ហូសេ ១២

Written on 18/12/2025
Boy KANN

ទោស​របស់​កូន​ចៅ​លោក​យ៉ាកុប
  «អេប្រា‌អ៊ីម​ចេះ​តែ​នាំ​គ្នា​បោក
    បញ្ឆោត​យើង
    កូន​ចៅ​អ៊ីស្រា‌អែល​ចេះ​តែ​បោក‌ប្រាស់​យើង»
    តែ​យូដា​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់​នៅ​ឡើយ
    គេ​ស្មោះ‌ត្រង់​នឹង​ព្រះ​ដ៏‌វិសុទ្ធ។
២  អ្វីៗ​ដែល​អេប្រា‌អ៊ីម​ធ្វើ​សុទ្ធ​តែ​ឥត​បាន​ការ
    គឺ​ដូច​ជា​ខំ​តាម​ចាប់​ខ្យល់​ពី​ទិស​ខាង​កើត។
    រៀង‌រាល់​ថ្ងៃ គេ​គិត​តែ​ពី​បោក‌ប្រាស់
    និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​កាន់​តែ​ច្រើន​ឡើងៗ។
    អេប្រា‌អ៊ីម​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​ស្រុក​អាស្ស៊ីរី
    ហើយ​យក​ប្រេង​ទៅ​ចង​មិត្ត‌ភាព​ជា​មួយ
    ស្រុក​អេស៊ីប។
៣  ព្រះ‌អម្ចាស់​ក៏​មាន​សំណុំ​រឿង​ជា​មួយ​យូដា​ដែរ
    ព្រះ‌អង្គ​នឹង​ដាក់​ទោស​កូន​ចៅ​លោក​យ៉ាកុប
    ព្រោះ​តែ​មារយាទ​អាក្រក់​របស់​ពួក​គេ
    ព្រះ‌អង្គ​តប​ស្នង​ទៅ​ពួក​គេ​វិញ
    តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។
៤  ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
    លោក​យ៉ាកុប​បាន​តោង​កែង​ជើង​បង​របស់​ខ្លួន
    លុះ​ដល់​ពេល​ធំ​ពេញ​វ័យ
    គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់។
៥  គាត់​បាន​បោក‌ចំបាប់​ជា​មួយ​ទេវទូត
    គាត់​បាន​ឈ្នះ​ទេវទូត​នោះ
    រួច​គាត់​ក៏​យំ អង្វរ​សុំ​ការ​ប្រណី​សន្ដោស។
    គាត់​បាន​ជួប​ព្រះ‌ជាម្ចាស់​នៅ​បេត‌អែល
    គឺ​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គ​មាន
    មាន​ព្រះ‌បន្ទូល​មក​កាន់​គាត់។
៦  ព្រះ‌អង្គ​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល
    ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌អម្ចាស់
៧  ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ព្រះ​របស់​អ្នក
    ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិ‌ធម៌
    ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អង្គ​រហូត​ត​ទៅ។
៨  ប្រជាជន​កាន់​ជញ្ជីង​មិន​ត្រឹម‌ត្រូវ​នៅ​ដៃ
    ដូច​កាណានដែរ
    គេ​ចូល​ចិត្ត​កេង‌ប្រវ័ញ្ច​អ្នក​ផ្សេង។
៩  អេប្រា‌អ៊ីម​ពោល​ថា:
    “ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន
    ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង
    គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។
១០ «ប៉ុន្តែ យើង​ជា​ព្រះ‌អម្ចាស់
    យើង​ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។
    យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម
    សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។
១១ យើង​នឹង​និយាយ​ទៅ​កាន់​ពួក​ព្យាការី
    យើង​នឹង​សម្ដែង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ជា​ច្រើន
    ហើយ​យើង​ក៏​នឹង​ចោទ​ជា​ប្រស្នា
    តាម‌រយៈ​ពួក​ព្យាការី​ដែរ»។
១២ អ្នក​ស្រុក​កាឡាដ​សុទ្ធ​តែ​ជា​ជន​ទុច្ចរិត
    ដូច្នេះ ហើយ​បាន​ជា​ពួក​គេ​វិនាស​សូន្យ។
    ពួក​គេ​ចេះ​តែ​យក​គោ​មក​ធ្វើ​យញ្ញ‌បូជា
    នៅ​គីលកាល់
    ហេតុ​នេះ អាសនៈ​របស់​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា
    គំនរ​ឥដ្ឋ​នៅ​រាត់‌រាយ​តាម​ចម្ការ​ដែល​គេ​ភ្ជួរ។
១៣ លោក​យ៉ាកុប​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អារ៉ាម
    លោក​អ៊ីស្រា‌អែល​បម្រើ​គេ
    ព្រោះ​ចង់​បាន​ប្រពន្ធ
    គាត់​មើល​ថែ​ទាំ​ហ្វូង​សត្វ ដើម្បី​បាន​ប្រពន្ធ។
១៤ ព្រះ‌អម្ចាស់​បាន​ប្រើ​ព្យាការី​មួយ​រូប​ឲ្យ​នាំ
    ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប
    ហើយ​ព្រះ‌អង្គ​ប្រើ​ព្យាការី​ឲ្យ​មើល​ថែ​ទាំ
    ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
១៥ អេប្រា‌អ៊ីម​បាន​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់
    ខក​ព្រះ‌ហឫ‌ទ័យ​យ៉ាង​ខ្លាំង
    ព្រះ‌អម្ចាស់​របស់​គេ​នឹង​ដាក់​ទោស​គេ
    ព្រោះ​គេ​បាន​បង្ហូរ​ឈាម។
    ព្រះ‌អង្គ​ដាក់​ទោស​គេ
    ព្រោះ​គេ​ព្រហើន​ដាក់​ព្រះ‌អង្គ។