យ៉ូស៊ូអា ១៥

Written on 18/12/2025
Boy KANN

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា
 ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។  ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប  រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រា‌ប៊ីម និង​វាល​រហោ‌ស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-‌បារណេអា រួច​បន្ត​ទៅ​ដល់​ហេត‌ស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។  ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។  រីឯ​ព្រំ‌ប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំ‌ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់  ឡើង​រហូត​ទៅ​ដល់​បេតហូ‌ក្លា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។  ព្រំ‌ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីលកាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-‌សេម៉េស ហើយ​ទៅ​ដល់​អេន-‌រ៉ូកែល  រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​បេន‌ហ៊ីនុម ដែល​នៅ​ជម្រាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផាអ៊ីម។  ព្រំ‌ប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិប‌តា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គៀរីយ៉ាត-‌យេអារីម។ ១០ ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យេអា‌រីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេតសេ‌ម៉េស ដោយ​កាត់​តាម​ទីមណា ១១ រួច​ទៅ​ដល់​ខាង​ជើង​ជម្រាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់ណេអែល និង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ ១២ រីឯ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។
លោក​កាលែប​វាយ​យក​ក្រុង​ហេប្រូន និង​ក្រុង​ដេបៀរ
១៣ រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូ‌នេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន​ជាតិ​យូដា​ជូន​លោក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​យ៉ូស៊ូអា។ ទឹក​ដី​នោះ​គឺ​ក្រុង​ហេប្រូន ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គៀរីយ៉ាត-‌អារបា -លោក​អារបា​ត្រូវ​ជា​ឪពុក​របស់​លោក​អាណាក់។ ១៤ លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ​ពី​ពូជ‌ពង្ស​ទាំង​បី​របស់​លោក​អាណាក់ គឺ​អំបូរ​សេសាយ អំបូរ​អហ៊ី‌ម៉ាន់ និង​អំបូរ​តាលម៉ាយ។ ១៥ បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ​ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ​មាន​ឈ្មោះ​ថា​គៀរីយ៉ាត-‌សេភែរ។ ១៦ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គៀរីយ៉ាត-‌សេភែរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់‌សា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។ ១៧ លោក​អូថនី‌អែល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។ ១៨ កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូថនី‌អែល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ ១៩ នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុ‌គ្រោះ​កូន​ផង ដ្បិត​ដី​ដែល​លោក​ឪពុក​បាន​ចែក​ឲ្យ​កូន​នៅ​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​ចែក​អណ្ដូង​ឲ្យ​កូន​ផង!»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម​ឲ្យ​នាង។
ស្រុក​ភូមិ​របស់​កុល‌សម្ព័ន្ធ​យូដា
២០ ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ២១ ក្រុង​នានា​ដែល​ស្ថិត​នៅ​ចុង​ខាង​ត្បូង​នៃ​ទឹក​ដី​របស់​កូន​ចៅ​យូដា ជិត​ព្រំ‌ប្រទល់​ស្រុក​អេដុម ក្នុង​វាល​រហោ‌ស្ថាន​ណេកិប​មាន: កាបសេអែល អេឌែរ យ៉ាគួរ ២២ គីណា ឌីម៉ូ‌ណា អាដា‌ដា ២៣ កេដែស ហាត់ស៊រ អ៊ីតតាន ២៤ ស៊ីភ តេលែម បេអា‌ឡូត ២៥ ហាត់ស៊រ-‌ហាដា‌តា កេរី‌យ៉ូត-‌ហេត‌ស្រូន (គឺ​ហាត់ស៊រ) ២៦ អាម៉ាម សេម៉ា ម៉ូឡា‌ដា ២៧ ហាត់សារ-‌កាដដា ហេស‌ម៉ូន បេតប៉ា‌លេត ២៨ ហាត់‌សារ-‌សូអាល បៀរសេបា ប៊ីសយ៉ូថ‌យ៉ា ២៩ បាឡា អ៊ីយ៉ីម អាត់‌សែម ៣០ អេល‌តូឡាដ កេស៊ីល ហ៊រម៉ា ៣១ ស៊ីគឡាក់ មាដ‌ម៉ា‌ណា សាន-‌សាណា ៣២ លេបា‌អូត ស៊ីល‌ហ៊ីម អៃយីន និង​រ៉ីមម៉ូន។ សរុប​ទាំង​អស់​មាន​ម្ភៃ‌ប្រាំ​បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៣៣ រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​វាល​ទំនាប​មាន: អេស‌តូល សូរ៉ា អាសណា ៣៤ សា‌ណូអា អេន-‌កានីម តាពូអា អេណាម ៣៥ យ៉ារ‌មូត អាឌូ‌ឡាំ សូកូ អាសេ‌កា ៣៦ សារ៉ា‌អ៊ីម អាឌី‌តាអ៊ីម កេដេ‌រ៉ា និង​កេដេរ៉ូ‌តាអ៊ីម គឺ​មាន​ទាំង​អស់​ដប់‌បួន​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៣៧ បន្ទាប់​មក មាន: សេណាន ហាដា‌សា មីគ‌ដាល-‌កាដ ៣៨ ឌីលេអាន មីសប៉េ យ៉ុគតេ‌អែល ៣៩ ឡាគីស បុត‌កាស អេក្លូន ៤០ កាបូន ឡា‌ម៉ាស គីត‌លីស ៤១ កេដេ‌រ៉ូត បេត‌ដាកូន ណាម៉ា និង​ម៉ាកេ‌ដា គឺ​មាន​ទាំង​អស់​ដប់​ប្រាំ‌មួយ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៤២ បន្ទាប់​មក មាន: លីប‌ណា អេទែរ អាសាន ៤៣ យីប‌តា អាស‌ណា ណេតស៊ីប ៤៤ កេអ៊ីឡា អាក‌ស៊ីប និង​ម៉ារេ‌សា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំ‌វិញ។
៤៥ បន្ទាប់​មក មាន: ក្រុង​អេក្រូន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ៤៦ ព្រម​ទាំង​ក្រុង និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ក្រុង​អាស្ដូដ​ផង គឺ​ចាប់​ពី​ក្រុង​អេក្រូន រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ៤៧ ក្រុង​អាស្ដូដ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប និង​ឆ្នេរ​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។
៤៨ រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​តាម​តំបន់​ភ្នំ​មាន: សា‌មៀរ យ៉ាត‌ទៀរ សូកូ ៤៩ ដាណា គៀរីយ៉ាត-‌សាន‌ណា (គឺ​ដេ‌បៀរ) ៥០ អាណាប អេស‌តេម៉ូ អានីម ៥១ កូសែន ហូឡូន និង​គីឡូ គឺ​មាន​ទាំង​អស់​ដប់​មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៥២ បន្ទាប់​មក មាន: អារ៉ាប ឌូម៉ា អេសេន ៥៣ យ៉ានូម បេត-‌តាពូ‌អា អាផេ‌កា ៥៤ ហ៊ូមេតា គៀរីយ៉ាត-‌អារបា (គឺ​ហេប្រូន) និង​ស៊ី‌អ៊រ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៥៥ បន្ទាប់​មក មាន: ម៉ាអូន ការម៉ែល ស៊ីភ យូតា ៥៦ យីសរេ‌អែល យ៉ុក‌ដេម សា‌ណូអា ៥៧ កាអ៊ីន គីបា និង​ទីមណា គឺ​មាន​ទាំង​អស់​ដប់​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៥៨ បន្ទាប់​មក មាន: ហាល់‌ហ៊ូល បេត‌សួរ កេឌ័រ ៥៩ ម៉ារ៉ាត បេតអា‌ណូត និង​អែល‌តេកូន គឺ​មាន​ទាំង​អស់​ប្រាំ‌មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង។
៦០ បន្ទាប់​មក មាន: គៀរីយ៉ាត-‌បាល (គឺ​គៀរី‌យ៉ាត-‌យេអារីម) និង​រ៉ាប់បា គឺ​មាន​ទាំង​អស់​ក្រុង​ពីរ ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
៦១ រីឯ​ក្រុង​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​វាល​រហោ‌ស្ថាន​មាន: បេតអា‌រ៉ាបា មីត‌ឌីន សេ‌កាកា ៦២ នីបសាន អៀហា មេឡា និង​អេន-‌គេឌី គឺ​មាន​ទាំង​អស់​ដប់‌ប្រាំ‌មួយ​ក្រុង ព្រម​ទាំង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ផង។
៦៣ កូន​ចៅ​យូដា​ពុំ​អាច​បណ្តេញ​ជន​ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ចេញ​ឡើយ។ ហេតុ​នេះ ជន​ជាតិ​យេប៊ូស​រស់​នៅ​ជា​មួយ​កូន​ចៅ​យូដា​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។