សេរីភាព ២៧

Written on 17/12/2025
Boy KANN

អាសនៈ​សម្រាប់​យញ្ញ‌បូជា
 ត្រូវ​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាង‌នួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កម្ពស់​បី​ហត្ថ។  ចូរ​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។  ត្រូវ​ធ្វើ​គ្រឿង​សម្រាប់​ប្រើ‌ប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។  ត្រូវ​ធ្វើ​ប្រទាស​លង្ហិន​មួយ ដែល​មាន​កង​លង្ហិន​នៅ​តាម​មុម​ទាំង​បួន។  ត្រូវ​ដាក់​ប្រទាស​នេះ​នៅ​ចំ​ពាក់​កណ្ដាល​កម្ពស់​របស់​អាសនៈ។  ត្រូវ​យក​ឈើ​នាង‌នួន​ស្រោប​លង្ហិន ធ្វើ​ជា​ឈើ​ស្នែង​អាសនៈ។  ត្រូវ​ស៊ក​ឈើ​ស្នែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ​សម្រាប់​សែង។  អាសនៈ​នេះ​ត្រូវ​ធ្វើ​ពី​បន្ទះ​ក្តារ​ដែល​ព័ទ្ធ​ជុំ‌វិញ ទុក​ប្រហោង​នៅ​កណ្ដាល តាម​គំរូ ដែល​យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។
ទី‌លាន
 ត្រូវ​ធ្វើ​ទី‌លាន​សម្រាប់​ព្រះ‌ពន្លា ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ‌រយ​ហត្ថ។ ១០ រនាំង​នោះ​ត្រូវ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។ ១១ នៅ​ប៉ែក​ខាង​ជើង រនាំង​ត្រូវ​មាន​បណ្តោយ​មួយ‌រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេ‌រូត ធ្វើ​ពី​ប្រាក់។ ១២ ទទឹង​របស់​ទី‌លាន​ដែល​នៅ​ប៉ែក​ខាង​លិច រនាំង​ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់។ ១៣ ទទឹង​របស់​ទី‌លាន ដែល​នៅ​ប៉ែក​ខាង​កើត ត្រូវ​មាន​ប្រវែង​ហា‌សិប​ហត្ថ​ដូច​គ្នា។ ១៤ នៅ​ច្រក​ចូល រនាំង​ម្ខាង​ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ ១៥ រនាំង​ម្ខាង​ទៀត ត្រូវ​មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ ១៦ នៅ​ច្រក​ចូល​ទី‌លាន ត្រូវ​បាំង​វាំងនន​ដែល​មាន​ប្រវែង​ម្ភៃ​ហត្ថ ត្បាញ​ពី​អំបោះ​ធ្មៃ​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ មាន​ប៉ាក់​ក្បាច់​លំអ ព្រម​ទាំង​មាន​បង្គោល​បួន និង​ជើង​ទ្រ​បួន​ផង។ ១៧ បង្គោល​វាំងនន​ទាំង​នោះ ភ្ជាប់​គ្នា​ដោយ​មេ‌រូត និង​ទំពក់ ធ្វើ​ពី​ប្រាក់ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ ១៨ រនាំង​របស់​ទី‌លាន​ត្រូវ​មាន​បណ្តោយ​មួយ‌រយ​ហត្ថ ទទឹង​ហា‌សិប​ហត្ថ កម្ពស់​ប្រាំ​ហត្ថ ធ្វើ​ពី​ក្រណាត់​អំបោះ​ធ្មៃ ហើយ​ជើង​ទ្រ​ធ្វើ​ពី​លង្ហិន។ ១៩ គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ពន្លា ចម្រឹង​ព្រះ‌ពន្លា និង​ចម្រឹង​រនាំង​របស់​ទី‌លាន ត្រូវ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។
ប្រេង​សម្រាប់​ជើង​ចង្កៀង
២០ ចូរ​អ្នក​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​យក​ប្រេង​អូលីវ​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត សម្រាប់​ដុត​ចង្កៀង​ឲ្យ​ភ្លឺ​ជា​អចិន្ត្រៃយ៍។ ២១ អរ៉ុន និង​កូន​របស់​គាត់ ត្រូវ​មើល​ថែ​ទាំ​ចង្កៀង​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ ចង្កៀង​នេះ​ត្រូវ​ស្ថិត​នៅ​ខាង​មុខ​វាំងនន ដែល​បាំង​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ហើយ​ត្រូវ​ឲ្យ​ឆេះ​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច ពី​ល្ងាច​រហូត‌ទល់​ព្រឹក។ នេះ​ជា​ច្បាប់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់ ត្រូវ​តែ​អនុវត្ត​តាម រហូត​ត​ទៅ។