ទុតិយកថា ៣៣

Written on 18/12/2025
Boy KANN

លោក​ម៉ូសេ​ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល
 មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន​ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖
     «ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ
        ព្រះ‌អង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ
        ព្រះ‌អង្គ​បំភ្លឺ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ពី​ភ្នំ​ប៉ារ៉ន
        ព្រះ‌អង្គ​យាង​មក​ជា​មួយ​ទេវទូត*​យ៉ាង​ច្រើន
        អនេក‌អនន្ត
        ព្រះ‌អង្គ​កាន់​វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង
        មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។
     ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ
        ព្រះ‌អង្គ​រក្សា​ប្រជាជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ
        ពួក​គេ​ក្រាប​នៅ​ទៀប​ព្រះ‌បាទា
        ដើម្បី​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។
      វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​ឲ្យ​ពួក​យើង
        ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។
      នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន​ជាតិ​យេស៊ូ‌រូន
        និង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល
        ជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់
        ជា​ព្រះ‌មហា​ក្សត្រ​របស់​ពួក​គេ។
      សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយ
        ហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។
      ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា:
        ព្រះ‌អម្ចាស់​អើយ
        សូម​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​យូដា
        សូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បង‌ប្អូន​របស់​ខ្លួន​វិញ
        សូម​ឲ្យ​គេ​ជួយ​ការ‌ពារ​បង‌ប្អូន​របស់​ខ្លួន
        ហើយ​សូម​ព្រះ‌អង្គ​ជួយ​យូដា
        ក្នុង​ពេល​ត‌ទល់​នឹង​ខ្មាំង​សត្រូវ។
      ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា:
        ព្រះ‌អង្គ​បាន​ប្រគល់​ទូមីម និង​អ៊ូរីម*
        ទៅ​ឲ្យ​កូន​ចៅ​លេវី
        ជា​អ្នក​ដែល​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ
        បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ល្បង‌ល​ពួក​គេ​នៅ​ម៉ាសា
        ព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។
      ពួក​លេវី​ស្រឡាញ់​ព្រះ‌អង្គ​ជាង​ឪពុក‌ម្ដាយ
        បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត
        ដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
        ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ។
    ១០ ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គ
        ដល់​កូន​ចៅ​លោក​យ៉ាកុប
        ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គ
        ដល់​កូន​ចៅ​អ៊ីស្រា‌អែល
        ពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អង្គ
        ហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈ
        របស់​ព្រះ‌អង្គ។
    ១១ ឱ​ព្រះ‌អម្ចាស់​អើយ
        សូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំង
        សូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។
        សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេ
        សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេ
        ត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។
    ១២ ចំពោះ​កូន​ចៅ​បេនយ៉ាមីន លោក​ថ្លែង​ថា:
        ព្រះ‌អម្ចាស់​ស្រឡាញ់​បេនយ៉ាមីន​ណាស់
        គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​កក់​ក្ដៅ
        ព្រះ‌អម្ចាស់​ការ‌ពារ​គេ​ជា‌និច្ច
        ហើយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ។
    ១៣ ចំពោះ​កូន​ចៅ​របស់​លោក​យ៉ូសែបលោក​ម៉ូសេ​ថ្លែង​ថា:
        ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ
        ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ
        ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក
        ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។
    ១៤ កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង
        បង្កើត​ភោគ‌ផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។
    ១៥ ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិត
        ធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។
    ១៦ ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ
        ភោគ​ទ្រព្យ​ធម្ម‌ជាតិ។
        សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោត
        សន្ដោស​ដល់​កូន​ចៅ​យ៉ូសែប
        ដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។
    ១៧ កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បា
        ដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើង
        អំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របី
        ដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ
        ហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះ
        រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។
        ស្នែង​ម្ខាង គឺ​អេប្រាអ៊ីម
        ដែល​មាន​គ្នា​ច្រើន​អនេក‌អនន្ត
        ស្នែង​ម្ខាង​ទៀត គឺ​ម៉ាណាសេ
        ដែល​មាន​គ្នា​ច្រើន​ឥត​គណនា។
    ១៨ ចំពោះ​កូន​ចៅ​សាប៊ូ‌ឡូន លោក​ថ្លែង​ថា:
        សាប៊ូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយ
        នៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!
        រីឯ​អ៊ីសាកា​វិញ
        ចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!
    ១៩ ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំ
        នៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិត
        ដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រ
        ព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។
    ២០ ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:
        សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទាន
        ឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ!
        កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពា
        ដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។
    ២១ កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុក
        ជា​ចំណែក​សម្រាប់​មេ​ដឹក​នាំ
        កាដ​ដើរ​នៅ​មុខ​ប្រជាជន
        គេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់
        ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែល
        តាម​បញ្ជា​របស់​ព្រះ‌អង្គ។
    ២២ ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:
        ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ
        ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។
    ២៣ ចំពោះ​កូន​ចៅ​ណែបថា‌លី លោក​ថ្លែង​ថា:
        ណែបថា‌លី​ទទួល​ការ​សន្ដោស
        និង​ព្រះ‌ពរ​ដ៏​លើស‌លប់​ពី​ព្រះ‌អម្ចាស់
        ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិច
        និង​ទិស​ខាង​ត្បូង​ចុះ!។
    ២៤ ចំពោះ​កូន​ចៅ​អស៊ែរ លោក​ថ្លែង​ថា:
        សូម​ឲ្យ​អស៊ែរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម
        កូន​ចៅ​លោក​យ៉ាកុប!
        សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេ
        ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង
        ដ៏​សម្បូណ៌​ហូរ‌ហៀរ។
    ២៥ រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិន
        ផ្តល់​សន្តិ‌សុខ​ឲ្យ​អស៊ែរ
        សូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរ
        ដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។
    ២៦ យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើ
        នឹង​ព្រះ​របស់​អ្នក​ឡើយ
        ព្រះ‌អង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នក
        ដោយ​គង់​យ៉ាង​រុង‌រឿង​នៅ​លើ​ពពក*។
    ២៧ ព្រះ‌អង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មក
        ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ទ្រ​អ្នក​ជា‌និច្ច
        ព្រះ‌អង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នក
        ហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។
    ២៨ អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត
        កូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេ
        នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ
        ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
        ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម
        ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។
    ២៩ អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយ
        គ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ
        ដូច​ព្រះ‌អង្គ​សង្គ្រោះ​អ្នក​ឡើយ
        ព្រះ‌អង្គ​ជា​ខែល​ការ‌ពារ​អ្នក និង​ជា​ដាវ
        ដែល​ផ្តល់​ឲ្យ​អ្នក​មាន​ជ័យ‌ជម្នះ។
        ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នក
        ហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេ
        ដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។