កំណើត ១១

Written on 17/12/2025
Boy KANN

ប្រាសាទ​នៅ​ក្រុង​បាបិល

 នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែន‌ដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សម្ដី​តែ​មួយ។  ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ​ក្នុង​ស្រុក​ស៊ី‌ណេអារ គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​តំបន់​នោះ។  គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយ‌អ។  បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ឡើយ»។
 ព្រះ‌អម្ចាស់​យាង​ចុះ​មក​ទត​មើល​ទី‌ក្រុង និង​ប្រាសាទ​ដែល​មនុស្ស​លោក​បាន​សង់  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជាជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រា‌រាំង​ពួក​គេ​ឡើយ។  ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។  ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​គេ​បែក‌ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។  ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មនុស្ស​បែក‌ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស‌ពេញ​លើ​ផែន‌ដី​ទាំង​មូល។

បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​លោក​អប្រា‌ហាំ

១០ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​សិម។ ពេល​លោក​សិម​អាយុ​មួយ‌រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ លោក​បង្កើត​បាន​អារប៉ាក‌សាដ។ ១១ ក្រោយ​កំណើត​អារប៉ាក‌សាដ លោក​សិម​រស់​បាន​ប្រាំ‌រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស កូន​ស្រី​ជា​ច្រើន។
១២ ពេល​លោក​អារប៉ាក‌សាដ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​សេឡា។ ១៣ ក្រោយ​កំណើត​សេឡា លោក​អារប៉ាក‌សាដ​រស់​បាន​បួន‌រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ ១៤ ពេល​លោក​សេឡា​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ហេប៊ែរ។ ១៥ ក្រោយ​កំណើត​ហេប៊ែរ លោក​សេឡា​រស់​បាន​បួន‌រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
១៦ ពេល​លោក​ហេប៊ែរ​អាយុ​សាម‌សិប​បួន​ឆ្នាំ លោក​បង្កើត​បាន​ពេឡេក។ ១៧ ក្រោយ​កំណើត​ពេឡេក លោក​ហេប៊ែរ​រស់​បាន​បួន‌រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
១៨ ពេល​លោក​ពេឡេក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​រេអ៊ូ។ ១៩ ក្រោយ​កំណើត​រេអ៊ូ លោក​ពេឡេក​រស់​បាន​ពីរ‌រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
២០ ពេល​លោក​រេអ៊ូ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​សេរូក។ ២១ ក្រោយ​កំណើត​សេរូក លោក​រេអ៊ូ​រស់​បាន​ពីរ‌រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
២២ ពេល​លោក​សេរូក​អាយុ​សាម‌សិប​ឆ្នាំ លោក​បង្កើត​បាន​ណាហ៊រ។ ២៣ ក្រោយ​កំណើត​ណាហ៊រ លោក​សេរូក​រស់​បាន​ពីរ‌រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
២៤ ពេល​លោក​ណាហ៊រ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ លោក​បង្កើត​បាន​តេរ៉ា។ ២៥ ក្រោយ​កំណើត​តេរ៉ា លោក​ណាហ៊រ​រស់​បាន​មួយ‌រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
២៦ ពេល​លោក​តេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ លោក​បង្កើត​បាន​អប្រាម ណាហ៊រ និង​ហារ៉ន។
២៧ នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​លោក​តេរ៉ា។ លោក​តេរ៉ា​បង្កើត​លោក​អប្រាម លោក​ណាហ៊រ និង​លោក​ហារ៉ន។ លោក​ហារ៉ន​បង្កើត​ឡុត។ ២៨ លោក​ហារ៉ន​បាន​ទទួល​មរណ‌ភាព នៅ​ក្រុង​អួរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​លោក ក្នុង​ពេល​លោក​តេរ៉ា​នៅ​រស់​នៅ​ឡើយ។ ២៩ លោក​អប្រាម និង​លោក​ណាហ៊រ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​លោក​អប្រាម​ឈ្មោះ​នាង​សារ៉ាយ រីឯ​ភរិយា​របស់​លោក​ណាហ៊រ​ឈ្មោះ​នាង​មីលកា ជា​កូន​របស់​លោក​ហារ៉ន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីស‌កា។ ៣០ នាង​សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
៣១ លោក​តេរ៉ា​បាន​នាំ​លោក​អប្រាម​ជា​កូន និង​លោក​ឡុត​ដែល​ជា​កូន​របស់​លោក​ហារ៉ន ហើយ​ត្រូវ​ជា​ចៅ​របស់​លោក ព្រម​ទាំង​នាំ​នាង​សារ៉ាយ​ជា​កូន​ប្រសា​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​អប្រាម កូន​ប្រុស​របស់​លោក ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អួរ​នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​លោក​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ន ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ។
៣២ លោក​តេរ៉ា​រស់​បាន​ពីរ‌រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។