ស្តេចដែលបរាជ័យនៅចំពោះមុខជនជាតិអ៊ីស្រាអែល
១ ជនជាតិអ៊ីស្រាអែលវាយយកបាន ហើយកាន់កាប់ស្រុកដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីទឹកធ្លាក់អារណូនរហូតដល់ភ្នំហ៊ែរម៉ូន និងតំបន់អារ៉ាបាទាំងមូលដែលនៅខាងកើតផង។ ពួកគេវាយឈ្នះស្តេចនានានៅស្រុកនោះ ដូចតទៅ: ២ គឺព្រះបាទស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី សោយរាជ្យនៅក្រុងហេសបូន ហើយគ្រប់គ្រងចាប់តាំងពីអារ៉ូអ៊ែរ ដែលនៅក្បែរទឹកធ្លាក់អារណូន និងចាប់តាំងពីស្រុកដែលនៅពាក់កណ្ដាលទឹកធ្លាក់នោះរហូតដល់មួយចំហៀងស្រុកកាឡាដ និងរហូតដល់ទឹកធ្លាក់យ៉ាបុក នៅព្រំប្រទល់ស្រុកអាំម៉ូន ៣ ព្រមទាំងតំបន់អារ៉ាបារហូតដល់សមុទ្រគីណារ៉ូត ដែលនៅខាងកើតសមុទ្រអារ៉ាបា គឺសមុទ្រស្លាប់ ដែលនៅជិតក្រុងបេតយេស៊ីម៉ុត ហើយនៅខាងត្បូងមានជម្រាលភ្នំពីស្កា។ ៤ រីឯស្តេចមួយទៀត គឺព្រះបាទអុក ជាស្តេចស្រុកបាសាន និងជាជនជាតិរេផាអ៊ីមមួយរូប ក្នុងចំណោមជនជាតិរេផាអ៊ីមចុងក្រោយបង្អស់ ស្តេចគង់នៅក្រុងអាសតារ៉ូត និងក្រុងអេដ្រេអ៊ី។ ៥ ព្រះបាទអុកគ្រប់គ្រងតំបន់ភ្នំហ៊ែរម៉ូន ក្រុងសាល់កា និងស្រុកបាសានទាំងមូល រហូតដល់ព្រំប្រទល់ស្រុកកេសួរ និងស្រុកម៉ាកា ព្រមទាំងមួយចំហៀងស្រុកកាឡាដ ជាព្រំប្រទល់ទឹកដីរបស់ព្រះបាទស៊ីហុន ស្តេចក្រុងហេសបូន។ ៦ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្តេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។
៧ លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែល បានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស៊ូអាប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ ៨ ទឹកដីទាំងនោះ មានតំបន់ភ្នំ តំបន់វាលទំនាប តំបន់អារ៉ាបា តំបន់ជម្រាលភ្នំ តំបន់វាលរហោស្ថាន និងតំបន់ណេកិប គឺស្រុករបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស។
៩ រីឯស្តេចដែលច្បាំងចាញ់ជនជាតិអ៊ីស្រាអែលមានៈ ស្តេចក្រុងយេរីខូ ស្តេចក្រុងអៃ ដែលស្ថិតនៅជិតក្រុងបេតអែល ១០ ស្តេចក្រុងយេរូសាឡឹម ស្តេចក្រុងហេប្រូន ១១ ស្តេចក្រុងយ៉ារមូត ស្តេចក្រុងឡាគីស ១២ ស្តេចក្រុងអេក្លូន ស្តេចក្រុងកេស៊ែរ ១៣ ស្តេចក្រុងដេបៀរ ស្តេចក្រុងកេឌែរ ១៤ ស្តេចក្រុងហ៊រម៉ា ស្តេចក្រុងអារ៉ាដ ១៥ ស្តេចក្រុងលីបណា ស្តេចក្រុងអាឌូឡាំ ១៦ ស្តេចក្រុងម៉ាកេដា ស្តេចក្រុងបេតអែល ១៧ ស្តេចក្រុងតាពូអា ស្តេចក្រុងហេភែរ ១៨ ស្តេចក្រុងអាផេក ស្តេចក្រុងឡាសារ៉ូន ១៩ ស្តេចក្រុងម៉ាដូន ស្តេចក្រុងហាត់ស៊រ ២០ ស្តេចក្រុងស៊ីមរ៉ូន-មេរ៉ូន ស្តេចក្រុងអាកសាផ ២១ ស្តេចក្រុងតាណាក ស្តេចក្រុងមេគីដូ ២២ ស្តេចក្រុងកេដែស ស្តេចក្រុងយ៉ូកណេអាំ នៅភ្នំការម៉ែល ២៣ ស្តេចក្រុងឌ័រនៅវាលរាបឌ័រ ស្តេចក្រុងកូយីម នៅជិតគីលកាល់ ២៤ ស្តេចក្រុងទៀរសា។ សរុបទាំងអស់មានស្តេចសាមសិបមួយអង្គ។

