២៦ មេសា ២០២៦

Written on 24/06/2026
Sokhorn Oem

ថ្ងៃអាទិត្យ រដូវបុណ្យចម្លង អាទិត្យទី០៤ ឆ្នាំ«ក»
 ពណ៌ស 

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គ​ប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏រុងរឿង និងតែងតាំងជាគង្វាលដ៏ប្រសើរ ដែលប្រមែ​ប្រមូលមនុស្ស​គ្រប់ជាតិ​សាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តា​ប្រោស​យើងខ្ញុំឱ្យ​យកចិត្ត​ទុកដាក់​ស្តាប់ព្រះសូរ​សៀង​របស់​គង្វាលនេះ និងបម្រើអ្នកដទៃតាមគង្វាលនេះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,១៤.៣៦-៤១)

នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់​បណ្តា​ជន​ថា៖ «សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូដែលបងប្អូនបានឆ្កាងនេះ ព្រះជាម្ចាស់​បានតែង​តាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្តហើយ»។ កាលបណ្តាជនបានឮសេចក្តីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកសិលា និងគ្រីស្តទូតឯទៀត​ៗ​ថា​៖ «បងប្អូនអើយ! តើឱ្យយើងខ្ញុំធ្វើដូចម្តេច?»។ លោកសិលាមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗ ត្រូវទទួលពិធីជ្រមុជ​ទឹក​ក្នុង​​ព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឱ្យរួចពីបាប។ បងប្អូននឹងទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូន ចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់​យើង​ត្រាស់​ហៅ»។ លោកសិលាបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេដោយពាក្យពេចន៍ជាច្រើនទៀត គឺលោក​មាន​ប្រ​សាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឱ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែល​យល់ព្រមទទួលពាក្យរបស់លោក ក៏ទទួល​ពិធី​ជ្រមុជទឹក ហើយនៅថ្ងៃ នោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសាវ័ក។

ទំនុកតម្កើងលេខ ២៣ (២២), ១-៦ បទពាក្យ ៧​​​

អ្វីៗដែលនៅលើផែនដី កើតមកច្រើនក្រៃមីរដេរដាស  
  សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ ជាស្នាព្រះហស្តនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះ គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង  
  ធ្វើឱ្យផែនដីនៅរឹងប៉ឹង ធំធេងលើ្វយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំ វិហារឧត្តមដ៏វិសុទ្ធ  
  ដែលជាទីស្ថានតែមួយគត់ ល្អល្អះបំផុតសែនសុខសាន្ត
គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន  
  មិនបណ្តោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់  
  ហើយព្រះអង្គបានជួយសង្គ្រោះ ទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត  
  ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភក្រ្តល្អល្អិតព្រះយ៉ាកុប

អត្ថបទទី២៖ សូមថ្លែងលិខិតទី១ របស់សន្ដសិលា (១សល ២,២០-២៥)

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើបងប្អូនត្រូវរងទុក្ខលំបាក ដោយបានប្រព្រឹត្តអំពើល្អ បងប្អូនលើកតម្កើង​ព្រះជាម្ចាស់ដោយការស៊ូទ្រាំ។ ព្រះអង្គត្រាស់ហៅ បងប្អូនមកឱ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះព្រះគ្រីស្តក៏​បានរងទុក្ខ​លំបាក​សម្រាប់បងប្អូនទុកជាគំរូ ឱ្យបងប្អូនដើរតាមគន្លងរបស់ព្រះអង្គដែរ។ ព្រះអង្គពុំដែល​បានប្រព្រឹត្ត​អំពើ​បាប​សោះ ​ហើយក៏ពុំដែលមានព្រះបន្ទូលវៀចវេរណាចេញពីព្រះឱស្ឋរបស់ព្រះអង្គឡើយ។ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះ​អង្គ​មិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគ្រីស្តបានផ្ទុកបាបរបស់យើងក្នុងព្រះកាយរបស់ព្រះអង្គ ដែលជាប់​លើ​ឈើ​ឆ្កាង ដើម្បីឱ្យយើងលែងជំពាក់ជំពិននឹងបាបតទៅមុខទៀត និងឱ្យយើងមានជីវិត ដោយប្រព្រឹត្តតែអំពើសុចរិត។ បង​ប្អូន​បានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គហ្នឹងហើយ ដ្បិតបងប្អូនប្រៀបដូចជាចៀមដែល វង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករកគង្វាល និងអ្នកថែរក្សាព្រលឹងរបស់បងប្អូនវិញហើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (យហ ១០,១៤-១៥)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូជាគង្វាលដ៏ល្អប្រសើរ! ព្រះអង្គស្គាល់ចៀមរបស់ព្រះអង្គ ហើយចៀមក៏ស្គាល់​ព្រះអង្គដែរ។ ព្រះអង្គស៊ូប្តូរជីវិតដើម្បីចៀមរបស់ព្រះអង្គ។ ​អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១០,១-១០)

ព្រះយេស៊ូមានព្រះបន្ទូលមកកាន់ពួកផារីស៊ីថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណា​មិន​ចូលក្នុង​ក្រោល​ចៀម​តាមទ្វារ តែផ្លោះចូលតាមកន្លែងផ្សេង អ្នកនោះជាចោរលួចចោប្លន់។ រីឯអ្នកដែលចូលតាមទ្វារ ពិត​ជា​គង្វាលរបស់ចៀម។ ឆ្មាំទ្វារ បើកទ្វារឱ្យគាត់ចូល ហើយចៀមទាំងប៉ុន្មានស្តាប់សំឡេងគាត់។ គាត់ហៅចៀម​ផ្ទាល់​របស់​​គាត់តាមឈ្មោះវារៀងៗខ្លួន រួចនាំចេញទៅខាងក្រៅ។ លុះគាត់បញ្ចេញចៀមចេញពីក្រោលអស់ហើយ គាត់​ដើ​រ​នាំមុខវា ហើយវាដើរតាមក្រោយគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។ ចៀមទាំងនោះមិនដើរតាម​អ្ន​ក​ដទៃ​ជា​ដាច់​ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នានេះឱ្យគេស្តាប់ ប៉ុន្តែ គេពុំបានយល់ថាព្រះអង្គមានព្រះបន្ទូល​អំពី​រឿង​អ្វី​ឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំហ្នឹងហើយជាទ្វារសម្រាប់​ឱ្យ​ចៀមចេញ​ចូល។ អ្នកដែលមកមុនខ្ញុំទាំងប៉ុន្មានសុទ្ធតែជាចោរលួច ចោរប្លន់ទាំងអស់ ចៀមមិនបានស្តាប់​សំឡេង​អ្នក​​ទាំងនោះឡើយ។ ខ្ញុំហ្នឹងហើយជាទ្វារ អ្នកណាចូលតាមខ្ញុំ ព្រះជាម្ចាស់នឹងសង្គ្រោះអ្នកនោះ អ្នកនោះនឹងចេញចូល ព្រមទាំងរកឃើញចំណីអាហារថែមទៀតផង។ ចោរវាមក គិតតែពី លួចប្លន់ គិតតែពីសម្លាប់ និងបំផ្លាញប៉ុណ្ណោះ។ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឱ្យមនុស្សលោកមានជីវិត ហើយឱ្យគេមានជីវិតពេញបរិបូណ៌»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់! ជារៀងរាល់ឆ្នាំព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំនឹករឭកអំពីរបៀបព្រះគ្រីស្តស​ង្គ្រោះ​យើង​ខ្ញុំ!។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមជាមួយព្រះយេស៊ូដែលបានបូជាព្រះជន្ម។ សូមទ្រង់​ព្រះមេត្តា​ទទួល​តង្វាយ​របស់យើងខ្ញុំដោយអនុគ្រោះ។

ធម៌លើកតម្កើង

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាច​នៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលជាគង្វាលដ៏សប្បុរស! ព្រះអង្គសង្គ្រោះយើង​ខ្ញុំ​​ដោយព្រះបុត្រាបូជាព្រះជន្ម។ សូមទ្រង់ព្រះមេត្តាណែនាំយើងខ្ញុំជាព្រះសហគមន៍ព្រះអង្គ ឱ្យស្គាល់ធម៌មេត្តា​ករុ​ណា​​ដ៏លើសលប់របស់ព្រះអង្គផង។