ពាក្យ​លំនាំ

Written on 20/11/2025
Boy KANN

វីរ‌បុរស
(ចៅហ្វាយ)

កណ្ឌ​គម្ពីរ «វីរ‌បុរស» រៀប​រាប់​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើត​មាន​នៅ​ស្រុក​អ៊ីស្រា‌អែល ចាប់​ពី​គ្រា​ដែល​ពួក​គេ​ចូល​កាន់​កាប់​ទឹក​ដី រហូត​ដល់​គ្រា​មាន​ស្តេច​ឡើង​គ្រង​រាជ្យ គឺ​ជា​អំឡុង​ពេល​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​ប្រទះ​ភាព​វឹក‌វរ និង​អនា‌ធិបតេយ្យ។ ពួក​វីរ‌បុរស​មាន​តួ‌នាទី​មិន​ត្រឹម​តែ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​ប្រជាជន​ប៉ុណ្ណោះ​ទេ តែ​លោក​ទាំង​នោះ​ទទួល​អំណាច​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល ហើយ​រំដោះ​កុល‌សម្ព័ន្ធ​នានា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។

យើង​អាច​បែង​ចែក​កណ្ឌ​គម្ពីរ​វីរ‌បុរស​ជា​បី​ផ្នែក:

• ព្រឹត្តិការណ៍​ដែល​កើត​មាន​ចាប់​ពី​ពេល​ជន​ជាតិ​អ៊ីស្រា‌អែល​ចូល​កាន់​កាប់​ទឹក​ដី រហូត​ដល់​ពេល​លោក​យ៉ូស៊ូអា​ទទួល​មរណ‌ភាព (១.១‑២.១០)។
• ព្រះ‌ជាម្ចាស់​ជ្រើស‌រើស​វីរ‌បុរស​ផ្សេងៗ​ឲ្យ​រំដោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ (២.១១‑១៦.៣១)។
• អនា‌ធិបតេយ្យ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល មុន​ពេល​មាន​ស្តេច​សោយ​រាជ្យ (១៧‑២១)។
កណ្ឌ​គម្ពីរ​វីរ‌បុរស​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា សេចក្ដី​សុខ ឬ​ទុក្ខ​លំបាក ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​ជួប​ប្រទះ សុទ្ធ‌សឹង​ជា​លទ្ធ‌ផល​នៃ​ទំនាក់‌ទំនង​រវាង​ពួក​គេ និង​ព្រះ‌ជាម្ចាស់។ ពេល​ណា​ពួក​គេ​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ពួក​គេ​ត្រូវ​ជាតិ​សាសន៍​នានា​នៅ​ជុំ‌វិញ​ជិះ‌ជាន់​សង្កត់‌សង្កិន ប៉ុន្តែ ពេល​ណា​ពួក​គេ​បែរ​ចិត្ត​មក​រក​ព្រះ‌អង្គ​វិញ ព្រម​ទាំង​ទូល‌អង្វរ​សូម​ព្រះ‌អង្គ​ជួយ នោះ​ព្រះ‌អង្គ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ ជា​ញឹក​ញាប់ ជន​ជាតិ​អ៊ីស្រា‌អែល​ចេះ​តែ​មាន​ចិត្ត​ចង់​គោរព​បម្រើ​ព្រះ​របស់​សាសន៍​ដទៃ ឬ​គោរព​ព្រះ‌ជាម្ចាស់ ដោយ​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន (ចំពូក ១៧‑១៨) មិន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ (ចំពូក ១៩‑២១)។ ធ្វើ​ដូច្នេះ ពួក​គេ​បណ្តាល​ឲ្យ​ខ្លួន​ជួប​នឹង​ភាព​អាសន្ន ហើយ​ប្រសិន​បើ​ព្រះ‌ជាម្ចាស់​មិន​ជួយ​ទេ​នោះ ពួក​គេ​មុខ​ជា​ត្រូវ​អន្តរាយ​មិន​ខាន។
កណ្ឌ​គម្ពីរ​នេះ​ណែ‌នាំ​យើង​ឲ្យ​យល់​ថា ប្រជា‌ជាតិ​របស់​ព្រះ‌ជាម្ចាស់​ពុំ​អាច​រស់​នៅ​ក្នុង​ភាព​អនា‌ធិបតេយ្យ គឺ​ម្នាក់ៗ​ពុំ​អាច​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​នោះ​ឡើយ។ ការ​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ ហើយ​មិន​ព្រម​ទទួល​ស្គាល់​អំណាច​របស់​ព្រះ‌អង្គ រមែង​បណ្តាល​ឲ្យ​យើង​បាត់​បង់​សេរី‌ភាព​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។