អម៉ូស ៣

Written on 18/12/2025
Boy KANN

ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ព្យាការី​ត្រូវ​តែ​ថ្លែង​ប្រាប់​ប្រជាជន
  ជន​ជាតិ​អ៊ីស្រា‌អែល​អើយ!
    ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់
    មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។
    «យើង​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ជា​ពូជ​អំបូរ
    ដែល​យើង​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប។
២  ក្នុង​ចំណោម​ពូជ​អំបូរ​ទាំង​អស់​នៅ​លើ​ផែន‌ដី
    យើង​ចាប់​ចិត្ត​តែ​លើ​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា
    ប៉ុណ្ណោះ​ទេ
    ហេតុ​នេះ យើង​កាត់​ទោស​អ្នក​រាល់​គ្នា
    ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន
    ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត»។
៣  បើ​មនុស្ស​ពីរ​នាក់​មិន​បាន​ព្រម​ព្រៀង​គ្នា
    ជា​មុន​សិន​ទេ    
    តើ​គេ​អាច​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដូច​ម្ដេច​កើត?
  បើ​សត្វ​សិង្ហ​ចាប់​រំពា​មិន​ទាន់​បាន​ទេ
    តើ​ឲ្យ​វា​គ្រហឹម​ក្នុង​ព្រៃ​កើត​ឬ?
    បើ​សិង្ហ​ស្ទាវ​ចាប់​សត្វ​មិន​ទាន់​បាន​ទេ
    តើ​ឲ្យ​វា​គ្រហឹម​ក្នុង​រូង​ដូច​ម្ដេច​បាន?
៥  បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ
    តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ?
    បើ​គ្មាន​សត្វ​ជាប់​ទេ
    តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន?
៦  បើ​គេ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​ក្នុង​ក្រុង​មួយ
    តើ​ប្រជាជន​មិន​ជ្រួល‌ច្របល់​ឬ?
    បើ​ព្រះ‌អម្ចាស់​មិន​ដាក់​ទោស​ទេ
    តើ​មហន្ត‌រាយ​អាច​កើត​មាន​ដល់
    ក្រុង​ណា​មួយ​បាន​ឬ?
៧  យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ
    ព្រះ‌អង្គ​តែង​សម្ដែង​ការ​លាក់​កំបាំង​ប្រាប់
    ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ជា‌និច្ច។
៨  ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច?
    ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល
    តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ?

ការ​ដាក់​ទោស​ក្រុង​សាម៉ារី

៩  ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស្ដូដ
    និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា:
    ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី
    ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ
    និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។
១០ ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ
    ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស
    ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់
    មាន​ព្រះ‌បន្ទូល​ថា៖
    «ខ្មាំង​សត្រូវ​មក​ដល់​ហើយ!
    គេ​ឡោម‌ព័ទ្ធ​ស្រុក គេ​នឹង​រំលំ​កំពែង​ដ៏​រឹង‌មាំ​
    ហើយ​កម្ទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។
១២ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី
    ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កម្រាល​ព្រំ
    ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី
    ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម
    យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ
    និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។
១៣ ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះ
    ទៅ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប​ផង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
    ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។
១៤ នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រា‌អែល
    ព្រោះ​តែ​បទ​ល្មើស
    យើង​ក៏​នឹង​ដាក់​ទោស​ពួក​គេ
    ព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។
    ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះ
    នឹង​ត្រូវ​បាក់‌បែក​ធ្លាក់​ដល់​ដី។
១៥ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​រដូវ​រងា
    និង​ដំណាក់​រដូវ​ក្ដៅ​រលំ​លើ​គ្នា
    វិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់‌បែក
    រីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់