ព្រះអម្ចាស់ចាក់បង្ហូរព្រះវិញ្ញាណលើមនុស្សទាំងអស់
១ (២.២៨) ព្រះអម្ចាស់មានព្រះបន្ទូលថា:
ក្រោយមកទៀត
យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
មកលើមនុស្សលោកទាំងអស់។
កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា
នឹងថ្លែងព្រះបន្ទូល
ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត
ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
២ (២៩) ក្រោយមក សូម្បីតែអ្នកបម្រើប្រុសស្រី
ក៏យើងនឹងចាក់បង្ហូរព្រះវិញ្ញាណរបស់យើង
ទៅលើពួកគេដែរ។
៣ (៣០) យើងនឹងសម្ដែងឫទ្ធិបាដិហារិយ៍
នៅលើមេឃ និងនៅលើផែនដី
គឺមានឈាម មានភ្លើង និងកំសួលផ្សែង។
៤ (៣១) ពេលថ្ងៃរបស់ព្រះអម្ចាស់មកដល់
គឺជាថ្ងៃដ៏ឧត្តុង្គឧត្ដម គួរឲ្យស្ញែងខ្លាច
ព្រះអាទិត្យនឹងប្រែទៅជាងងឹត បាត់រស្មី
ព្រះច័ន្ទនឹងប្រែទៅជាឈាម។
៥ (៣២) ពេលនោះ អ្នកណាអង្វររកព្រះនាម
ព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ។
នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម
អ្នកខ្លះនឹងគេចផុតពីមហន្តរាយ
ដូចព្រះអម្ចាស់បានសន្យាទុក។
អស់អ្នកដែលព្រះអម្ចាស់ត្រាស់ហៅ
នឹងស្ថិតនៅក្នុងចំណោមអ្នករួចជីវិតទាំងនោះ។

