ព្រះអម្ចាស់យេស៊ូគ្រីស្ត ជាព្រះមហាក្សត្រនៃពិភពលោក
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ គេនឹងថ្វាយព្រះនាមថា: ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត ហើយរាជបល្ល័ង្ករបស់ព្រះអង្គនឹងនៅស្ថិតស្ថេររហូតតទៅ។
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឱ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ គេនឹងថ្វាយព្រះនាមថា: ព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត ហើយរាជបល្ល័ង្ករបស់ព្រះអង្គនឹងនៅស្ថិតស្ថេររហូតតទៅ។
ទំនុកតម្កើងលេខ ១១៧
បន្ទរទី២៖ រាជ្យរបស់ព្រះអង្គជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយស្តេចទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង។
(បទពាក្យ ៧)
| ១- | ឱប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកតម្កើង | |
| អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
| ២- | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
| សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ៖ រាជ្យរបស់ព្រះអង្គជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយស្តេចទាំងប៉ុន្មាននៅលើផែនដីនឹងនាំគ្នាបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩.១០.១២)
បន្ទរទី៣៖ «គ្រប់ទាំងអំណាច និងរាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះគ្រីស្ដ ហើយមនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ពន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា នឹងនាំគ្នាគោរពបម្រើព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!»។
| ១១ | «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។ |
| ៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថាៈ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះព្រះអង្គត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
| ១០ | ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យបម្រើព្រះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។ |
| ១២ | នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថាៈ «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ «គ្រប់ទាំងអំណាច និងរាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះគ្រីស្ដ ហើយមនុស្សគ្រប់ជាតិសាសន៍ គ្រប់កុលសម្ពន្ធ គ្រប់ប្រជាជន និងពីគ្រប់ភាសា នឹងនាំគ្នាគោរពបម្រើព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ!»។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ១,២០-២៣)
ព្រះអង្គបានសម្ដែងមហិទ្ធិឫទ្ធិនេះ ដោយប្រោសព្រះគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ និងឱ្យគង់នៅខាងស្ដាំព្រះអង្គនៅស្ថានបរមសុខ ខ្ពស់ជាងវត្ថុស័ក្តិសិទ្ធិគ្រប់យ៉ាង ខ្ពស់ជាងអ្វីៗដែលមានអំណាច មានឫទ្ធិ មានបារមីគ្រប់គ្រង និងខ្ពស់លើសអ្វីៗដែលមានឈ្មោះមិនត្រឹមតែនៅលោកនេះទេ គឺនៅលោកខាងមុខទៀតផង។ ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ឱ្យនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ត ព្រមទាំងប្រទានឱ្យព្រះអង្គគង់នៅលើអ្វីៗទាំងអស់ ធ្វើជាសិរសាលើព្រះសហគមន៍ ដែលជាព្រះកាយរបស់ព្រះអង្គ។ ព្រះសហគមន៍នេះបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះគ្រីស្ត ហើយព្រះគ្រីស្តផ្ទាល់ក៏បានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់ព្រះជាម្ចាស់ដែរ។
បន្ទរ៖ ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព និងសិរីរុងរឿង *ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់។ បន្ទរឡើងវិញ៖…
-ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ព្រះជាម្ចាស់នឹងតាំងបុត្រនោះ ឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ។ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរ ឥតមានទីបញ្ចប់ឡើយ»។
ពាក្យអង្វរសកល
ចូរយើងទូលអង្វរព្រះគ្រីស្តជាព្រះមហាក្សត្រ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏កើតមានដោយសារព្រះអង្គដែរ។
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។
ព្រះគ្រីស្តជាព្រះមហាក្សត្រ និងជាគង្វាលរបស់យើងខ្ញុំ សូមព្រះអង្គប្រមូលកូនចៀមរបស់ព្រះអង្គមកពីគ្រប់ទីកន្លែង
—សូមប្រទានឱ្យពួកគេមកកាន់វាលស្មៅខៀវខ្ចី និងមានជីជាតិផង។ (បន្ទរ)
ព្រះគ្រីស្តជាប្រមុខដឹកនាំ និងជាព្រះសង្រ្គោះយើងខ្ញុំ សូមព្រះអង្គប្រោសឱ្យមនុស្សទាំងអស់ទៅជាប្រជារាស្រ្តផ្ទាល់របស់ព្រះអង្គ សូមប្រោសអ្នកជំងឺឱ្យបានជាសះស្បើយ ស្វែងរកអ្នកដែលបាត់បង់ និងការពារអ្នកដែលមាំមួន
—សូមព្រះអង្គត្រាស់ហៅអស់អ្នកដែលបានឃ្លាតឆ្ងាយពីព្រះសហគមន៍ឱ្យវិលត្រឡប់មកវិញ និងពង្រឹងអស់អ្នកដែលចុះខ្សោយ ហើយសូមព្រះអង្គប្រមូលកូនចៀមទាំងអស់របស់ព្រះអង្គមកនៅក្នុងក្រោលតែមួយផង។ (បន្ទរ)
ព្រះអង្គជាចៅក្រមកាត់ក្តីមនុស្សទាំងអស់ នៅពេលព្រះអង្គប្រគល់ព្រះរាជ្យថ្វាយព្រះបិតា សូមឱ្យយើងខ្ញុំបាននៅខាងស្តាំព្រះអង្គ
—ដើម្បីឱ្យយើងខ្ញុំបានគ្រងព្រះរាជ្យដែលព្រះអង្គបានរៀបចំទុកសម្រាប់យើងខ្ញុំ តាំងពីមុនកំណើតពិភពលោកមក។ (បន្ទរ)
ឱព្រះអង្គម្ចាស់នៃសន្តិភាព ! សូមព្រះអង្គមេត្តាកាច់បំបាក់គ្រឿងសព្វាវុធនៃសង្រ្គាមចោលផង
—ហើយសូមឱ្យប្រជាជាតិទាំងឡាយបានប្រកបដោយសេចក្តីសុខសាន្តរបស់ព្រះអង្គ។ (បន្ទរ)
ព្រះគ្រីស្តជាមរតកនៃមនុស្សគ្រប់ជាតិសាសន៍ សូមព្រះអង្គប្រមូលមនុស្សជាតិ និងអ្វីៗដ៏ល្អដែលព្រះអង្គបានបង្កើត មកក្នុងរាជាណាចក្រនៃព្រះសហគមន៍ដែលព្រះបិតាបានប្រទានមកព្រះអង្គ
—ដើម្បីឱ្យសរីរាង្គទាំងមូលនៃប្រជារាស្រ្តរបស់ព្រះអង្គ បានរួមគ្នាជាអង្គតែមួយនឹងព្រះវិញ្ញាណដ៏វិសុទ្ធ ដោយទទួលស្គាល់ព្រះអង្គជាព្រះសិរសារបស់ពួកគេ។ (បន្ទរ)
ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ព្រះអង្គជាផលដំបូងនៃអស់អ្នកដែលបានសម្រាន្តលក់ក្នុងសេចក្តីស្លាប់
—សូមព្រះអង្គទទួលអស់មរណបុគ្គល ឱ្យចូលក្នុងសិរីរុងរឿងនៃការមានព្រះជន្មរស់ឡើងវិញនោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គសព្វព្រះហឫទ័យប្រោសអ្វីៗទាំងអស់ឱ្យប្រសើរឡើងវិញ ឱ្យស្ថិតនៅក្រោមអំណាចព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ជាព្រះមហាក្សត្រ។ សូមព្រះអង្គប្រោសពិភពលោកទាំងមូល ឱ្យរួចផុតពីទាសភាព ដោយធ្វើជាអ្នកបម្រើដ៏ល្អរបស់ព្រះអង្គ និងកោតសរសើរព្រះអង្គឥតឈប់ឈរ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

