ព្រះបាទម៉ាណាសេសោយរាជ្យលើស្រុកយូដា
(២របា.៣៣.១-១០, ១៨-២០)
១ កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ព្រះអង្គមានព្រះជន្មាយុដប់ពីរវស្សា ព្រះអង្គសោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថាព្រះនាងហែបស៊ីបា។ ២ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្តេញចេញពីមុខកូនចៅអ៊ីស្រាអែល។ ៣ ស្តេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទអេសេខ្យាស ជាបិតា បានលុបបំបាត់។ ស្តេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះអាសេរ៉ា ដូចព្រះបាទអខាប់ ជាស្តេចស្រុកអ៊ីស្រាអែលបានប្រព្រឹត្តដែរ។ ស្តេចក្រាបថ្វាយបង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ ៤ ស្តេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។ ៥ ព្រះបាទម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ៦ ស្តេចបានយកបុត្រាទៅធ្វើបូជាយញ្ញ ស្តេចបានរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម ព្រមទាំងតែងតាំងឲ្យមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្តេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធ។ ៧ ព្រះបាទម៉ាណាសេបានធ្វើរូបបដិមារបស់ព្រះអាសេរ៉ា យកទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ថ្វីដ្បិតតែព្រះអម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូន ជាបុត្រថា «យើងជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសម្រាប់នាមយើងរហូតតទៅ។ ៨ ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមវិន័យទាំងប៉ុន្មានដែលយើងបានបង្គាប់មក តាមរយៈម៉ូសេជាអ្នកបម្រើរបស់យើង នោះយើងមិនឲ្យពួកគេខ្ចាត់ព្រាត់ចេញឆ្ងាយពីទឹកដី ដែលយើងប្រគល់ឲ្យដូនតារបស់គេឡើយ»។ ៩ ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ទេ ព្រះបាទម៉ាណាសេនាំពួកគេឲ្យវង្វេងរហូតដល់ប្រព្រឹត្តអំពើអាក្រក់ ជាងប្រជាជាតិនានា ដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។ ១០ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គថា៖ ១១ «ម៉ាណាសេ ជាស្តេចស្រុកយូដា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ គឺគេប្រព្រឹត្តអំពើអាក្រក់ទាំងប៉ុន្មាន ច្រើនជាងជនជាតិអាម៉ូរី កាលពីមុន ហើយគេក៏បាននាំជនជាតិយូដាប្រព្រឹត្តអំពើបាប ដោយគោរពរូបព្រះក្លែងក្លាយដែរ។ ១២ ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់ក្រុងយេរូសាឡឹម និងស្រុកយូដា ហើយនរណាក៏ដោយ ឲ្យតែឮគេនិយាយអំពីហេតុការណ៍នេះ ក៏តក់ស្លុតដែរ។ ១៣ យើងនឹងបំផ្លាញក្រុងយេរូសាឡឹម ដូចយើងបានបំផ្លាញក្រុងសាម៉ារី និងរាជវង្សអខាប់ដែរ។ យើងនឹងបោសសំអាតក្រុងយេរូសាឡឹម ឥតទុកឲ្យនៅសល់អ្វីឡើយ។ ១៤ យើងនឹងបោះបង់ចោលប្រជារាស្ដ្ររបស់យើងដែលនៅសេសសល់ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវរបស់គេ។ ខ្មាំងសត្រូវនឹងប្លន់រឹបអូសយកអ្វីៗទាំងអស់ចេញពីពួកគេ ១៥ ដ្បិតពួកគេបានប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត គឺពួកគេធ្វើឲ្យយើងក្រេវក្រោធ តាំងពីថ្ងៃដែលដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ»។
១៦ ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្តេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
១៧ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ គឺអំពើបាបសុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ ១៨ កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងសួនឧទ្យាននៃរាជវាំង គឺសួនរបស់លោកអ៊ូសា ហើយព្រះបាទអាំម៉ូន ជាបុត្រ បានឡើងស្នងរាជ្យ។
ព្រះបាទអាំម៉ូនសោយរាជ្យលើស្រុកយូដា
(២របា.៣៣.២១-២៥)
១៩ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ព្រះអង្គមានព្រះជន្មាយុម្ភៃពីរវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្តេចមាននាមថា ម៉េស៊ូលេម៉េត ជាកូនរបស់លោកហារូស ជាអ្នកស្រុកយ៉ុតបា។ ២០ ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេ ជាបិតា។ ២១ ស្តេចប្រព្រឹត្តអំពើគ្រប់យ៉ាង គឺគោរពបម្រើ និងថ្វាយបង្គំព្រះក្លែងក្លាយដូចបិតាដែរ។ ២២ ស្តេចបានបោះបង់ចោលព្រះអម្ចាស់ ជាព្រះរបស់ពួកអយ្យកោ គឺមិនដើរតាមមាគ៌ារបស់ព្រះអម្ចាស់ឡើយ។ ២៣ ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយធ្វើគុតស្តេចក្នុងរាជវាំង។ ២៤ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូស្យាស ជាបុត្រ ឲ្យឡើងស្នងរាជ្យ។
២៥ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអាំម៉ូន និងអ្វីៗទាំងប៉ុន្មានដែលព្រះអង្គបានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកយូដា។ ២៦ គេបានយកសពរបស់ស្តេចទៅបញ្ចុះក្នុងផ្នូរនៅសួនរបស់លោកអ៊ូសា ហើយព្រះបាទយ៉ូស្យាស ជាបុត្រ ឡើងស្នងរាជ្យ។

