ការជំរឿនប្រជាជនលើកទីពីរ
១៩ បន្ទាប់ពីគ្រោះកាចនោះមក ១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុនថា៖ ២ «ចូរជំរឿនប្រជាជនក្នុងសហគមន៍អ៊ីស្រាអែលទាំងមូល ដោយគិតចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ តាមអំបូររបស់ពួកគេ គឺជនជាតិអ៊ីស្រាអែលទាំងអស់ដែលអាចបម្រើកងទ័ពបាន»។ ៣ លោកម៉ូសេ និងលោកអេឡាសារ ក៏ប្រាប់ជនជាតិអ៊ីស្រាអែល នៅវាលទំនាបស្រុកម៉ូអាប់ ដែលនៅក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ ៤ ឲ្យជំរឿនប្រជាជនដែលមានអាយុម្ភៃឆ្នាំឡើងទៅ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ កូនចៅអ៊ីស្រាអែល ដែលបានចាកចេញមកពីស្រុកអេស៊ីប មានដូចតទៅ៖
៥ កុលសម្ព័ន្ធរូបេន: កូនចៅរបស់លោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែលមាន: អំបូរហេណុក ជាពូជពង្សរបស់លោកហេណុក អំបូរប៉ាលូជាពូជពង្សរបស់លោកប៉ាលូ ៦ អំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរការមីជាពូជពង្សរបស់លោកការមី។ ៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធរូបេន មានចំនួនទាំងអស់ ៤៣៧៣០ នាក់។ ៨ កូនរបស់លោកប៉ាលូ គឺអេលីយ៉ាប ៩ កូនរបស់លោកអេលីយ៉ាប គឺនេមូអែល ដាតាន និងអប៊ីរ៉ាម។ លោកដាតាន និងលោកអប៊ីរ៉ាម ជាតំណាងរបស់ប្រជាជន ហើយចូលដៃជាមួយបក្សពួករបស់លោកកូរេ លើកគ្នាប្រឆាំងលោកម៉ូសេ និងលោកអរ៉ុន នៅគ្រាដែលគេបះបោរប្រឆាំងនឹងព្រះអម្ចាស់។ ១០ ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេអស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។ ១១ ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។
១២ កូនចៅរបស់លោកស៊ីម៉ូន តាមអំបូររបស់ពួកគេមាន: អំបូរនេមូអែលជាពូជពង្សរបស់លោកនេមូអែល អំបូរយ៉ាមីនជាពូជពង្សរបស់លោកយ៉ាមីន អំបូរយ៉ាគីនជាពូជពង្សរបស់លោកយ៉ាគីន ១៣ អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា អំបូរសាអ៊ូលជាពូជពង្សរបស់លោកសាអ៊ូល។ ១៤ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធស៊ីម៉ូន មានចំនួនទាំងអស់ ២២២០០ នាក់។
១៥ កូនចៅរបស់លោកកាដ តាមអំបូររបស់ពួកគេមាន: អំបូរសេផូនជាពូជពង្សរបស់លោកសេផូន អំបូរហាគីជាពូជពង្សរបស់លោកហាគី អំបូរស៊ូនីជាពូជពង្សរបស់លោកស៊ូនី ១៦ អំបូរអូសនីជាពូជពង្សរបស់លោកអូសនី អំបូរអេរីជាពូជពង្សរបស់លោកអេរី។ ១៧ អំបូរអរ៉ូដជាពូជពង្សរបស់លោកអរ៉ូដ អំបូរអរេលីជាពូជពង្សរបស់លោកអរេលី។ ១៨ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធកាដ ដែលគេជំរឿនបាន ៤០ ៥០០ នាក់។
១៩ កូនរបស់លោកយូដាមានអ៊ែរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ ២០ កូនចៅឯទៀតៗរបស់លោកយូដា តាមអំបូររបស់ពួកគេមាន: អំបូរសេឡាជាពូជពង្សរបស់លោកសេឡា អំបូរពេរេសជាពូជពង្សរបស់លោកពេរេស អំបូរសេរ៉ាជាពូជពង្សរបស់លោកសេរ៉ា។ ២១ កូនចៅរបស់ពេរេស គឺអំបូរហេស្រូនជាពូជពង្សរបស់លោកហេស្រូន អំបូរហាមូលជាពូជពង្សរបស់លោកហាមូល។ ២២ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធយូដា ដែលគេជំរឿនបាន ៧៦៥០០ នាក់។
២៣ កូនចៅរបស់លោកអ៊ីសាកា តាមអំបូររបស់ពួកគេមាន: អំបូរតូឡាជាពូជពង្សរបស់លោកតូឡា អំបូរពូវ៉ាជាពូជពង្សរបស់លោកពូវ៉ា ២៤ អំបូរយ៉ាស៊ូបជាពូជពង្សរបស់លោកយ៉ាស៊ូប អំបូរស៊ីមរ៉ូនជាពូជពង្សរបស់លោកស៊ីមរ៉ូន។ ២៥ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអ៊ីសាកា ដែលគេជំរឿនបាន ៦៤៣០០ នាក់។
២៦ កូនចៅរបស់លោកសាប៊ូឡូន តាមអំបូររបស់ពួកគេមាន: អំបូរសេរ៉េដជាពូជពង្សរបស់លោកសេរ៉េដ អំបូរអេឡូនជាពូជពង្សរបស់លោកអេឡូន អំបូរយ៉ាហែលជាពូជពង្សរបស់លោកយ៉ាហែល។ ២៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធសាប៊ូឡូន ដែលគេជំរឿនបាន ៦០ ៥០០ នាក់។
២៨ កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។
២៩ កូនចៅរបស់លោកម៉ាណាសេ តាមអំបូររបស់ពួកគេមាន: អំបូរម៉ាកៀរជាពូជពង្សរបស់លោកម៉ាកៀរ។ កូនរបស់លោកម៉ាកៀរ គឺលោកកាឡាដ ដែលជាបុព្វបុរសរបស់អំបូរកាឡាដ។ ៣០ កូនចៅរបស់លោកកាឡាដមាន: អំបូរយ៉េស៊ែរជាពូជពង្សរបស់លោកយ៉ាស៊ែរ អំបូរហេឡេកជាពូជពង្សរបស់លោកហេឡេក ៣១ អំបូរអាស់រីអែលជាពូជពង្សរបស់លោកអាសរាល អំបូរស៊ីគែមជាពូជពង្សរបស់លោកស៊ីគែម ៣២ អំបូរសេមីដាជាពូជពង្សរបស់លោកសេមីដា អំបូរហេភែរជាពូជពង្សរបស់លោកហេភែរ។ ៣៣ លោកសេឡូផាតដែលត្រូវជាកូនរបស់លោកហេភែរ គ្មានកូនប្រុសទេ គឺមានតែកូនស្រី។ កូនស្រីរបស់លោកសេឡូផាតមាន: ម៉ាឡា ណូអា ហូក្លា មីលកា និងទៀរសា។ ៣៤ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធម៉ាណាសេ ដែលគេជំរឿនបាន ៥២៧០០ នាក់។
៣៥ កូនចៅរបស់លោកអេប្រាអ៊ីម តាមអំបូររបស់ពួកគេមាន: អំបូរស៊ូតេឡាជាពូជពង្សរបស់លោកស៊ូតេឡា អំបូរបេគ៊ែរជាពូជពង្សរបស់លោកបេគែរ អំបូរតាហានជាពូជពង្សរបស់លោកតាហាន។ ៣៦ កូនចៅរបស់លោកស៊ូតេឡាមាន: អំបូរអេរ៉ានជាពូជពង្សរបស់លោកអេរ៉ាន។ ៣៧ អ្នកទាំងនោះជាអំបូររបស់កុលសម្ព័ន្ធអេប្រាអ៊ីម ដែលគេជំរឿនបាន ៣២៥០០ នាក់។
៣៨ កូនចៅរបស់លោកបេនយ៉ាមីន តាមអំបូររបស់ពួកគេមាន: អំបូរបេឡាជាពូជពង្សរបស់លោកបេឡា អំបូរអាសបែលជាពូជពង្សរបស់លោកអាសបែល អំបូរអហ៊ីរ៉ាមជាពូជពង្សរបស់លោកអហ៊ីរ៉ាម។ ៣៩ អំបូរស៊ូឡាមជាពូជពង្សរបស់លោកស៊ូឡាម អំបូរហ៊ូផាមជាពូជពង្សរបស់លោកហ៊ូផាម។ ៤០ កូនចៅរបស់លោកបេឡាមានលោកអាដ និងណាម៉ាន។ អំបូរអាដជាពូជពង្សរបស់លោកអាដ អំបូរណាម៉ានជាពូជពង្សរបស់លោកណាម៉ាន។ ៤១ អ្នកទាំងនោះជាកូនចៅរបស់កុលសម្ព័ន្ធបេនយ៉ាមីន តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥៦០០ នាក់។
៤២ កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរស៊ូហាំជាពូជពង្សរបស់លោកស៊ូហាំ។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេ។ ៤៣ សរុបអំបូរកូនចៅរបស់លោកស៊ូហាំ ដែលគេជំរឿនបានមានចំនួន ៦៤៤០០ នាក់។
៤៤ កូនចៅរបស់លោកអស៊ែរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរីយ៉ាជាពូជពង្សរបស់លោកបេរីយ៉ា។ ៤៥ កូនចៅរបស់លោកបេរីយ៉ាមានអំបូរហេប៊ែរ ជាពូជពង្សរបស់លោកហេប៊ែរ អំបូរម៉ាល់គីអែលជាពូជពង្សរបស់លោកម៉ាល់គីអែល។ ៤៦ កូនស្រីរបស់លោកអស៊ែរគឺនាងសេរ៉ា។ ៤៧ អ្នកទាំងនោះជាកូនចៅរបស់លោកអស៊ែរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣៤០០ នាក់។
៤៨ កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាសេអែលជាពូជពង្សរបស់លោកយ៉ាសេអែល អំបូរគូនីជាពូជពង្សរបស់លោកគូនី ៤៩ អំបូរយ៉ាស៊ែរជាពូជពង្សរបស់លោកយ៉ាស៊ែរ អំបូរស៊ីឡែមជាពូជពង្សរបស់លោកស៊ីឡែម។ ៥០ អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥៤០០ នាក់។
៥១ ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១៧៣០ នាក់។
៥២ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ៥៣ «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ ៥៤ គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។ ៥៥ ប៉ុន្តែ ការបែងចែកទឹកដីនេះត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ ៥៦ ទឹកដីនេះនឹងត្រូវចែកឲ្យពួកគេ តាមចំនួនតិច ឬច្រើន ដោយការចាប់ឆ្នោត»។
៥៧ ចំណែកឯពួកលេវីដែលបានជំរឿន តាមអំបូររបស់ពួកគេមានដូចតទៅ: អំបូរគែរសូនជាពូជពង្សរបស់លោកគែរសូន អំបូរគើហាត់ជាពូជពង្សរបស់លោកគើហាត់ និងអំបូរមេរ៉ារីជាពូជពង្សរបស់លោកមេរ៉ារី។ ៥៨ រីឯអំបូរឯទៀតៗនៃកូនចៅលេវីមានអំបូរលីបនី អំបូរហេប្រូន អំបូរម៉ាលី អំបូរមូស៊ី និងអំបូរកូរេ។ លោកគើហាត់ត្រូវជាឪពុករបស់លោកអាំរ៉ាម។ ៥៩ ភរិយារបស់លោកអាំរ៉ាមឈ្មោះនាងយ៉ូកេបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺលោកអរ៉ុន លោកម៉ូសេ និងនាងមៀរីយ៉ាម ជាបងស្រីរបស់លោក។ ៦០ លោកអរ៉ុនបង្កើតបានលោកណាដាប់ លោកអប៊ីហ៊ូ លោកអេឡាសារ និងលោកអ៊ីតាម៉ារ។ ៦១ លោកណាដាប់ និងលោកអប៊ីហ៊ូ បានស្លាប់ នៅពេលលោកទាំងពីរយកភ្លើងមិនសក្ការៈទៅថ្វាយព្រះអម្ចាស់។ ៦២ ចំនួនពួកលេវីដែលគេបានជំរឿន គិតចាប់ពីអាយុមួយខែឡើងទៅ មានចំនួន ២៣ ០០០ នាក់។ គេពុំបានរាប់ពួកលេវីបញ្ចូលជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ ព្រោះពួកគេពុំត្រូវទទួលចំណែកទឹកដីជាកេរមត៌ក ក្នុងចំណោមជនជាតិអ៊ីស្រាអែលឡើយ។
៦៣ នេះជាចំនួនជនជាតិអ៊ីស្រាអែលដែលលោកម៉ូសេ និងបូជាចារ្យអេឡាសារ បានជំរឿន នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខនឹងក្រុងយេរីខូ។ ៦៤ ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងនេះ គ្មាននៅសល់អស់អ្នកដែលលោកម៉ូសេ និងបូជាចារ្យអរ៉ុន បានជំរឿនលើកមុន នៅវាលរហោស្ថានស៊ីណៃឡើយ ៦៥ ដ្បិតព្រះអម្ចាស់បានប្រកាសថា ពួកគេនឹងត្រូវស្លាប់ក្នុងវាលរហោស្ថានទាំងអស់គ្នា លើកលែងតែលោកកាលែប ជាកូនរបស់លោកយេភូនេ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូនប៉ុណ្ណោះ។

