កម្ទេច​ចម្ការ​របស់​យើង
    ពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើង
    ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    និង​វិនាស​ហិន‌ហោច​អស់។
១១ ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ
    វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។
    នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច
    ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់
    គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។
១២ នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន
    ពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។
    ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះ
    ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។
១៣ ពួក​គេ​សាប​ព្រោះ​ស្រូវ
    លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា
    គេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ
    ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។
    អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស
    ដោយ‌សារ​ផល​នៃ​ចម្រូត
    ព្រោះ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!
ព្រះ‌បន្ទូល​ចំពោះ​នគរ​ជិត​ខាង​អ៊ីស្រា‌អែល
១៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​សូម​ប្រកាស​ជំទាស់​នឹង​នគរ​ជិត​ខាង​ដ៏​អាក្រក់ ហើយ​ឈ្លាន‌ពាន​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​យើង ទុក​ជា​ចំណែក​មត៌ក។ យើង​នឹង​ដក​ប្រជាជន​នៅ​ស្រុក​ទាំង​នោះ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ហើយ​យើង​ក៏​ដក​ជន​ជាតិ​យូដា​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន​ដែរ។ ១៥ ប៉ុន្តែ ក្រោយ​យើង​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​នោះ​ហើយ យើង​នឹង​អាណិត​មេត្តា​ពួក​គេ​សា​ជា​ថ្មី យើង​នាំ​ពួក​គេ​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​រៀងៗ​ខ្លួន​វិញ។ ១៦ ប្រសិន​បើ​ពួក​គេ​រៀន​អំពី​មាគ៌ា​ដ៏​ល្អ ដូច​ប្រជា‌រាស្ដ្រ​របស់​យើង ប្រសិន​បើ​ពួក​គេ​ស្បថ​ក្នុង​នាម​យើង​ថា “ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ” ដូច​ពួក​គេ​ធ្លាប់​បង្រៀន​ប្រជា‌រាស្ដ្រ​របស់​យើង​ឲ្យ​ស្បថ​ក្នុង​នាម​ព្រះ​បាល នោះ​ពួក​គេ​នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ​របស់​យើង។ ១៧ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ប្រជា‌ជាតិ​ណា​មិន​ព្រម​ស្ដាប់​បង្គាប់​ទេ យើង​នឹង​ដក​ពួក​គេ​ចេញ ហើយ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សូន្យ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់