១៣ មេសា ២០២៦

Written on 07/07/2026
Sokhorn Oem

ថ្ងៃចន្ទ សប្តាហបុណ្យចម្លង អាទិត្យទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅជានិច្ច! ព្រះអង្គបានប្រោសយើងខ្ញុំឱ្យអាចហៅព្រះអង្គថា “ព្រះបិតា”បាន។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំមានចិត្តគំនិតស្របនឹងឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៤,២៣-៣១)

ក្រោយពីក្រុមប្រឹក្សាជាន់ខ្ពស់បានដោះលែងលោកសិលា និងលោកយ៉ូហានឱ្យបានរួចខ្លួន លោកទាំងពីរនាំគ្នាទៅជួបពួកបងប្អូន ហើយរៀបរាប់អំពីសេចក្តីទាំងប៉ុន្មានដែលពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យបាននិយាយ។ កាលពួកគេឮដូច្នោះ គេរួមចិត្តគំនិតគ្នា ហើយបន្លឺសំឡេងទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះដ៏​ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីទាំងនោះ។ ព្រះអង្គមានព្រះបន្ទូលដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈអ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបុព្វបុរសយើងខ្ញុំថា៖ “ហេតុអ្វីបានជាជាតិសាសន៍ទាំងឡាយនាំគ្នាបង្កើតកោលាហល? ហេតុអ្វីបានជាប្រជារាស្រ្តនានាមានគំនិតឥតខ្លឹមសារដូច្នេះ?។ ពួកស្តេចនៅលើផែនដី និងពួកមេដឹកនាំពួតដៃរួមគំនិតគ្នាប្រឆាំងនឹងព្រះអម្ចាស់ ហើយប្រឆាំងនឹងព្រះគ្រីស្តរបស់ព្រះអង្គ”។ ប្រាកដមែន! នៅក្នុងក្រុងនេះ ស្តេចហេរ៉ូដ និងលោកប៉ុនពីឡាតបានរួមគ្នាប្រឆាំងនឹងព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គដែលទ្រង់បានចាក់ប្រេងអភិសេក ទាំងមានសាសន៍ដទៃទៀត និងប្រជាជនអុីស្រាអែលសមគំនិតផង។ គេនាំគ្នាប្រព្រឹត្តដូចព្រះអង្គបានកំណត់ទុកជាមុនតាមឫទ្ធិបារមី និងតាមព្រះតម្រិះរបស់ព្រះអង្គ ឱព្រះអម្ចាស់អើយ! ឥឡូវនេះ សូមទ្រង់ជ្រាបសេចក្តីគំរាមរបស់ពួកគេ ហើយសូមទ្រង់ប្រោសប្រទានឱ្យពួកអ្នកបម្រើព្រះអង្គថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង សូមសម្តែងបារមីឱ្យអ្នកជំងឺបានជា ឱ្យមានទីសម្គាល់ និងឫទ្ធិបាដិហារិយ៍កើតមានឡើងក្នុងព្រះនាមព្រះយេស៊ូ ជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ»។
កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នេះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តអង់អាច។

ទំនុកតម្កើងលេខ ២, ១-៩ បទពាក្យ ៧

 

១ ហេតុអ្វីបានជាប្រជាជាតិ នាំគ្នាខ្មីឃ្មាតកើតកង្វល់  
  បង្កើតវឹកវរចលាចល រអ៊ូរចល់គ្មានខ្លឹមសារ ។
២ ពួកស្តេចនៅលើភពផែនដី បះបោរពួតដៃឃុបឃិតគ្នា  
  ប្រឆាំងព្រះម្ចាស់ឥតរួញរា និងព្រះគ្រីស្តជាបុត្រព្រះអង្គ ។
៣ គេពោលថា៖«យើងទៅបំបាក់ នឹមព្រះអម្ចាស់កុំរេរង  
  គ្រវែងច្រវាក់កុំបង្អង់ របស់ព្រះអង្គចោលចេញទៅ!» ។
៤ ប៉ុន្តែព្រះអម្ចាស់គ្រងរាជ្យ ពេញដោយអំណាចមិនអាស្រូវ  
  នាស្ថានបរមសុខគ្មានហ្មងសៅ ចំអកដាក់ទៅខ្មាំងល្ងង់ឆោត ។
៥ ព្រះអង្គមានព្រះបន្ទូលទៅ ពួកខ្មាំងសត្រូវដោយក្រេវក្រោធ  
  ទ្រង់ធ្វើឱ្យគេភ័យតក់ស្លុត ដោយព្រះពិរោធដូច្នេះថា៖ ។
៦ «គឺយើងនេះហើយដែលអភិសេក ទៅឱ្យដល់ស្តេចយើងនោះណា  
  នៅលើស៊ីយ៉ូនភ្នំដែលជា ទីដ៏សុខាសែនវិសុទ្ធ» ។
៧ ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់ មានបន្ទូលច្បាស់យ៉ាងមោះមុត  
  ថា៖«ព្រះអង្គនេះពិតជាបុត្រ ដែលយើងបង្កើតនៅថ្ងៃនេះ» ។
៨ បើព្រះអង្គសុំយើងនឹងផ្តល់ ប្រជាជាតិដល់ទ្រង់ទាំងអស  
  ឱ្យព្រះអង្គទុកជាមត៌ក ផែនដីទាំងអស់ជាកម្មសិទ ។
៩ ទ្រង់នឹងបង្រ្កាបមិនទុកទេ ឱ្យអស់ពួកគេទើបអស់ចិត្ត  
  ដំបងដែកវាយជនទុច្ចរិត កំពាចកំពិតដូចភាជន៍បែក ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (កូឡូស ៣,១)

អាលេលូយ៉ា! អាលេលូយ៉ា!
បងប្អូនពិតជាបានរស់ឡើងវិញរួមជាមួយព្រះគ្រីស្តមែន! ចូរស្វែងរកអ្វីៗនៅស្ថានលើ ជាស្ថានដែលព្រះ​គ្រីស្តគង់នៅខាងស្តាំព្រះជាម្ចាស់នោះ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៣,១-៨)

មាននាម៉ឺនជាតិយូដាម្នាក់ ឈ្មោះនីកូដេម លោកនៅខាងគណៈផារីស៊ី។ លោកបានមកគាល់ព្រះយេស៊ូទាំងយប់ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា ព្រះជាម្ចាស់បានចាត់លោកគ្រូឱ្យមកបង្រៀនយើងខ្ញុំ ដ្បិតគ្មាននរណាអាចធ្វើទីសម្គាល់ដូចលោកគ្រូបានឡើយ វៀរលែងតែព្រះជាម្ចាស់គង់ជាមួយអ្នកនោះ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសូមជម្រាបលោកឱ្យបានដឹងច្បាស់​ថា ប្រសិនបើមនុស្សមិនកើតជាថ្មីទេ គេមិនអាចឃើញព្រះរាជ្យព្រះជាម្ចាស់បានឡើយ»។ លោកនីកូដេមទូលសួរព្រះអង្គថា៖ «ចុះបើមនុស្សមានវ័យចាស់ទៅហើយ ធ្វើដូចម្តេចនឹងអាចកើតម្តងទៀតបាន? តើគេអាចចូលទៅក្នុងផ្ទៃម្តាយ ហើយកើតម្តងទៀតបានឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសូមជម្រាបលោកឱ្យបានដឹងច្បាស់ថា ប្រសិនបើមនុស្សមិនកើតពីទឹក និងពីព្រះវិញ្ញាណទេ គេពុំអាចចូលក្នុងព្រះរាជ្យព្រះជាម្ចាស់បានឡើយ។ អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន។ ពេលខ្ញុំជម្រាបលោកថា៖ “អ្នករាល់គ្នាត្រូវកើតជាថ្មី” សូមកុំឆ្ងល់ឱ្យសោះ។ ខ្យល់ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថា ខ្យល់បក់មកពីទិសណាទៅទិសណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះដ៏​ជាចៅហ្វាយ ព្រះអង្គបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើនៅទីទាំងនោះ! ព្រះអង្គក៏បានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គឱ្យទទួលសិរីរុងរឿង។ សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំជាអ្នកបម្រើព្រះអង្គ សូមថ្វាយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាការុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយសារអគ្គសញ្ញាជ្រមុជទឹក និងដោយអគ្គសញ្ញានានា។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យប្រព្រឹត្តស្របតាមជីវិតដ៏ប្រសើរនេះ។