ទុតិយកថា
(ចោទិយកថា)
ក្នុងព្រះគម្ពីរបកប្រែមុន កណ្ឌគម្ពីរនេះមានឈ្មោះថា «ចោទិយកថា»។ ដោយប្រជាជនភាគច្រើនមិនស្គាល់ពាក្យ «ចោទិយកថា»នេះ យើងបានដូរមកជា «ទុតិយកថា» ដើម្បីឲ្យត្រឹមត្រូវតាមភាសាខ្មែរផង ហើយមានអត្ថន័យចំនឹងគម្ពីរផង។ ពាក្យ «ទុតិយកថា» មានន័យថា «កថាទីពីរ» ពោលគឺ «កថាដែលរំឭកអំពីគម្ពីរវិន័យឡើងវិញ»។
ផ្នែកខាងចុងនៃគម្ពីរ «ជំរឿនប្រជាជន» មានបរិយាយអំពីជនជាតិអ៊ីស្រាអែលចូលទៅជិតដល់ទឹកដីសន្យា។ បន្ទាប់មក ក្នុងកណ្ឌគម្ពីរ «ទុតិយកថា» មានចែងអំពីសុន្ទរកថា ដែលលោកម៉ូសេបានថ្លែងទៅកាន់ប្រជាជនអ៊ីស្រាអែល (១.១‑៤.៤៣, ៤.៤៤‑២៨.៦៨ និង២៨.៦៩‑៣០.២០)។ ក្នុងសុន្ទរកថាទាំងនោះ លោកម៉ូសេរំឭកអំពីការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើ ដើម្បីសម្ដែងនូវព្រះហឫទ័យស្រឡាញ់ដ៏ស្មោះស្ម័គ្រ ចំពោះប្រជារាស្ដ្ររបស់ព្រះអង្គ។ ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយពួកគេ ព្រះអង្គដឹកនាំពួកគេអស់រយៈពេលសែសិបឆ្នាំក្នុងវាលរហោស្ថាន ដោយការពារពួកគេឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ហើយប្រទានវិន័យឲ្យពួកគេកាន់តាម ដោយមានព្រះបន្ទូលសន្យាជាប់ជាមួយផង។
កណ្ឌគម្ពីរទុតិយកថាមិនត្រឹមតែរំឭកឡើងវិញនូវវិន័យ ច្បាប់ និងបញ្ញត្តិរបស់ព្រះជាម្ចាស់ដែលមានចែងទុកក្នុងគម្ពីរវិន័យមុនៗប៉ុណ្ណោះទេ តែសុន្ទរកថារបស់លោកម៉ូសេដាស់តឿនប្រជាជនអ៊ីស្រាអែលឲ្យនឹកដល់ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់ ហើយលើកទឹកចិត្តពួកគេឲ្យរួមរស់ជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ: «អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ» (៦.៤-៥)។
បួនចំពូកចុងក្រោយនៃកណ្ឌគម្ពីរនេះមានអត្ថបទពីរ ដែលមានលក្ខណៈជាកំណាព្យ គឺទំនុកតម្កើងរបស់លោកម៉ូសេ (ចំពូក ៣២) និងពររបស់លោកម៉ូសេចំពោះកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល (ចំពូក ៣៣) ហើយមានអត្ថបទពីរទៀត ដែលជាកំណត់ហេតុអំពីការតែងតាំងលោកយ៉ូស៊ូអា ឲ្យធ្វើជាអ្នកដឹកនាំជំនួសលោកម៉ូសេ (ចំពូក ៣១) និងមរណភាពរបស់លោកម៉ូសេ (ចំពូក ៣៤)។
នៅផ្នែកកណ្ដាលនៃ«ទុតិយកថា»នេះ មានអត្ថបទដែលហៅថា «គម្ពីរវិន័យ» ហើយប្រហែលត្រូវគេរកឃើញនៅរជ្ជកាលព្រះបាទយ៉ូស្យាស (២ពង្ស.២២) និងជាប្រភពនៃការកែទម្រង់សាសនា នៅជំនាន់នោះ។ អត្ថបទនេះមានឥទ្ធិពលទៅលើកណ្ឌខ្លះទៀតនៃគម្ពីរសម្ពន្ធមេត្រីចាស់ (ដូចជានៅពង្សាវតារក្សត្រ, យេរេមី) និងសម្ពន្ធមេត្រីថ្មី (ដូចជានៅម៉ាថាយ ៤:៤-៧, ម៉ាកុស ១២:៣២)។
កណ្ឌគម្ពីរទុតិយកថារំឭកអ្នកអាននៅជំនាន់ដើម និងអ្នកអាននាបច្ចុប្បន្នកាលថា មនុស្សអាចរកសុភមង្គលដ៏ពិតប្រាកដបាន តែនៅពេលណាគេស្ដាប់បង្គាប់ព្រះជាម្ចាស់ ដោយស្មោះស្ម័គ្រប៉ុណ្ណោះ។

