ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្សត្រនៃពិភពលោក
(បុណ្យឱឡារិក)
(ពេលល្ងាចទី២)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១០,១-៥.៧
បន្ទរទី១៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ។ អាលេលូយ៉ា!
| ១ | ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជាជាព្រះអម្ចាស់របស់ខ្ញុំដូចតទៅនេះ ៖ «សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។ |
| ២ | សូមព្រះជាអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ! សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ! |
| ៣ | នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ដ្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។ |
| ៤ | ព្រះអម្ចាស់មានព្រះបន្ទូលសន្យាដោយឥតប្រែប្រួលថា : «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក»។ |
| ៥ | ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា នៅថ្ងៃដែលព្រះអង្គព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។ |
| ៧ | នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះរួចហើយ ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ។ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៤៥,១-១៣
បន្ទរទី២៖ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។
(បទកាកគតិ)
| ១- | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ | |
| ជារៀងដរាប | ។ | ||
| ២- | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
| រហូតតទៅ | ។ | ||
| ៣- | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
| រកអ្វីផ្ទឹមគ្មាន | ។ | ||
| ៤- | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៥- | ខ្ញុំរាប់ខ្ញុំរៀប | ពីអានុភាព | បារមីមានឫទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
| គ្រប់ស្នាព្រះហស្ត | ។ | ||
| ៦- | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ខ្ញុំក៏ថ្លាថ្លែង | កិច្ចការទាំងអស់ | ជាស្នាព្រះហស្ត | |
| ទ្រង់ធ្វើហូរហែ | ។ | ||
| ៧- | គេនឹងរំលឹក | ទាំងថ្ងៃយប់ព្រឹក | តទៅឥតប្រែ |
| ព្រមទាំងប្រកាស | ក្តីសប្បុរសដែរ | សុចរិតឥតល្ហែ | |
| របស់ព្រះអង្គ | ។ | ||
| ៨- | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
| អាណិតមេត្តា | ។ | ||
| ៩- | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា | |
| រស់ពេញផែនដី | ។ | ||
| ១០- | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
| ក៏ថ្កើងទ្រង់ដែរ | ។ | ||
| ១១- | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
| ព្រះអង្គនៅគង់ | ។ | ||
| ១២- | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
| ចិញ្ចែងចិញ្ចាច | ។ | ||
| ១៣- | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
| ស្ថិតយូរវស្សា | ។ | ||
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
| ករុណាអាសូរ | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃឯក | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះអង្គគ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ព្រះអង្គជាព្រះមហាក្សត្រ អស់កល្បជាអង្វែងតរៀងទៅ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)
បន្ទរទី៣៖ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។ សូមសរសើរតម្កើងសិរីរុងរឿង និងឫទ្ធានុភាពរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
| ១ | អាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព |
| ២ | ដ្បិតព្រះអង្គវិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌។ អាលេលូយ៉ា! |
| ៥ | អាលេលូយ៉ា! «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ អាលេលូយ៉ា! |
| ៦ | អាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ |
| ៧ | យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា! អាលេលូយ៉ា! ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ នៅលើព្រះភូសា និងលើភ្លៅរបស់ព្រះអង្គ មានសរសេរព្រះនាមថា «ព្រះមហាក្សត្រលើមហាក្សត្រនានា និងព្រះអម្ចាស់លើអម្ចាស់នានា»។ សូមសរសើរតម្កើងសិរីរុងរឿង និងឫទ្ធានុភាពរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១៥,២៥-២៨)
ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ។ សត្រូវចុងក្រោយបង្អស់ ដែលនឹងត្រូវរំលាយចោលនោះ គឺសេចក្ដីស្លាប់។ ព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់នៅក្រោមព្រះបាទារបស់ព្រះគ្រីស្តរួចស្រេចហើយ។ ប៉ុន្តែ កាលព្រះជាម្ចាស់មានព្រះបន្ទូលថា “ព្រះអង្គបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត” ដូច្នេះ មិនមែនរាប់បញ្ចូលព្រះអង្គផ្ទាល់ ដែលបានបង្ក្រាបអ្វីៗទាំងអស់ មកដាក់ក្រោមអំណាចរបស់ព្រះគ្រីស្តនោះទេ ព្រះអង្គមិនស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រីស្តឡើយ។ លុះដល់ពេលអ្វីៗទាំងអស់ ស្ថិតនៅក្រោមអំណាចរបស់ព្រះគ្រីស្តហើយ ទើបព្រះបុត្រាផ្ទាល់នឹងចុះចូលក្រោមអំណាចព្រះបិតា ដែលបានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចព្រះអង្គនោះវិញដែរ ដើម្បីឱ្យព្រះជាម្ចាស់បានគ្រងរាជ្យលើអ្វីៗទាំងអស់ ក្នុងគ្រប់ប្រការទាំងអស់។
បន្ទរ៖ បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ *នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរឡើងវិញ៖…
-ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី»។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះមហាក្សត្រ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏កើតមានដោយសារព្រះអង្គដែរ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។
ព្រះគ្រីស្តជាព្រះមហាក្សត្រ និងជាគង្វាលរបស់យើងខ្ញុំ សូមព្រះអង្គប្រមូលកូនចៀមរបស់ព្រះអង្គមកពីគ្រប់ទីកន្លែង
—សូមប្រទានឱ្យពួកគេមកកាន់វាលស្មៅខៀវខ្ចី និងមានជីជាតិផង។ (បន្ទរ)
ព្រះគ្រីស្តជាប្រមុខដឹកនាំ និងជាព្រះសង្រ្គោះយើងខ្ញុំ សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ ស្វែងរកអ្នកដែលបាត់បង់ និងការពារអ្នកដែលមាំមួន
—សូមព្រះអង្គត្រាស់ហៅអស់អ្នកដែលបានឃ្លាតឆ្ងាយពីព្រះសហគមន៍ ឱ្យវិលត្រឡប់មកវិញ និងពង្រឹងអស់អ្នកដែលចុះខ្សោយ ហើយសូមព្រះអង្គប្រមូលកូនចៀមទាំងអស់របស់ព្រះអង្គមកនៅក្នុងក្រោលតែមួយផង។ (បន្ទរ)
ព្រះអង្គជាចៅក្រមកាត់ក្តីមនុស្សទាំងអស់ នៅពេលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា សូមឱ្យយើងខ្ញុំបាននៅខាងស្តាំព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំបានគ្រងព្រះរាជ្យ ដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងខ្ញុំ តាំងពីមុនកំណើតពិភពលោកមក។ (បន្ទរ)
ឱព្រះអង្គម្ចាស់នៃសន្តិភាព ! សូមព្រះអង្គមេត្តាកាច់បំបាក់គ្រឿងសព្វាវុធនៃសង្រ្គាមចោលផង
—ហើយសូមឱ្យប្រជាជាតិទាំងឡាយបានប្រកបដោយសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)
ព្រះគ្រីស្តជាមរតកនៃមនុស្សគ្រប់ជាតិសាសន៍ សូមព្រះអង្គប្រមូលមនុស្សជាតិ និងអ្វីៗដ៏ល្អដែលព្រះអង្គបានបង្កើត មកក្នុងរាជាណាចក្រនៃព្រះសហគមន៍ ដែលព្រះបិតាបានប្រទានមកព្រះអង្គ —ដើម្បីឱ្យសរីរាង្គទាំងមូលនៃប្រជារាស្រ្តរបស់ព្រះអង្គ បានរួមគ្នាជាអង្គតែមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយទទួលស្គាល់ព្រះអង្គជាព្រះសិរសារបស់ពួកគេ។ (បន្ទរ)
ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ព្រះអង្គជាផលដំបូងនៃអស់អ្នកដែលបានសម្រាន្តលក់ក្នុងសេចក្តីស្លាប់
—សូមព្រះអង្គទទួលអស់មរណបុគ្គល ឱ្យចូលក្នុងសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញនោះផង។ (បន្ទរ)
ធម៌ "ឱព្រះបិតា"
ពាក្យអធិដ្ឋាន
បពិត្រព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ និងមានព្រះជន្មគង់នៅជានិច្ច ! នៅថ្ងៃនេះ យើងខ្ញុំសូមគោរពដល់គុណធម៌របស់សន្តបុគ្គលទាំងឡាយដែលជាព្រះអំណោយទានរបស់ព្រះអង្គ។ តាមរយៈពាក្យទូលអង្វររបស់សន្តបុគ្គលទាំងឡាយ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំបានរួចពីបាប និងបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!

