សាការី ៩

Written on 19/12/2025
Boy KANN

ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស និង​សង្គ្រោះ​ប្រជា‌ជាតិ​ជិត​ខាង​អុីស្រា‌អែល
  សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។
    ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាស​
    ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្ម‌សិទ្ធិ​របស់
    ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន
    នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ​។
២  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់
    អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស
    ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស
    និង​អ្នក​ក្រុង​ស៊ីដូន
    ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។
៣  ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ
    ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី
    ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ
    ជាន់​នៅ​តាម​ផ្លូវ។
៤  ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់
    ព្រះ‌អង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ
    ទម្លាក់​ទៅ​ក្នុង​សមុទ្រ
    ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។
៥  ពេល​ឃើញ​ហេតុ‌ការណ៍​នេះ
    ក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុត
    ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង
    ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។
    ក្រុង​កាសា​នឹង​លែង​មាន​ស្តេច
    ក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។
៦  ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា
    ក្នុង​ក្រុង​អាស្តូដ
    យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលី‌ស្ទីន។
៧  យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម
    ចេញ​ពី​មាត់​របស់​គេ។
    គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម
    ប្រជាជន​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់
    នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
    ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ
    ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។
    ប្រជាជន​នៅ​ក្រុង​អេក្រូន
    នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​យើង
    ដូច​អ្នក​ក្រុង​យេបូស​​ដែរ។
៨  យើង​នឹង​ការ‌ពារ​ដំណាក់​របស់​យើង​មិន​ឲ្យ
    កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ
    ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន
    ប្រជា‌រាស្ដ្រ​របស់​យើង​បាន​ទៀត​ដែរ
    ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។
ព្រះ‌អម្ចាស់​សង្គ្រោះ​ក្រុង​យេរូ‌សាឡឹម
៩  ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
    ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង
    ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ
    ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ
    មើល​ហ្ន៎ ព្រះ‌មហា​ក្សត្រ​របស់​អ្នក
    យាង​មក​រក​អ្នក​ហើយ
    ព្រះ‌អង្គ​សុចរិត ព្រះ‌អង្គ​នាំ​ការ​សង្គ្រោះ​មក​
    ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត
    ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​លា
    គឺ​ព្រះ‌អង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។
១០ ព្រះ‌អង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម
    យក​ទ័ព‌សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
    ព្រះ‌អង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។
    ព្រះ‌អង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា
    អំពី​សន្តិ‌ភាព។
    ព្រះ‌អង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង
    ទៅ​សមុទ្រ​ម្ខាង​ទៀត
    ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់
    ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
១១ ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ
    សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក
    យើង​នឹង​ដោះ​លែង​ប្រជាជន​របស់​អ្នក
    ដែល​ជាប់​ទោស
    ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។
១២ អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ
    សេចក្ដី​សង្ឃឹម​អើយ
    ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល
    មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ!
    ថ្ងៃ​នេះ​យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា
    អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់
    យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។
១៣ យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង
    យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ
    ក្រុង​ស៊ីយ៉ូន​អើយ
    យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក
    ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន
    យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។
១៤ ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ
    ព្រួញ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ
    ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែង
    ព្រះ‌អង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា
    ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។
១៥ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការ‌ពារ​ពួក​គេ
    ពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែល
    ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។
    ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ
    ដូច​ស្រា​ទំពាំង‌បាយជូរ
    ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា
    ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។
១៦ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ
    នឹង​សង្គ្រោះ​ពួក​គេ
    ដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។
    ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួន
    ដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។
១៧ នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គល
    ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត
    ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្តល់​ឲ្យ
    យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។