ការជំរឿនកុលសម្ព័ន្ធលេវី
១ នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអរ៉ុន និងលោកម៉ូសេ នៅគ្រាដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេនៅលើភ្នំស៊ីណៃ។
២ កូនរបស់លោកអរ៉ុនមានរាយនាមដូចតទៅ: ណាដាប់ ជាកូនច្បង អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ារ។ ៣ នេះជាឈ្មោះកូនប្រុសរបស់លោកអរ៉ុន ដែលបានទទួលការតែងតាំងឲ្យបំពេញមុខងារជាបូជាចារ្យ។ ៤ លោកណាដាប់ និងលោកអប៊ីហ៊ូ បានបាត់បង់ជីវិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពេលលោកទាំងពីរយកភ្លើងមិនសក្ការៈ ចូលទៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ នៅវាលរហោស្ថានស៊ីណៃ។ លោកទាំងពីរគ្មានកូនប្រុសទេ។ លោកអេឡាសារ និងលោកអ៊ីតាម៉ារ បំពេញមុខងារជាបូជាចារ្យ ក្រោមបន្ទុករបស់លោកអរ៉ុន ជាឪពុក។
៥ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ៦ «ចូរនាំកុលសម្ព័ន្ធលេវីចូលមក ហើយឲ្យពួកគេនៅក្រោមបង្គាប់របស់បូជាចារ្យអរ៉ុន ដើម្បីជួយបំពេញការងារគាត់។ ៧ ពួកគេមានភារកិច្ចបំពេញមុខងារបម្រើអរ៉ុន និងបម្រើសហគមន៍អ៊ីស្រាអែលទាំងមូល នៅមុខពន្លាជួបព្រះអម្ចាស់ គឺពួកគេបម្រើកិច្ចការនៅក្នុងព្រះពន្លា។ ៨ ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ ៩ ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអរ៉ុន។ ១០ ចូរតែងតាំងអរ៉ុន និងកូនប្រុសៗរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យ។ រីឯអ្នកផ្សេងដែលចូលមកជិតទីសក្ការៈនេះ នឹងត្រូវទទួលទោសដល់ស្លាប់»។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ១២ «យើងបានយកពួកលេវីចេញពីចំណោមជនជាតិអ៊ីស្រាអែល។ ពួកលេវីជាចំណែកដែលយើងញែកទុកសម្រាប់យើង ជំនួសកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ១៣ ដ្បិតកូនច្បងទាំងអស់ជាចំណែករបស់យើង។ នៅថ្ងៃយើងប្រហារកូនច្បងទាំងប៉ុន្មានរបស់ជនជាតិអេស៊ីប យើងបានញែកកូនច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែលទុកសម្រាប់យើង គឺកូនច្បងរបស់មនុស្ស និងកូនដំបូងរបស់សត្វ ជាចំណែករបស់យើង។ យើងជាព្រះអម្ចាស់»។
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅវាលរហោស្ថានស៊ីណៃថា៖ ១៥ «ចូរជំរឿនកូនចៅលេវី តាមគ្រួសារ តាមអំបូររបស់ពួកគេ ដោយរាប់ចំនួនប្រុសៗទាំងអស់ ដែលមានអាយុចាប់ពីមួយខែឡើងទៅ»។
១៦ លោកម៉ូសេក៏រាប់ចំនួនពួកគេ តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ១៧ កូនប្រុសរបស់លោកលេវីមាននាមដូចតទៅ: គែរសូន គើហាត់ និងមេរ៉ារី។ ១៨ កូនរបស់លោកគែរសូនមានលីបនី និងស៊ីម៉ៃ ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ ១៩ កូនរបស់លោកគើហាត់មានអាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ីអែល ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ ២០ កូនរបស់លោកមេរ៉ារីមានម៉ាលី និងមូស៊ី ដែលជាឈ្មោះនៃអំបូររបស់ពួកគេ។ អ្នកទាំងនេះជាត្រកូលរបស់អំបូរទាំងឡាយនៃកុលសម្ព័ន្ធលេវី តាមក្រុមគ្រួសាររបស់គេ។
២១ លោកគែរសូនត្រូវជាបុព្វបុរសរបស់អំបូរគែរសូន ដែលចែកចេញជាត្រកូលលីបនី និងត្រកូលស៊ីម៉ៃ។ ២២ នៅពេលជំរឿនប្រជាជន ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៧៥០០ នាក់។ ២៣ អំបូរគែរសូនបោះជំរំនៅខាងក្រោយព្រះពន្លា គឺនៅទិសខាងលិច។ ២៤ មេដឹកនាំក្រុមគ្រួសារគែរសូន គឺលោកអេលីយ៉ាសាប់ ជាកូនរបស់លោកឡាអែល។ ២៥ នៅក្នុងពន្លាជួបព្រះអម្ចាស់ កូនចៅគែរសូនទទួលបន្ទុកផ្នែកខាងព្រះពន្លា និងពន្លា ព្រមទាំងក្រណាត់បាំងពីលើ វាំងននច្រកចូលពន្លាជួបព្រះអម្ចាស់ ២៦ ដំបូលទីលាន វាំងននច្រកចូលទីលានដែលស្ថិតនៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងខ្សែចងពន្លាទាំងអស់។ ពួកគេមានភារកិច្ចថែទាំរបស់ទាំងនោះ។
២៧ លោកគើហាត់ត្រូវជាបុព្វបុរសរបស់អំបូរគើហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ីអែល។ ២៨ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៨៦០០ នាក់។ ពួកគេមានភារកិច្ចថែរក្សាទីសក្ការៈ។ ២៩ អំបូរនានារបស់កូនចៅគើហាត់បោះជំរំនៅខាងត្បូងព្រះពន្លា។ ៣០ មេដឹកនាំក្រុមគ្រួសារគើហាត់ គឺលោកអេលីសាផាន ជាកូនរបស់លោកអ៊ូស៊ីអែល។ ៣១ កូនចៅគើហាត់ទទួលបន្ទុកផ្នែកខាងហិបនៃសម្ពន្ធមេត្រី តុសក្ការៈ ជើងចង្កៀង អាសនៈ គ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ វាំងននខាងក្នុង និងរបស់ឯទៀតៗដែលស្ថិតនៅក្នុងទីសក្ការៈ។
៣២ មេដឹកនាំកំពូលរបស់កូនចៅលេវី គឺលោកអេឡាសារ ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ លោកមើលខុសត្រូវលើអស់អ្នកដែលបំពេញមុខងារក្នុងទីសក្ការៈ។
៣៣ លោកមេរ៉ារីត្រូវជាបុព្វបុរសរបស់អំបូរមេរ៉ារី ដែលចែកចេញជាត្រកូលម៉ាលី និងត្រកូលម៉ូស៊ី។ ៣៤ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦២០០ នាក់។ ៣៥ មេដឹកនាំក្រុមគ្រួសារនៃអំបូរមេរ៉ារី គឺលោកទូរីអែល ជាកូនរបស់លោកអប៊ីហាអ៊ីល។ ពួកគេបោះជំរំនៅខាងជើងព្រះពន្លា។ ៣៦ កូនចៅមេរ៉ារីទទួលបន្ទុកផ្នែកខាងបន្ទះក្តាររបស់ព្រះពន្លា រនុក សសរ ជើងសសរ ព្រមទាំងបរិក្ខារ និងអ្វីៗទាំងប៉ុន្មានដែលសម្រាប់ប្រើប្រាស់ជាមួយគ្រឿងទាំងនោះ។ ៣៧ ពួកគេក៏ទទួលបន្ទុកផ្នែកខាងសសររបស់ទីលានដែលនៅជុំវិញ ព្រមទាំងជើងសសរ ចម្រឹង និងខ្សែសន្ធឹងដែរ។
៣៨ លោកម៉ូសេ ព្រមទាំងលោកអរ៉ុន និងកូនចៅរបស់លោក បោះជំរំនៅទិសខាងកើត គឺខាងមុខព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ ពួកលោកទទួលខុសត្រូវចំពោះការងារក្នុងទីសក្ការៈ តាងនាមប្រជាជនអ៊ីស្រាអែលទាំងមូល អ្នកឯទៀតៗចូលមកជិតទីសក្ការៈ នឹងត្រូវទទួលទោសដល់ស្លាប់។
៣៩ ចំនួនក្រុមលេវីដែលព្រះអម្ចាស់បង្គាប់ឲ្យលោកម៉ូសេ និងលោកអរ៉ុន រាប់តាមអំបូររបស់ពួកគេ ដោយគិតប្រុសៗដែលមានអាយុពីមួយខែឡើងទៅ សរុបទាំងអស់មាន ២២ ០០០ នាក់។
ការលោះកូនច្បង
៤០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរជំរឿនកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ។ ចូរកត់ត្រាទុកក្នុងបញ្ជី តាមឈ្មោះរបស់គេរៀងៗខ្លួន។ ៤១ ចូរញែកពួកលេវីទុកដោយឡែក សម្រាប់យើង ជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយក៏ញែកហ្វូងសត្វរបស់ពួកលេវី ជំនួសកូនដំបូងទាំងអស់នៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ»។ ៤២ លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ៤៣ កូនប្រុសច្បងទាំងអស់ដែលគេរាប់តាមឈ្មោះ ដោយគិតចាប់តាំងពីអាយុមួយខែឡើងទៅ ឃើញមានចំនួន ២២២៧៣នាក់។
៤៤ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ ៤៥ «ចូរញែកពួកលេវីទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ ជំនួសកូនប្រុសច្បងទាំងអស់របស់ជនជាតិអ៊ីស្រាអែល ហើយហ្វូងសត្វរបស់ពួកលេវីក៏ជំនួសកូនដំបូងនៃហ្វូងសត្វរបស់ជនជាតិអ៊ីស្រាអែលដែរ ដ្បិតពួកលេវីជាកម្មសិទ្ធិរបស់យើង។ យើងជាព្រះអម្ចាស់។ ៤៦ ដើម្បីលោះចំនួនពួកលេវីដែលលើស២៧៣នាក់នោះ ៤៧ ត្រូវថ្លឹងប្រាក់ប្រាំណែនសម្រាប់លោះមនុស្សម្នាក់ ដោយប្រើទម្ងន់ប្រាក់ណែនរបស់ទីសក្ការៈ ពោលគឺម្ភៃកេរ៉ា*។ ៤៨ ចូរប្រគល់ប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវីឲ្យអរ៉ុន និងកូនចៅរបស់គាត់»។ ៤៩ លោកម៉ូសេក៏យកប្រាក់ជាថ្នូរលោះកូនច្បង ដែលលើសពីចំនួនពួកលេវី ៥០ គឺលោកយកប្រាក់ពីកូនច្បងរបស់ជនជាតិអ៊ីស្រាអែល មានចំនួនទាំងអស់ ១៣៦៥ណែន គិតតាមទម្ងន់របស់ទីសក្ការៈ។ ៥១ លោកប្រគល់ប្រាក់ជាថ្នូរលោះទាំងនោះជូនលោកអរ៉ុន និងកូនចៅរបស់លោក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានបង្គាប់មកលោក។

