សមរភូមិនៅត្រង់ជ្រោះមេរ៉ូម
១ កាលព្រះបាទយ៉ាប៊ីន ជាស្តេចក្រុងហាត់ស៊រ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើរាជសារទៅព្រះបាទយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាភ ២ ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ ៣ ស្តេចក៏បានផ្ញើរាជសារទៅជនជាតិកាណាន នៅខាងកើត និងខាងលិចទន្លេយ័រដាន់ ជនជាតិអាម៉ូរី ជនជាតិហេត ជនជាតិពេរីស៊ី ជនជាតិយេប៊ូស នៅតំបន់ភ្នំ និងជនជាតិហេវីនៅតំបន់ជើងភ្នំហ៊ែរម៉ូន ក្នុងស្រុកមីសប៉ា។ ៤ ស្តេចទាំងនោះបានលើករេហ៍ពលចេញមកផ្ដុំគ្នា ជាកងទ័ពមួយយ៉ាងធំ មានគ្នាច្រើនឥតគណនា ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ហើយក៏មានទ័ពសេះ និងរទេះចម្បាំងយ៉ាងច្រើនអនេកដែរ។ ៥ ស្តេចទាំងនោះបានព្រមព្រៀងពួតដៃគ្នា ហើយបោះទ័ពនៅត្រង់ជ្រោះមេរ៉ូម ដើម្បីវាយលុកអ៊ីស្រាអែល។
៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «កុំភ័យខ្លាចអ្វីឡើយ! នៅថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងប្រគល់ពួកគេទាំងអស់ឲ្យមកស្លាប់ ក្នុងកណ្ដាប់ដៃរបស់អ៊ីស្រាអែល។ ចូរកាត់សរសៃជើងសេះ ហើយដុតរទេះចម្បាំងរបស់គេចោលទៅ»។ ៧ លោកយ៉ូស៊ូអា និងពលទាហានទាំងប៉ុន្មានរបស់លោក បានវាយឆ្មក់សត្រូវនៅក្បែរជ្រោះមេរ៉ូម។ ៨ ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ជនជាតិអ៊ីស្រាអែល។ ជនជាតិអ៊ីស្រាអែលវាយប្រហារ និងដេញតាមពួកគេ រហូតដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ ក្រុងមីសរ៉េ-ផូតម៉ាអ៊ីម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត។ ជនជាតិអ៊ីស្រាអែលបានវាយប្រហារពួកគេ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ ៩ លោកយ៉ូស៊ូអាបានប្រព្រឹត្តចំពោះពួកគេ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ គឺលោកកាប់សរសៃជើងសេះ និងដុតរទេះចម្បាំងរបស់ពួកគេចោល។
លោកយ៉ូស៊ូអាវាយយកក្រុងហាត់ស៊រ
១០ ពេលនោះ លោកយ៉ូស៊ូអាវិលត្រឡប់មកវិញ ហើយវាយយកបានក្រុងហាត់ស៊រ ព្រមទាំងប្រហារស្តេចក្រុងនោះដោយមុខដាវទៀតផង។ កាលពីដើម ក្រុងហាត់ស៊រជារាជធានីនៃអាណាចក្រទាំងនោះ។ ១១ កងទ័ពអ៊ីស្រាអែលប្រហារជីវិតអស់អ្នកនៅក្រុងនោះដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ ហើយក៏បានដុតក្រុងហាត់ស៊រចោលដែរ។
១២ លោកយ៉ូស៊ូអាវាយយកក្រុងទាំងអស់ និងចាប់ស្តេចទាំងប៉ុន្មានរបស់គេផង។ លោកប្រហារជីវិតពួកគេទាំងអស់គ្នាដោយមុខដាវ ហើយបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះជាម្ចាស់ ស្របតាមបញ្ជារបស់លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់។ ១៣ ជនជាតិអ៊ីស្រាអែលមិនបានដុតបំផ្លាញចោលក្រុងនានាដែលស្ថិតនៅលើភ្នំទេ លើកលែងតែក្រុងហាត់ស៊រមួយប៉ុណ្ណោះ ដែលលោកយ៉ូស៊ូអាបានដុតចោល។ ១៤ ជនជាតិអ៊ីស្រាអែលបានរឹបអូសយកសម្បត្តិទ្រព្យ និងហ្វូងសត្វរបស់ក្រុងទាំងនោះ ទុកជាជ័យភ័ណ្ឌ តែគេប្រហារមនុស្សទាំងអស់ដោយមុខដាវ ឥតទុកឲ្យនរណាម្នាក់រួចជីវិតឡើយ។ ១៥ ព្រះអម្ចាស់បង្គាប់មកលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គយ៉ាងណា លោកម៉ូសេក៏បានបង្គាប់មកលោកយ៉ូស៊ូអាយ៉ាងនោះដែរ ហើយលោកយ៉ូស៊ូអាធ្វើតាម គឺលោកប្រព្រឹត្តតាមសេចក្ដីទាំងអស់ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ ឥតមានធ្វេសប្រហែសត្រង់ណាឡើយ។
សមរភូមិចុងក្រោយ
១៦ លោកយ៉ូស៊ូអាយកបានស្រុកនោះទាំងមូល គឺតំបន់ភ្នំ តំបន់ណេកិបទាំងមូល ស្រុកកូសែនទាំងមូល តំបន់វាលទំនាប តំបន់អារ៉ាបា ព្រមទាំងតំបន់ភ្នំស្រុកអ៊ីស្រាអែល និងវាលទំនាបនៃតំបន់នោះ។ ១៧ លោកវាយឈ្នះ និងប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ែរម៉ូន។ ១៨ លោកយ៉ូស៊ូអាធ្វើសង្គ្រាមជាមួយស្តេចទាំងនោះអស់រយៈពេលយ៉ាងយូរ។ ១៩ គ្មានក្រុងណាមួយសុំសន្តិភាពពីជនជាតិអ៊ីស្រាអែលទេ លើកលែងតែជនជាតិហេវី ដែលរស់នៅក្រុងកាបូនប៉ុណ្ណោះ។ រីឯក្រុងដទៃទៀត ជនជាតិអ៊ីស្រាអែលយកបាន ដោយប្រើកម្លាំងអាវុធទាំងអស់។ ២០ ព្រះអម្ចាស់បានធ្វើឲ្យប្រជាជននៅស្រុកនោះ មានចិត្តរឹងរូសចង់ធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលបំផ្លាញពួកគេ ថ្វាយផ្ដាច់ដល់ព្រះអង្គ ឥតត្រាប្រណីឡើយ គឺសម្លាប់ពួកគេឲ្យវិនាសសូន្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
២១ នៅគ្រាដដែលនោះ លោកយ៉ូស៊ូអាលើកទ័ពទៅវាយជនជាតិអាណាក់ ដែលរស់នៅតាមតំបន់ភ្នំ គឺនៅក្រុងហេប្រូន ក្រុងដេបៀរ ក្រុងអាណាប់ ព្រមទាំងនៅតាមតំបន់ភ្នំស្រុកយូដា និងស្រុកអ៊ីស្រាអែលទាំងមូល។ លោកយ៉ូស៊ូអាបំផ្លាញពួកគេ និងក្រុងរបស់គេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ២២ គ្មានសេសសល់ជនជាតិអាណាក់ណាម្នាក់ក្នុងស្រុកអ៊ីស្រាអែលឡើយ គឺមានសល់តែនៅក្រុងកាសា ក្រុងកាថ និងក្រុងអាសដូតប៉ុណ្ណោះ។ ២៣ លោកយ៉ូស៊ូអាយកបានស្រុកទាំងមូល ស្របតាមព្រះបន្ទូលទាំងប៉ុន្មានដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកយ៉ូស៊ូអាយកទឹកដីនោះមកចែកឲ្យជនជាតិអ៊ីស្រាអែល ទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណ គ្មានសង្គ្រាមទៀតឡើយ។

