០៧ មេសា ២០២៦

Written on 13/07/2026
Sokhorn Oem

ថ្ងៃអង្គារ សប្ដាហ៍បុណ្យចម្លង អាទិត្យទី០១
 ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មផ្ទាល់របស់ព្រះអង្គ ព្រះអង្គក៏បានប្រោសឱ្យយើងខ្ញុំមានជីវិតថ្មីទៅជាបុត្រធីតារបស់ព្រះអង្គដែរ។ សូមទ្រង់ព្រះមេត្តាប្រទាន​ឱ្យយើង​ខ្ញុំជា​ប្រជាជន​របស់​ព្រះអង្គមានសេរីភាពពេញទីខាងផ្លូវចិត្ត ដើម្បីឱ្យថ្ងៃណាមួយ យើងខ្ញុំបានអំណរយ៉ាងពេញលេញ ដោយចូលរួមជាមួយព្រះអង្គនៅស្ថានបរមសុខផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ២,១៤.៣៦-៤១)

នៅបុណ្យថ្ងៃទីហាសិប លោកសិលាឈរជាមួយគ្រីស្តទូតដប់មួយនាក់ ហើយមានប្រសាសន៍ទៅកាន់​បណ្តា​ជន​ថា៖ «សូមឱ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូដែលបងប្អូនបានឆ្កាងនេះ ព្រះជាម្ចាស់​បានតែង​តាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រីស្តហើយ»។ កាលបណ្តាជនបានឮសេចក្តីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកសិលា និងគ្រីស្តទូតឯទៀត​ៗ​ថា​៖ «បងប្អូនអើយ! តើឱ្យយើងខ្ញុំធ្វើដូចម្តេច?»។ លោកសិលាមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជ​ទឹក​ក្នុង​​ព្រះនាមព្រះយេស៊ូគ្រីស្ត ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឱ្យរួចពីបាប។ បងប្អូននឹងទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់​យើង​ត្រាស់​ហៅ»។ លោកសិលាបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេដោយពាក្យពេចន៍ជាច្រើនទៀត គឺលោក​មាន​ប្រ​សាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះឱ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែល​យល់ព្រមទទួលពាក្យរបស់លោក ក៏ទទួល​ពិធី​ជ្រមុជទឹក ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសាវ័ក។

ទំនុកតម្កើងលេខ ៣៣(៣២),៤-៥.១៨-២២ បទព្រហ្មគីតិ

៤ ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់  
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥ ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា  
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
  ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ  
  ពីហឫទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ  
  អ្នកពឹងលើអម្ចាស់ ដ៏សប្បុរសមានមេត្តា ។
១៩ ព្រះអង្គបានសង្រ្គោះ ឱ្យគេរស់មានសង្ខារ  
  ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន ។
២០ យើងសូមផ្ញើជីវិត លើព្រះពិតមិនខកខាន  
  ជាខែលដ៏ចំណាន សង្គ្រោះប្រាណផុតភិតភ័យ ។
២១ យើងខ្ញុំសែនរីករាយ ចិត្តសប្បាយអរពេកក្រៃ  
  សូមផ្ញើជីវិតថ្លៃ លើព្រះទ័យល្អបំផុត ។
២២ សូមព្រះជាអម្ចាស់ សម្តែងព្រះទ័យវិសុទ្ធ  
  មេត្តាខ្ពស់បំផុត កាយជីវិតផ្ញើព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១១៨,២៤)

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ២០,១១-១៨) 

នៅគ្រានោះ នាងម៉ារីឈរយំនៅខាងក្រៅក្បែរមាត់ផ្នូរ។ នាងឈ្ងោកមើលទៅខាងក្នុងផ្នូរទាំងយំ ឃើញទេវទូតពីររូបស្លៀកពាក់ស អង្គុយនៅត្រង់កន្លែងដែលគេដាក់ព្រះសពព្រះយេស៊ូ ម្នាក់អង្គុយនៅខាងព្រះសិរសា ម្នាក់ទៀតនៅខាងចុងព្រះបាទា។ ទេវទូតពោលមកកាន់នាងថា៖ «នាងអើយ! ម្តេចក៏នាងយំ?»។ នាងឆ្លើយទៅទេវទូតវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ពេលនាងកំពុងតែនិយាយដូច្នេះ នាងបែរទៅក្រោយ ឃើញព្រះយេស៊ូឈរនៅទីនោះ តែនាងមិនដឹងថាជាព្រះអង្គទេ។ ព្រះយេស៊ូសួរនាងថា៖ «នាង! ម្តេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែ​រក្សាសួនច្បារ។ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់​ឱ្យនាងខ្ញុំដឹងផង លោកដាក់នៅ​ឯណា នាងខ្ញុំនឹងទៅយក»។ ព្រះយេស៊ូមានព្រះបន្ទូលហៅនាងថា៖ «ម៉ារី!»​។ នាងម៉ារីក៏បែរទៅរកព្រះអង្គ ហើយទូលព្រះអង្គជាភាសាហេប្រឺថា៖ “រ៉ាប៊ូនី!” (ពាក្យនេះប្រែថា ព្រះគ្រូ)។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «កុំឃាត់ខ្ញុំទុកអី ដ្បិតខ្ញុំមិនទាន់បានឡើងទៅឯព្រះបិតាខ្ញុំនៅឡើយ។ សុំទៅប្រាប់ពួកបងប្អូនខ្ញុំផងថា ខ្ញុំឡើងទៅឯព្រះបិតាខ្ញុំ ដែលជាព្រះបិតារបស់អ្នករាល់គ្នា ខ្ញុំឡើងទៅឯព្រះរបស់ខ្ញុំ ដែលជាព្រះរបស់អ្នករាល់គ្នាដែរ»។ នាងម៉ារីជាអ្នកស្រុកម៉ាដាឡាចេញទៅជម្រាបក្រុមសាវ័កថា នាងបានឃើញព្រះអម្ចាស់ ព្រមទាំងជម្រាបអំពីសេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកនាង។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូយាងឡើងទៅឯព្រះអង្គ ទាំងនាំយើងខ្ញុំទៅជាមួយដែរ សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំ និងបងែ្វរចិត្តរបស់យើងខ្ញុំឱ្យភ្ជាប់នឹងព្រះអង្គជានិច្ចផង។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យប្រោសយើងខ្ញុំដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ! ព្រះអង្គក៏បានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំថែមទៀតផង។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។