សាការី ២

Written on 19/12/2025
Boy KANN

និមិត្ត​ហេតុ​អស្ចារ្យ​អំពី​ស្នែង​បួន និង​ជាង​ដែក​បួន​នាក់
 (១.១៨) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​ស្នែង​បួន។  (១៩) ខ្ញុំ​ក៏​សួរ​ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ​ថា៖ «តើ​ស្នែង​ទាំង​បួន​នោះ​ជា​តំណាង​អ្វី?»។ ទេវទូត​តប​មក​ខ្ញុំ​ថា៖ «ស្នែង​ទាំង​នោះ​ជា​តំណាង​ប្រជា‌ជាតិ​ដែល​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា អ្នក​ស្រុក​អ៊ីស្រា‌អែល និង​អ្នក​ក្រុង​យេរូ‌សាឡឹម»។
 (២០) បន្ទាប់​មក ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ខ្ញុំ​ឃើញ​ជាង​ដែក​បួន​នាក់។  (២១) ខ្ញុំ​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​មក​ធ្វើ​អ្វី?»។ ព្រះ‌អង្គ​ពន្យល់​ប្រាប់​ខ្ញុំ​ថា៖ «ស្នែង​ទាំង​បួន​បាន​កម្ចាត់‌កម្ចាយ​អ្នក​ស្រុក​យូដា គ្មាន​នរណា​អាច​តទល់​នឹង​ពួក​គេ​ឡើយ។ ប៉ុន្តែ ជាង​ដែក​ទាំង​បួន​នាក់​នាំ​គ្នា​មក ដើម្បី​បំភ័យ និង​កម្ទេច​ស្នែង​នៃ​ប្រជា‌ជាតិ​ទាំង​បួន​ដែល​បាន​ប្រើ​កម្លាំង​វាយ​ស្រុក​យូដា និង​កម្ចាត់‌កម្ចាយ​ប្រជាជន»។
និមិត្ត‌ហេតុ​អស្ចារ្យ​អំពី​ខ្សែ​រង្វាស់
 (២.១) ខ្ញុំ​ក្រឡេក​មើល​ទៅ ខ្ញុំ​និមិត្ត​ឃើញ​បុរស​ម្នាក់​កាន់​ខ្សែ​រង្វាស់​មួយ។  (២) ខ្ញុំ​សួរ​បុរស​នោះ​ថា លោក​អញ្ជើញ​ទៅ​ណា។ លោក​តប​មក​វិញ​ថា៖ «ខ្ញុំ​ទៅ​វាស់​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ដឹង​ប្រវែង​ទទឹង និង​បណ្តោយ»។  (៣) ពេល​នោះ ទេវទូត​ដែល​និយាយ​ជា​មួយ​ខ្ញុំ ដើរ​ទៅ​មុខ ហើយ​មាន​ទេវទូត​មួយ​រូប​ទៀត​មក​ជួប  (៤) ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​យុវជន​ដែល​កាន់​ខ្សែ​រង្វាស់​នោះ​ថា: យេរូ‌សាឡឹម​នឹង​ទៅ​ជា​ក្រុង​មួយ​ដែល​គ្មាន​កំពែង ព្រោះ​មាន​មនុស្ស និង​សត្វ​ជា​ច្រើន​រស់​នៅ។  (៥) រីឯ​យើង​វិញ យើង​នឹង​នៅ​ទី​នេះ​ធ្វើ​ជា​កំពែង​ភ្លើង​ការ‌ពារ​ក្រុង ហើយ​យើង​ក៏​ទៅ​ជា​សិរី‌រុង​រឿង​របស់​ក្រុង​នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌អម្ចាស់​ហៅ​អ្នក​ជាប់​ជា​ឈ្លើយ​ត្រឡប់​មក​វិញ
១០ (៦) «យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា
    ទៅ​តាម​ទិស​ទាំង​បួន!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់
    រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១១ (៧) ប្រជាជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅ
    ក្នុង​ស្រុក​បាប៊ីឡូន​អើយ
    ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។
១២ (៨) ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ព្រះ‌អង្គ​ប្រទាន​អំណាច​ និង​ចាត់​ខ្ញុំ​ឲ្យ​ទៅ
    ប្រាប់​ប្រជា‌ជាតិ​នានា
    ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា:
    «អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នា
    ក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។
១៣ (៩) យើង​នឹង​លើក​ដៃ​ប្រហារ
    ប្រជា‌ជាតិ​ទាំង​នោះ
    ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ
    នៃ​ពួក​ទាសករ​របស់​ខ្លួន»
    ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
    ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។
១៤ (១០) «ប្រជាជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ
    ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ!
    ចូរ​សប្បាយ​រីក‌រាយ​ឡើង!
    ដ្បិត​យើង​មក​រក​អ្នក​ហើយ
    យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១៥ (១១) «នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន
    នឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់
    ហើយ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
    តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។
    ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា
    ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។
១៦ (១២) ព្រះ‌អម្ចាស់​នឹង​យក​ស្រុក​យូដា
    ធ្វើ​ជា​ទឹក​ដី​របស់​ព្រះ‌អង្គ​ផ្ទាល់
    ក្នុង​ទឹក​ដី​ដ៏‌វិសុទ្ធ
    ព្រះ‌អង្គ​នឹង​ជ្រើស‌រើស​ក្រុង​យេរូ‌សាឡឹម
    ដូច​ពី​មុន។
 
 (១៣) សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់
    នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់
    ដ្បិត​ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ
    ពី​ព្រះ‌ដំណាក់​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។