១៥ វិច្ឆិកា ២០២៦

Written on 19/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី៣៣ ថ្ងៃអាទិត្យ

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី គឺជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ​ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំង​ប៉ុន្មាន​ មកដាក់​ក្រោម​ព្រះបាទា​របស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១ ៖ សូម​ព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាត​សន្ធឹង​ចាប់​តាំង​ពីក្រុង​ស៊ីយ៉ូនទៅ !

១ ព្រះជាអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាព្រះអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ! ”។
២
សូមព្រះជាអម្ចាស់ប្រោសប្រទាន ឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
៣
នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណានៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
៤
ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។
៥
ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។
៧
នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភក្រ្តប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ សូម​ព្រះអម្ចាស់ប្រោសប្រទានឱ្យរាជ្យរបស់ព្រះករុណា លាត​សន្ធឹង​ចាប់​តាំង​ពីក្រុង​ស៊ីយ៉ូនទៅ !

ទំនុកតម្កើងលេខ ១១៤,១-៨

ប្រជាជនអ៊ីស្រាអែលបានសេរីភាពពីប្រទេសអេស៊ីប

អ្នកដែលបានលះបង់ពិភពលោកនេះ ក៏ត្រូវបានដឹកនាំចេញពីប្រទេសអេស៊ីប​ផង​ដែរ​ (សន្តអូគូស្ទីន)។

បន្ទរទី២៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ ។
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ ។
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉្លេះទេមិនបង្អង់  
  គេចខ្លួនថយទៅមិនរេរង់ ទាំងយ័រដាន់ផងក៏ថយដែរ ។
៤- ភ្នំតូចភ្នំធំភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម ។
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកលោតរវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ ។
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉្លេះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី ។
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចអើយអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក ។
៧- ឱផែនដីអើយចូររីករាយ អំណរសប្បាយចំពោះភក្រ្ត  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្រ្តព្រះយ៉ាកុប ។
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត ។
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ ។

បន្ទរ៖ ផែនដីទាំងមូលបានញាប់ញ័រ នៅចំពោះព្រះភក្រ្តព្រះអម្ចាស់។ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ព្រះ‌អម្ចាស់​អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះ‌អង្គជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ អាលេលូយ៉ា!។

១
អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព
២

ដ្បិតទ្រង់វិនិច្ឆ័យទោសយ៉ាងត្រឹមត្រូវ តាមយុត្តិធម៌
អាលេលូយ៉ា!
អាលេលូយ៉ា!
៥

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!។
អាលេលូយ៉ា!
៦

អាលេលូយ៉ា!
ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ
៧

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ
អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌អម្ចាស់​អើយ ព្រះអង្គប្រកបដោយព្រះចេស្តា ព្រះ‌អង្គជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ អាលេលូយ៉ា!។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (២ករ ១,៣-៤)

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូ ជាអម្ចាស់នៃ​យើង។​ ព្រះអង្គ​ជាព្រះបិតាប្រកបដោយព្រះហឫទ័យមេត្តាករុណា និងជា​ព្រះ​ដែលជួយ​សម្រាល​ទុក្ខគ្រប់បែបយ៉ាងទាំងអស់។ ព្រះអង្គសម្រាលទុក្ខយើង នៅ​ពេលយើង​មាន​ទុក្ខវេទនា​សព្វបែបយ៉ាង ដើម្បីឱ្យយើងអាចសម្រាលទុក្ខអស់អ្នកដែល​មាន​ទុក្ខវេទនា​ ព្រោះ​ព្រះជាម្ចាស់ប្រទានឱ្យយើងផ្ទាល់បានធូរស្បើយរួចហើយ​ដែរ។

បន្ទរ៖ លោកទាំងមូល *ថ្លែង​អំពី​សិរី‌រុង​រឿងរបស់​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-សូមសរសើរតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ «អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ‌ទ្រាំ»។

ពាក្យអង្វរសកល

ព្រះគ្រីស្តជាព្រះសិរសារបស់ព្រះសហគមន៍ យើងខ្ញុំជាសរីរាង្គនៃព្រះកាយព្រះអង្គ។​ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយសេចក្តីអំណរសប្បាយថា៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យព្រះរាជ្យរបស់ព្រះអង្គបានមកដល់។

សូមព្រះគ្រីស្តជាព្រះសង្គ្រោះរបស់យើងខ្ញុំ ប្រោសប្រទានឱ្យព្រះសហគមន៍ ធ្វើជារូបតំណាងនៃការស្រុះស្រួលគ្នារបស់មនុស្សជាតិទាំងអស់
—ហើយសូមឱ្យព្រះសហគមន៍ប្រារព្ធអគ្គសញ្ញានៃការសង្គ្រោះមនុស្សលោក កាន់តែមានប្រសិទ្ធិភាព។ (បន្ទរ)

តាមរយៈវត្តមានរបស់ព្រះអង្គ សូមព្រះអង្គជួយណែនាំក្រុមលោកអភិបាល ឱ្យចេះរួបរួមគ្នាជាធ្លុងតែមួយនឹងសម្តេចប៉ាប
—ហើយសូមព្រះអង្គ​ប្រទានព្រះអំណោយទាននៃការឯកភាពគ្នា សេចក្តីស្រឡាញ់ និងសេចក្តីសុខសាន្តដល់ពួកគាត់ផង។ (បន្ទរ)

សូមព្រះអង្គបង្រួបបង្រួមគ្រីស្តបរិស័ទទាំងអស់ ឱ្យចូលមកជិតព្រះអង្គ ដែលជាព្រះសិរសា កាន់តែជិតសិ្នទ្ធជាងមុន
—ហើយសូមជួយណែនាំយើងខ្ញុំទាំងអស់គ្នាឱ្យ​ចេះប្រកាសអំពីព្រះរាជ្យ ដោយធ្វើជាសាក្សីក្នុងជីវិតរស់នៅប្រចាំថ្ងៃផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យពិភពលោក ដែលប្រកបដោយភាពដ៏វឹកវរ​នេះ បាន​ពោរពេញដោយសន្តិភាព
—សូមព្រះអង្គប្រទាននូវយុត្តិធម៌ និងសេចក្តីសុខសាន្ត​ កើតមាននៅគ្រប់ទីកន្លែងផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានឱ្យអស់បងប្អូនដែលបានទទួលមរណភាព បាន​ទទួល​សិរីរុងរឿងនៃការរស់ឡើងវិញរបស់ព្រះអង្គ
—ហើយសូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំ បានចូល​រួម​សេចក្តីសុខសាន្តជាមួយពួកគេ នៅពេលខាងមុខផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាជាអម្ចាស់យើងខ្ញុំ ! ព្រះអង្គសព្វព្រះហឫទ័យប្រទានសុភមង្គលដ៏ពិតប្រាកដឱ្យមនុស្សលោក ដែលគោរពបម្រើព្រះអង្គដោយចិត្តភក្តី។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយដ៏ពេញលេញ និងមានចិត្តស្មោះត្រង់ជានិច្ចបម្រើព្រះអង្គ ដែលជាប្រភពនៃអ្វីៗដ៏ល្អគ្រប់យ៉ាង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។