រដូវរង់ចាំ សប្ដាហ៍ទី២ ថ្ងៃអាទិត្យ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។
បន្ទរទី១៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះអង្គយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!
| ១ | ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖ “សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។ |
| ២ | សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖ “ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរងើយទៅលើមេឃ ហើយរំពៃមើលចុះ! ព្រះអង្គយាងមកលើពពកក្នុងផ្ទៃមេឃ ប្រកបដោយមហិទ្ធិឫទ្ធិ និងព្រះចេស្ដាដ៏ខ្លាំងពូកែ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១១៥
សូមលើកតម្កើងព្រះជាម្ចាស់ដ៏ពិតប្រាកដ
មនុស្សម្នារៀបរាប់អំពីរបៀបដែលបងប្អូនទទួលយើង នៅពេលយើងមករកបងប្អូន និងអំពីរបៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ
បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គដែលមានព្រះជន្មរស់ និងជាព្រះដ៏ពិតប្រាកដ (១ថស ១,៩)។
បន្ទរទី២៖ ព្រះអម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!
(បទកាកគតិ)
| ១- | បពិត្រព្រះម្ចាស់ | ខ្ញុំមិនគួរសោះ | ឱ្យគេតម្កើង |
| មានតែព្រះអង្គ | ទើបត្រូវលើកឡើង | ឱ្យខ្ពស់ថ្កុំថ្កើង | |
| ព្រោះទ្រង់សប្បុរស | ។ | ||
| ២- | ម្តេចក៏ប្រជា | គ្រប់ជាតិនានា | នាំគ្នាសួរស្រុះ |
| មកយើងខ្ញុំថា | "ពួកឯងទាំងអស់ | តើព្រះឯងនោះ | |
| ស្ថិតនៅឯណា? " | ។ | ||
| ៣- | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
| ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ | |
| បានឥតមានទាស់ | ។ | ||
| ៤- | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
| ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស | |
| ជាព្រះមនុស្សច្នៃ | ។ | ||
| ៥- | ព្រះនោះមានមាត់ | និយាយមិនកើត | មិនដែលចេញស្តី |
| តាមតែជាងឆ្លាក់ | ដាក់មកធ្វើអ្វី | ភ្នែកឥតប្រស្រី | |
| មើលអ្វីមិនបាន | ។ | ||
| ៦- | រីឯត្រចៀក | មានប្រាកដជាក់ | តែមិនចំណាន |
| ព្រោះស្តាប់មិនកើត | មិនដឹងដើមដាន | ច្រមុះដែលមាន | |
| តែមិនដឹងក្លិន | ។ | ||
| ៧- | មានសព្វទាំងដៃ | តែមិនអាចលៃ | ប៉ះពាល់ឬកាន់ |
| មានជើងនៅស្ងៀម | ព្រោះដើរមិនបាន | បំពង់កមាន | |
| តែគ្មានសំឡេង | ។ | ||
| ៨- | សូមឱ្យអស់អ្នក | ដែលបានដាប់ឆ្លាក់ | រូបព្រះនោះឯង |
| ហើយផ្ញើជីវិត | គ្មានគិតកោតក្រែង | ឱ្យគេចំបែង | |
| ដូចព្រះទាំងនោះ | ។ | ||
| ៩- | អ៊ីស្រាអែលអើយ | ចូរកុំកន្តើយ | ជីវិតផ្ញើព្រះ |
| នោះទ្រង់នឹងជួយ | អ្នកបានទាំងអស់ | ជាខែលគ្រឿងក្រោះ | |
| ពាំងអ្នករាល់គ្នា | ។ | ||
| ១០- | ពូជពង្សរបស់ | អរ៉ុនទាំងអស់ | ចូរអ្នកម្នីម្នា |
| ផ្ញើជន្មជីវ៉ា | លើព្រះនាមា | ទ្រង់នឹងការពារ | |
| ឱ្យអ្នកបានសុខ | ។ | ||
| ១១- | អ្នកដែលកោតខ្លាច | ព្រះមានអំណាច | នឹងមិនជួបទុក្ខ |
| បើផ្ញើជីវិត | អ្នកនឹងបានសុខ | ពីនេះទៅមុខ | |
| ផុតទុក្ខល្ហើយល្ហែ | ។ | ||
| ១២- | ព្រះមិនបំភ្លេច | សូម្បីតួចតិច | ដល់ពួកយើងទេ |
| ព្រះអង្គឱ្យពរ | យើងកើនឡើងទ្វេ | អ៊ីស្រាអែលដែរ | |
| និងលោកអរ៉ុន | ។ | ||
| ១៣- | ព្រះអង្គប្រទាន | ពរទាំងអ្នកមាន | អ្នកតូចអ្នកធំ |
| ដែលចេះកោតខ្លាច | ក្រាបថ្វាយបង្គំ | យកព្រះជាធំ | |
| ជាម្លប់ថ្លៃថ្លា | ។ | ||
| ១៤- | សូមព្រះប្រទាន | ពរនោះឱ្យមាន | ដល់អ្នករាល់គ្នា |
| បានចម្រើនឡើង | គ្រប់ពេលវេលា | បានសុខរមនា | |
| កូនចៅប្រុសស្រី | ។ | ||
| ១៥- | សូមអ្នកទទួល | កុំបីអំពល់ | ពីម្ចាស់មេឃដី |
| ទ្រង់ប្រទានពរ | បវរសួស្តី | ព្រះអម្ចាស់ថ្លៃ | |
| ជាព្រះយើងពិត | ។ | ||
| ១៦- | ផ្ទៃមេឃផែនដី | សន្លឹមអន្លាយ | គឺជាកម្មសិទ្ធ |
| របស់ព្រះម្ចាស់ | តែមួយអង្គគត់ | ព្រះអង្គអាណិត | |
| ឱ្យដីមកមនុស្ស | ។ | ||
| ១៧- | មនុស្សស្លាប់ជាខ្មោច | មានក្លិនអសោច៍ | ពុំអាចថ្កើងយស |
| អស់អ្នកដែលចុះ | ទៅស្ថានក្រោមនោះ | ក៏ពុំមានឈ្មោះ | |
| តម្កើងសិរី | ។ | ||
| ១៨- | គឺយើងនេះហើយ | គ្មានអ្នកផ្សេងឡើយ | ដែលរស់លើដី |
| បានលើកតម្កើង | ព្រះអង្គរាល់ថ្ងៃ | ឥតមានសំចៃ | |
| ជារៀងរហូត | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កើនឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ព្រះអម្ចាស់នឹងយាងមក ឥតខកចិត្តឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៨)
វិវាហមង្គលការកូនចៀម
បន្ទរទី៣ ៖ ព្រះអម្ចាស់ជាចៅហ្វាយ និងជាព្រះមហាក្សត្ររបស់យើង។ ព្រះអង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខសាន្ត និងជាសះស្បើយ អាលេលូយ៉ា!
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៥ | អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា! អាលេលូយ៉ា! |
| ៦ | ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់ជាចៅហ្វាយ និងជាព្រះមហាក្សត្ររបស់យើង។ ព្រះអង្គនឹងយាងមក ដើម្បីឱ្យយើងទទួលសេចក្ដីសុខសាន្ត និងជាសះស្បើយ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ភីល ៤,៤-៧)
ចូរបងប្អូនអរសប្បាយ ដោយរួមជាមួយព្រះអម្ចាស់ជានិច្ច ខ្ញុំសូមជម្រាបបងប្អូនម្ដងទៀតថា ចូរអរសប្បាយឡើង! ចូរសម្ដែងឱ្យមនុស្សម្នាទាំងអស់ស្គាល់សន្ដានចិត្តសប្បុរសរបស់បងប្អូន ព្រះអម្ចាស់ជិតយាងមកដល់ហើយ។ សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវទូលព្រះជាម្ចាស់ឱ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយអធិស្ឋាន និងទូលអង្វរ ទាំងអរព្រះគុណព្រះអង្គផង។ ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រីស្តយេស៊ូមិនខាន។
បន្ទរ៖ ឱព្រះអម្ចាស់អើយ *សូមសម្ដែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំ។ បន្ទរឡើងវិញ៖…
-ហើយសូមសង្គ្រោះយើងខ្ញុំផង!។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ព្រះជាម្ចាស់បានប្រទានពរដល់នាងលើសស្ត្រីនានា នាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿព្រះបន្ទូល ដែលព្រះអម្ចាស់ប្រាប់នាងមុខជាបានសម្រេចមិនខាន» អាលេលូយ៉ា!។
ពាក្យអង្វរសកល
បន្ទរ៖ ឱព្រះអម្ចាស់យេស៊ូអើយ សូមយាងមក !
—សូមប្រទានជីវិតថ្មីឱ្យយើងខ្ញុំ ដោយការយាងមករបស់ព្រះអង្គផង។ (បន្ទរ)
—សូមអាណិតអាសូរយើងខ្ញុំ។ (បន្ទរ)
—សូមរំដោះយើងខ្ញុំឱ្យរួចផុតពីទោសកំហុសទាំងឡាយ នៅពេលព្រះអង្គយាងមកវិញ ក្នុងសិរីរុងរឿងនោះផង។ (បន្ទរ)
—សូមឱ្យវិញ្ញាណក្ខន្ធទាំងឡាយបានរីករាយជាមួយនឹងពន្លឺរបស់ព្រះអង្គ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការអើយ ! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្យាការីយ៉ូហានបាទីស្ត ឱ្យមករៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់ រៀបចំផ្លូវថ្វាយព្រះគ្រីស្តដែលកំពុងយាងមក និងប្រោសឱ្យយើងខ្ញុំចេះកសាងពិភពលោកប្រកបដោយយុត្តិធម៌។
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

