២៣ ធ្នូ ២០២៦

Written on 22/12/2025
Mary Siya Khim

រដូវរង់ចាំ សប្ដាហ៍ទី៤ ថ្ងៃពុធ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៣៩,១-១៨.២៣-២៤

ព្រះអង្គទតឃើញអ្វីៗទាំងអស់

តើនរណាស្គាល់គំនិតរបស់ព្រះអម្ចាស់?
តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? (រ៉ូម ១១,៣៤)។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី១ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

(ក)

១ បពិត្រព្រះអម្ចាស់! ព្រះអង្គឈ្វេងយល់ដល់ជម្រៅចិត្តទូលបង្គំ
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
២
ព្រះអង្គជ្រាបពេលណាទូលបង្គំអង្គុយ ពេលណាទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ ជាមុនស្រេចទៅហើយ។
៣
ព្រះអង្គជ្រាបពេលណាទូលបង្គំធ្វើការ ពេលណាទូលបង្គំសម្រាក
ព្រះអង្គជ្រាបច្បាស់នូវអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត។
៤
បពិត្រព្រះអម្ចាស់! ពាក្យសម្តីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គក៏ជ្រាបសេចក្តីដែលទូលបង្គំបម្រុងនឹងនិយាយនោះរួចស្រេចទៅហើយ។
៥
ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ
ព្រះអង្គការពារទូលបង្គំដោយព្រះបារមីរបស់ព្រះអង្គ។
៦
ទូលបង្គំសែនកោតស្ញប់ស្ញែងណាស់ ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
៧
តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញទៅណាឱ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គបាន?
៨
បើទូលបង្គំឡើងទៅលើមេឃ ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់ ក៏ព្រះអង្គនៅទីនោះដែរ។
៩
ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក៏ដោយ
១០
ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គដែរ។
១១
ប្រសិន​បើ​ទូលបង្គំពោល​ថា: «សូម​ឱ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ
ហើយ​សូម​ឱ្យ​ពន្លឺថ្ងៃ​ដែល​នៅ​ជុំវិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!» ។
១២
ប៉ុន្តែ ចំពោះ​ព្រះអង្គ ទោះ​បី​ងងឹត​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​ភ្លឺដដែល
គឺ​យប់​ភ្លឺដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាអម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ នឹងយាងចេញ​ពីក្រុងស៊ីយ៉ូន ដើម្បីដោះលែងប្រជាជនឱ្យមានសេរីភាព។

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី២ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

(ខ)

(បទពាក្យ ៧)

១៣- ព្រះអង្គបង្កើតរូបខ្ញុំមក ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ  
  អ្នកម្តាយមានគុណយូរខែថ្ងៃ សន្តោសប្រណីគ្រប់ៗគ្រា ។
១៤- ទូលបង្គំសូមថ្កើងព្រះអង្គ ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ  
  ខ្ញុំដឹងថាអ្វីគ្រប់ប្រការ សុទ្ធតែអស្ចារ្យកើតពីទ្រង់ ។
១៥- ពេលទូលបង្គំចាប់កំណើត នៅក្នុងទីស្ងាត់លាក់កំបាំង  
  ក៏មិនអាចពួននឹងព្រះអង្គ អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ ។
១៦- កាលទូលបង្គំមិនទាន់មាន រូបកាយមាំមួនសាច់ឈាមស្រស់  
  ព្រះអង្គទតខ្ញុំឃើញទាំងអស់ ឥតមានចន្លោះត្រង់ណាឡើយ ។
  ព្រះអង្គកំណត់ពេលវេលា អាយុសង្ខារខ្ញុំរួចហើយ  
  កត់ទុកជាស្រេចមិនកន្តើយ មុននឹងដល់ថ្ងៃនោះមកទៀត ។
១៧- បពិត្រព្រះម្ចាស់ព្រះតំរិះ ព្រះអង្គជ្រៅជ្រះជាងសមុទ្រ  
  ខ្ពស់ហួសអាកាសវេហាស៍ផុត មិនអាចកំណត់ដឹងចំនួន ។
១៨- ប្រសិនបើចិត្តខ្ញុំចង់រាប់ ក៏មិនអាចគ្រប់ទាំងអស់បាន  
  ពីការអស្ចារ្យទាំងប៉ុន្មាន មានចំនួនច្រើនជាងគ្រាប់ខ្សាច់ ។
២៣- ឱព្រះម្ចាស់អើយសូមពិនិត្យ ឱ្យបានស្គាល់ចិត្តផុតកង្វល់  
  ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ ដើម្បីបានយល់អ្វីខ្ញុំគិត ។
២៤- សូមព្រះជាម្ចាស់ទ្រង់ទតមើល ខ្ញុំមិនបានដើរខុសពីក្រឹត្យ  
  ជួយដឹកនាំខ្ញុំឱ្យជួបជិត មាគ៌ាប្រណីតនៅអស់កល្ប ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ ៖ ទូលបង្គំនឹងមិនឈប់ទូលអង្វរព្រះជាម្ចាស់សម្រាប់ក្រុងស៊ីយ៉ូនឡើយ ដរាបណាទាល់តែព្រះអង្គចាត់ព្រះដ៏វិសុទ្ធ ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះ។

បទលើកតម្កើងតាមលិខិតកូឡូស (កូឡ ១,១២-២០)

ព្រះ‌គ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ព្រះអង្គមានព្រះ‌ជន្មរស់ឡើងវិញមុនគេ

ថ្ងៃទី១៧-២៣ ខែធ្នូ

បន្ទរទី៣ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

១២ ចូរអរព្រះគុណព្រះបិតាដោយចិត្តរីករាយ
ព្រោះព្រះអង្គបានប្រោសប្រទានឱ្យបងប្អូនមានសមត្ថភាព
អាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធនៅក្នុងពន្លឺ។
១៣
ព្រះអង្គបានរំដោះយើងឱ្យរួចផុតពីអំណាចនៃសេចក្តីងងឹត
ហើយចម្លងយើងទៅក្នុងព្រះរាជ្យនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។
១៤
ដោយយើងបានរួមនៅក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង
និងលើកលែងទោសយើងឱ្យរួចពីបាប។
១៥
ព្រះគ្រីស្តជាតំណាងរបស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក
១៦
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើក្នុងអង្គព្រះគ្រីស្ត
ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ្យ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុសក្តិសិទ្ធិ និងទាំងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត។
១៧
ព្រះគ្រីស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា
ដោយសារព្រះអង្គដែរ។
១៨
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺព្រះសហគមន៍
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
១៩
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យ
ឱ្យគ្រប់លក្ខណៈសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រីស្ត។
២០
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ ឱ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្ត
គឺព្រះជាម្ចាស់បានធ្វើឱ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិតនៅលើឈើឆ្កាង។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ធិតលើខ្ញុំ។ ព្រះអង្គចាត់ខ្ញុំឱ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២សល ៣,៨-១១)

នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។ ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឱ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឱ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ថ្ងៃ​ដែលព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​ដែរ។ បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ឱ្យ​មែន​ទែន!។

បន្ទរ៖ ឱព្រះ‌ជាអម្ចាស់ប្រកបដោយឫទ្ធានុភាព និងព្រះចេស្តា ! *សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាពឡើងវិញផង។ បន្ទរឡើងវិញ៖…
-សូមទតមកយើងខ្ញុំដោយព្រះ‌ហឫទ័យសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ឱអេម៉ានូអែល! ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ ព្រះ‌អង្គប្រទាន​ច្បាប់​ទម្លាប់​មក​យើង។ ព្រះអង្គជាក្តីប្រាថ្នារបស់ប្រជាជាតិទាំងឡាយ និងជាព្រះសង្រ្គោះរបស់មនុស្សទាំងអស់។ ឱព្រះជាអម្ចាស់យើងខ្ញុំអើយ! សូមយាងមករំដោះយើងខ្ញុំឱ្យមានសេរីភាព។

ពាក្យអង្វរសកល

ព្រះសង្រ្គោះរបស់យើងបានយាងមក នាំដំណឹងល្អមកកាន់ជនក្រីក្រ។ យើងខ្ញុំសូមទូលថា ៖

បន្ទរ៖ ចូរឱ្យមនុស្សទាំងអស់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ !

សូមបង្ហាញព្រះអង្គឱ្យអស់អ្នកដែលមិនទាន់ស្គាល់
—បានឃើញអំពីកិច្ចសង្រ្គោះរបស់ព្រះអង្គផង។ (បន្ទរ)


សូមឱ្យព្រះនាមព្រះអង្គប្រកាសដល់ទីដាច់ស្រយាលនៃផែនដី 
—ដើម្បីឱ្យមនុស្សទាំងអស់ស្វែងរកផ្លូវទៅកាន់ព្រះអង្គផង។ (បន្ទរ)


លើកទីមួយ ព្រះអង្គបានយាងមកសង្រ្គោះពិភពលោក
—ឥឡូវនេះ សូមព្រះអង្គយាងមកវិញ ដើម្បីសង្រ្គោះអស់អ្នកដែលជឿលើព្រះនាមព្រះអង្គផង។ (បន្ទរ)


ព្រះអង្គបាននាំសេរីភាពមកឱ្យយើងខ្ញុំ ដោយការសង្រ្គោះយើងខ្ញុំ
—សូមព្រះអង្គបន្តសង្រ្គោះ និងរំដោះយើងខ្ញុំឱ្យមានសេរីភាព។ (បន្ទរ)


ព្រះអង្គបានយាងមកក្នុងឋានៈជាមនុស្ស ព្រះអង្គក៏នឹងបង្វែរការវិនិច្ឆ័យទោសដែរ
—សូមព្រះអង្គប្រទានរង្វាន់អស់កល្បជានិច្ច ដល់អ្នកដែលបានទទួលមរណភាពទៅហើយនោះផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកប្រសូតជាមនុស្សដូចយើងខ្ញុំ ដោយបង្ហាញពីព្រះហឫទ័យមេត្តាករុណាចំពោះអ្នកតូចតាច និងអ្នកក្រីក្រ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំប្រែចិត្តគំនិត ដើម្បីទទួលកិត្តិយសដ៏ថ្លៃថ្លាជាបុត្រធីតារបស់ព្រះអង្គ។
យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។