ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម
១ ទឹកដីជាចំណែករបស់កូនចៅលោកយ៉ូសែបលាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូទៅភ្នំបេតអែល។ ២ ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអារគី ត្រង់ក្រុងអាតារ៉ូត ៣ រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ែរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ ៤ នេះហើយទឹកដីដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
៥ ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេ មានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាតារ៉ូត-អាតដារហូតដល់បេតហូរ៉ូនលើ ៦ ហើយបន្តឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេតាត ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូអា។ ៧ បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូអាទៅអាតារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។ ៨ បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពូអាឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់កាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ ៩ ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ ១០ កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ែរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។

