លោកណាដាប់ និងលោកអប៊ីហ៊ូបាត់បង់ជីវិត វិន័យស្តីអំពីការកាន់ទុក្ខបូជាចារ្យ
១ កូនប្រុសរបស់លោកអរ៉ុន ឈ្មោះណាដាប់ និងអប៊ីហ៊ូ បានកាន់ភាជន៍ម្នាក់មួយ ដោយដាក់រងើកភ្លើងក្នុងនោះ ព្រមទាំងដាក់គ្រឿងក្រអូបពីលើទៀតផង។ ពួកគេយកភ្លើងពីខាងក្រៅចូលទៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ផ្ទុយពីបញ្ជារបស់ព្រះអង្គ។ ២ ពេលនោះ មានភ្លើងចេញពីព្រះអម្ចាស់ ឆេះពួកគេស្លាប់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
៣ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុនថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលស្រាប់ហើយថា “យើងចង់ឲ្យអស់អ្នកដែលចូលមកជិតយើង គោរពនូវភាពវិសុទ្ធ*របស់យើង ហើយឲ្យពួកគេលើកតម្កើងសិរីរុងរឿងរបស់យើង នៅចំពោះមុខប្រជាជនទាំងមូល”»។ លោកអរ៉ុនក៏នៅស្ងៀម។
៤ លោកម៉ូសេហៅលោកមីកាអែល និងលោកអែលសាផាន ជាកូនរបស់លោកអ៊ូស៊ីអែល ដែលត្រូវជាឪពុកមាលោកអរ៉ុនមក ហើយបង្គាប់ពួកគេថា៖ «ចូរនាំគ្នាមកយកសាកសពបងប្អូនរបស់អ្នកពីទីសក្ការៈ ចេញទៅក្រៅជំរំ»។ ៥ ពួកគេធ្វើតាមបង្គាប់លោកម៉ូសេ ដោយរុំសាកសពនឹងអាវវែង ហើយសែងចេញទៅក្រៅជំរំ។
៦ បន្ទាប់មក លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុន ព្រមទាំងលោកអេឡាសារ និងលោកអ៊ីតាម៉ា ជាកូនរបស់លោកអរ៉ុនថា៖ «មិនត្រូវកោរសក់ ឬហែកសម្លៀកបំពាក់ ដើម្បីកាន់ទុក្ខឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដោយព្រះអម្ចាស់ព្រះអង្គព្រះពិរោធជាមួយសហគមន៍ទាំងមូល។ ចូរទុកឲ្យកូនចៅអ៊ីស្រាអែលទាំងអស់ ជាបងប្អូនរបស់អ្នករាល់គ្នា កាន់ទុក្ខអ្នកដែលស្លាប់ ដោយសារភ្លើងរបស់ព្រះអម្ចាស់ចុះ។ ៧ រីឯអ្នករាល់គ្នាវិញ មិនត្រូវចាកចេញពីមាត់ទ្វារពន្លាជួបព្រះអម្ចាស់ឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់ ដ្បិតអ្នករាល់គ្នាបានទទួលការចាក់ប្រេងតែងតាំងឲ្យនៅបម្រើព្រះអម្ចាស់»។ លោកអរ៉ុន និងកូនរបស់លោក ក៏ធ្វើតាមបង្គាប់លោកម៉ូសេ។
ច្បាប់សម្រាប់បូជាចារ្យ
៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ ៩ «មុនពេលចូលក្នុងពន្លាជួបព្រះអម្ចាស់ អ្នក និងកូនរបស់អ្នក មិនត្រូវផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ នេះជាវិន័យសម្រាប់អ្នករាល់គ្នាគ្រប់ដំណតរៀងទៅ ឥតប្រែប្រួលឡើយ។ ១០ ធ្វើដូច្នេះ អ្នករាល់គ្នាចេះបែងចែកអ្វីដែលសក្ការៈ និងអ្វីដែលមិនសក្ការៈ អ្វីដែលមិនបរិសុទ្ធ និងអ្វីដែលបរិសុទ្ធ ១១ ហើយអ្នករាល់គ្នាអាចបង្រៀនជនជាតិអ៊ីស្រាអែលនូវវិន័យទាំងប៉ុន្មាន ដែលយើងប្រគល់ឲ្យពួកគេ តាមរយៈម៉ូសេ»។
១២ លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអរ៉ុន ព្រមទាំងកូនរបស់លោក ឈ្មោះអេឡាសារ និងអ៊ីតាម៉ា ដែលនៅរស់ថា៖ «ក្រោយពីថ្វាយតង្វាយម្សៅ ដែលដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់រួចហើយ ចូរយកម្សៅដែលនៅសល់ទៅធ្វើជានំបុ័ងឥតមេ ហើយបរិភោគនំបុ័ងនេះនៅជិតអាសនៈ ដ្បិតនំបុ័ងនេះជាអាហារដ៏វិសុទ្ធបំផុត។ ១៣ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងនេះក្នុងកន្លែងសក្ការៈ ព្រោះជាចំណែករបស់បង និងកូនរបស់បង បានមកពីតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់ តាមបញ្ជាដែលខ្ញុំទទួលពីព្រះអង្គ។ ១៤ រីឯសាច់ទ្រូង និងភ្លៅរបស់សត្វ ដែលគេលើកថ្វាយព្រះអម្ចាស់ គឺយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល នោះត្រូវតែបរិភោគនៅក្នុងកន្លែងបរិសុទ្ធជាមួយកូនប្រុសកូនស្រីរបស់បង ព្រោះជាចំណែកសម្រាប់បង និងកូនរបស់បង។ ១៥ ពេលជនជាតិអ៊ីស្រាអែលយកខ្លាញ់មកដុតថ្វាយព្រះអម្ចាស់ ពួកគេត្រូវយកសាច់ភ្លៅ និងសាច់ទ្រូង លើកថ្វាយព្រះអម្ចាស់ រួចប្រគល់ឲ្យបង និងកូនៗរបស់បង ទុកជាចំណែកដែលបងត្រូវទទួលរហូតតរៀងទៅ ដូចព្រះអម្ចាស់បានបង្គាប់»។
១៦ លោកម៉ូសេសួររកពពែឈ្មោល ដែលជាតង្វាយរំដោះបាប រួចលោកជ្រាបថាគេបានដុតវាផុតទៅហើយ។ លោកក៏ខឹងនឹងលោកអេឡាសារ ព្រមទាំងលោកអ៊ីតាម៉ា ជាកូនរបស់លោកអរ៉ុនដែលនៅរស់។ លោកសួរពួកគេថា៖ ១៧ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគសាច់ដែលថ្វាយជាយញ្ញបូជារំដោះបាប នៅក្នុងកន្លែងសក្ការៈ? ដ្បិតសាច់នេះជាអាហារដ៏វិសុទ្ធបំផុត ដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដកបាបចេញពីសហគមន៍ និងធ្វើពិធីរំដោះបាបពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ១៨ ដោយអ្នករាល់គ្នាមិនបានយកឈាមរបស់សត្វ ចូលមកក្នុងកន្លែងសក្ការៈទេ អ្នករាល់គ្នាត្រូវបរិភោគសាច់នៅក្នុងកន្លែងដ៏សក្ការៈ ដូចខ្ញុំបានបង្គាប់»។ ១៩ លោកអរ៉ុនមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «សូមស្ដាប់បងសិន ថ្ងៃនេះ ជនជាតិអ៊ីស្រាអែលបាននាំយកយញ្ញបូជា ដើម្បីរំដោះបាប និងយកតង្វាយទាំងមូល មកថ្វាយព្រះអម្ចាស់ ប្អូនជ្រាបអំពីរឿងដែលកើតមានដល់បងស្រាប់ហើយ ថ្ងៃនេះ ប្រសិនបើបងទទួលទានសាច់ដែលគេយកមកថ្វាយជាយញ្ញបូជារំដោះបាប តើព្រះអម្ចាស់សព្វព្រះហឫទ័យដែរឬ?»។ ២០ លោកម៉ូសេយល់ស្របនឹងពាក្យនេះ។

