ជំរឿនប្រជាជន ៣៣

Written on 18/12/2025
Boy KANN

កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​បាន​បោះ​ជំរំ ចាប់​ពី​ស្រុក​អេស៊ីប​រហូត​ដល់​វាល​ទំនាប​ស្រុក​ម៉ូអាប់
 កាល​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប‌រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។  លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:
 ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាម‌សែស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន​ជាតិ​អេស៊ីប​ទាំង​អស់។  ពេល​នោះ ជន​ជាតិ​អេស៊ីប​បញ្ចុះ​សព​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ដែល​ព្រះ‌អម្ចាស់​ប្រហារ។ ធ្វើ​ដូច្នេះ ព្រះ‌អម្ចាស់​បាន​វិនិច្ឆ័យ​ទោស​ព្រះ​ទាំង‌ឡាយ​របស់​ជន​ជាតិ​អេស៊ីប។
 ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុង​រ៉ាម‌សែស មក​បោះ​ជំរំ​នៅ​ស៊ូកូត។  ពួក​គេ​ចាក‌ចេញ​ពី​ស៊ូកូត មក​បោះ​ជំរំ​នៅ​អេតាំ ដែល​ស្ថិត​នៅ​ជាយ​វាល​រហោ‌ស្ថាន។  ពួក​គេ​ចាក‌ចេញ​ពី​អេតាំ វាង​ទៅ​ពីហា‌ហ៊ីរ៉ុត ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​បាលសេ‌ផុន ហើយ​បោះ​ជំរំ​នៅ​ក្បែរ​មីគដូល។  ពួក​គេ​ចាក‌ចេញ​ពី ពីហា‌ហ៊ីរ៉ុត ឆ្លង​កាត់​បាត​សមុទ្រ ឆ្ពោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន ពួក​គេ​ធ្វើ​ដំណើរ​អស់‌រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន​អេតាំ មក​បោះ​ជំរំ​នៅ​ម៉ារ៉ា។  ពួក​គេ​ចាក‌ចេញ​ពី​ម៉ារ៉ា​មក​ដល់​អេលីម នៅ​អេលីម​នេះ​មាន​ប្រភព​ទឹក​ចំនួន​ដប់‌ពីរ និង​លម៉ើ​ចិត‌សិប​ដើម ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ទី​នោះ។ ១០ ពួក​គេ​ចាក‌ចេញ​ពី​អេលីម ទៅ​បោះ​ជំរំ​នៅ​ក្បែរ​សមុទ្រ​កក់។ ១១ ពួក​គេ​ចាក‌ចេញ​ពី​សមុទ្រ​កក់ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន។ ១២ ពួក​គេ​ចាក‌ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដូបកា។ ១៣ ពួក​គេ​ចាក‌ចេញ​ពី​ដូបកា មក​បោះ​ជំរំ​នៅ​អាលូស។ ១៤ ពួក​គេ​ចាក‌ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេភីឌីម។ នៅ​កន្លែង​នោះ ប្រជាជន​រក​ទឹក​ផឹក​ពុំ​បាន​ទេ។ ១៥ ពួក​គេ​ចាក‌ចេញ​ពី​រេភីឌីម មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។
១៦ ពួក​គេ​ចាក‌ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ មក​បោះ​ជំរំ​នៅ​គីប្រូត-‌ហាត់‌តាវ៉ា។ ១៧ ពួក​គេ​ចាក‌ចេញ​ពី​គីប្រូត-‌ហាត់‌តាវ៉ា មក​បោះ​ជំរំ​នៅ​ហាសេរ៉ូត។ ១៨ ពួក​គេ​ចាក‌ចេញ​ពី​ហាសេរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។
១៩ ពួក​គេ​ចាក‌ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ូន-‌ពេរេស។ ២០ ពួក​គេ​ចាក‌ចេញ​ពី​រីម៉ូន-‌ពេរេស មក​បោះ​ជំរំ​នៅ​លីប‌ណា។ ២១ ពួក​គេ​ចាក‌ចេញ​ពី​លីប‌ណា មក​បោះ​ជំរំ​នៅ​រីស្សា។ ២២ ពួក​គេ​ចាក‌ចេញ​ពី​រីស្សា មក​បោះ​ជំរំ​នៅ​គើហេ‌ឡាតា។ ២៣ ពួក​គេ​ចាក‌ចេញ​ពី​គើហេ‌ឡាតា មក​បោះ​ជំរំ​នៅ​ភ្នំ​សេភែរ។ ២៤ ពួក​គេ​ចាក‌ចេញ​ពី​ភ្នំ​សេភែរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។ ២៥ ពួក​គេ​ចាក‌ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាគេឡូត។ ២៦ ពួក​គេ​ចាក‌ចេញ​ពី​ម៉ាគេឡូត មក​បោះ​ជំរំ​នៅ​តាហាត់។ ២៧ ពួក​គេ​ចាក‌ចេញ​ពី​តាហាត់ មក​បោះ​ជំរំ​នៅ​តារ៉ា។ ២៨ ពួក​គេ​ចាក‌ចេញ​ពី​តារ៉ា មក​បោះ​ជំរំ​នៅ​មីតកា។ ២៩ ពួក​គេ​ចាក‌ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាសម៉ូណា។ ៣០ ពួក​គេ​ចាក‌ចេញ​ពី​ហាសម៉ូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។
៣១ ពួក​គេ​ចាក‌ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-‌យ៉ាកាន។ ៣២ ពួក​គេ​ចាក‌ចេញ​ពី​បេនេ-‌យ៉ាកាន មក​បោះ​ជំរំ​នៅ​ហ៊រគីដកាដ។ ៣៣ ពួក​គេ​ចាក‌ចេញ​ពី​ហ៊រគីដ‌កាដ មក​បោះ​ជំរំ​នៅ​យ៉ូតបាតា។ ៣៤ ពួក​គេ​ចាក‌ចេញ​ពី​យ៉ូតបាតា មក​បោះ​ជំរំ​នៅ​អាប្រូណា។ ៣៥ ពួក​គេ​ចាក‌ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ីយ៉ូន-‌កេប៊ែរ។ ៣៦ ពួក​គេ​ចាក‌ចេញ​ពី​អេស៊ីយ៉ូន-‌កេប៊ែរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដែស។ ៣៧ ពួក​គេ​ចាក‌ចេញ​ពី​កាដែស មក​បោះ​ជំរំ​នៅ​ភ្នំ​ហ៊រ ដែល​នៅ​ជាយ​ដែន​ស្រុក​អេដុម។
៣៨ លោក​បូជា‌ចារ្យ​អរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហ៊រ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ស្រុក​អេស៊ីបនៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ៣៩ ពេល​លោក​អរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហ៊រ លោក​មាន​អាយុ​មួយ‌រយ​ម្ភៃ​បី​ឆ្នាំ។
៤០ ស្តេច​ក្រុង​អារ៉ាដ គឺ​ស្តេច​ជន​ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។
៤១ ជន​ជាតិ​អ៊ីស្រា‌អែល​ចាក‌ចេញ​ពី​ភ្នំ​ហ៊រ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។ ៤២ ពួក​គេ​ចាក‌ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។ ៤៣ ពួក​គេ​ចាក‌ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។ ៤៤ ពួក​គេ​ចាក‌ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបារីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។
៤៥ ពួក​គេ​ចាក‌ចេញ​ពី​អ៊ីយេ-‌អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។ ៤៦ ពួក​គេ​ចាក‌ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីបឡា‌តាអ៊ីម។ ៤៧ ពួក​គេ​ចាក‌ចេញ​ពី​អាល់ម៉ូន-‌ឌីបឡា‌តាអ៊ីម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នឹង​ក្រុង​នេបូ។ ៤៨ ពួក​គេ​ចាក‌ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។ ៤៩ ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌ហា‌យេស៊ី‌ម៉ូត រហូត​ដល់​អេបិល-ស៊ីទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។
៥០ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ ៥១ ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជាជន​អ៊ីស្រា‌អែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន ៥២ ចូរ​បណ្តេញ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទី​សក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។ ៥៣ ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្ម‌សិទ្ធិ​ហើយ។ ៥៤ ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។ ៥៥ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្តេញ​ប្រជាជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។ ៥៦ ចូរ​ប្រយ័ត្ន​ក្រែង​លោ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​យើង​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដែរ»។