ការចាត់ចែងរបៀបបោះជំរំ
«១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអរ៉ុនថា៖ ២ «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសម្គាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។
៣ នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អាំមីណាដាប់។ ៤ កងពលរបស់យូដាមានចំនួន ៧៤៦០០ នាក់។ ៥ កុលសម្ព័ន្ធអ៊ីសាកាបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាកា គឺនេតាណាអែល ជាកូនរបស់ស៊ូអារ។ ៦ កងពលរបស់អ៊ីសាកាមានចំនួន ៥៤៤០០ នាក់។ ៧ បន្ទាប់មក កុលសម្ព័ន្ធសាប៊ូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប៊ូឡូន គឺអេលីយ៉ាប ជាកូនរបស់ហេឡូន។ ៨ កងពលរបស់សាប៊ូឡូនមានចំនួន ៥៧៤០០ នាក់។ ៩ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។
១០ នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីសួរ ជាកូនរបស់សេដេអួរ។ ១១ កងពលរបស់រូបេនមានចំនួន ៤៦៥០០ នាក់។ ១២ កុលសម្ព័ន្ធស៊ីម៉ូនបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម៉ូន គឺសេលូមីអែល ជាកូនរបស់ស៊ូរីសាដាយ។ ១៣ កងពលរបស់ស៊ីម៉ូនមានចំនួន ៥៩៣០០ នាក់។ ១៤ បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីយ៉ាសាប ជាកូនរបស់ដេអ៊ូអែល។ ១៥ កងពលរបស់កាដ មានចំនួន ៤៥៦៥០ នាក់។ ១៦ កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
១៧ បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
១៨ នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។ ១៩ កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។ ២០ កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាំលីអែល ជាកូនរបស់ពេដាសួរ។ ២១ កងពលរបស់ម៉ាណាសេមានចំនួន ៣២២០០ នាក់។ ២២ បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដេអូនី។ ២៣ កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥៤០០ នាក់។ ២៤ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
២៥ នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ែរ ជាកូនរបស់អាំមីសាដាយ។ ២៦ កងពលរបស់ដាន់មានចំនួន ៦២៧០០ នាក់។ ២៧ កុលសម្ព័ន្ធអស៊ែរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអស៊ែរ គឺប៉ាគីអែល ជាកូនរបស់អូក្រាន។ ២៨ កងពលរបស់អស៊ែរមានចំនួន ៤១៥០០ នាក់។ ២៩ បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។ ៣០ កងពលរបស់ណែបថាលីមានចំនួន ៥៣៤០០ នាក់។ ៣១ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។
៣២ ចំនួនកូនចៅអ៊ីស្រាអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣៥៥០ នាក់។ ៣៣ ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៣៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំតាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។

