រដូវធម្មតា សប្តាហ៍ទី២៦ ថ្ងៃសុក្រ
ទេវទូតអ្នកការពារដ៏វិសុទ្ធ
(បុណ្យរំឭកចាំបាច់)
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ៣៤
បន្ទរទី១៖ ទេវទូតរបស់ព្រះអម្ចាស់ថែរក្សាការពារអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឱ្យរួចពីគ្រោះថ្នាក់។
(ក)
| ២ | ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។ |
| ៣ | ខ្ញុំនឹងបានខ្ពស់មុខដោយសារព្រះអង្គ! ចូរឱ្យមនុស្សទន់ទាបត្រងត្រាប់ស្ដាប់ ហើយមានអំណរសប្បាយឡើង! |
| ៤ | សូមប្រកាសជាមួយខ្ញុំថា ព្រះអម្ចាស់ថ្កុំថ្កើងរុងរឿងក្រៃលែង! យើងលើកតម្កើងព្រះនាមព្រះអង្គជាមួយគ្នា!។ |
| ៥ | ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ ព្រះអង្គបានរំដោះខ្ញុំ ឱ្យរួចពីការភ័យខ្លាចទាំងអម្បាលម៉ាន។ |
| ៦ | អ្នកណាសម្លឹងឆ្ពោះទៅព្រះអង្គ អ្នកនោះនឹងបានពោរពេញទៅដោយអំណរ ហើយនឹងមិនខកចិត្តសោះឡើយ។ |
| ៧ | មនុស្សទុរគតស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឱ្យរួចផុតពីគ្រោះកាចទាំងប៉ុន្មានផង។ |
| ៨ | ទេវទូតរបស់ព្រះអម្ចាស់ថែរក្សាការពារអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឱ្យរួចពីគ្រោះថ្នាក់។ |
| ៩ | ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឱ្យដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសដ៏លើសលប់! អ្នកណាពឹងផ្អែកលើព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!។ |
| ១០ | អ្នករាល់គ្នាដែលជាប្រជារាស្ដ្រព្រះអង្គអើយ ចូរគោរពកោតខ្លាចព្រះអម្ចាស់ ដ្បិតអ្នកដែលគោរពកោតខ្លាចព្រះអង្គនឹងមិនខ្វះអ្វីឡើយ។ |
| ១១ | អ្នកមានអាចជួបប្រទះនឹងការអត់ឃ្លាន ខ្វះខាតចំណីបរិភោគ តែអស់អ្នកដែលស្វែងរកព្រះអម្ចាស់នឹងមិនខ្វះអ្វីសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ទេវទូតរបស់ព្រះអម្ចាស់ថែរក្សាការពារអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឱ្យរួចពីគ្រោះថ្នាក់។
(ខ)
បន្ទរទី២៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។
(បទកាកគតិ)
| ១២- | ឱកូនចៅអើយ | កុំនៅព្រងើយ | ស្តាប់ខ្ញុំប្រដៅ |
| ឱ្យចេះគោរព | ដរាបតទៅ | កុំធ្វើល្ងង់ខ្លៅ | |
| ត្រូវកោតខ្លាចព្រះ | ។ | ||
| ១៣- | តើមាននរណា | ចង់បានសង្ខារ | យឺនយូរត្រចះ |
| មានអ្វីគ្រប់យ៉ាង | មិនខ្វះទាល់សោះ | ហើយចង់នៅរស់ | |
| សុខសាន្តឬទេ? | ។ | ||
| ១៤- | ចូរទប់អណ្តាត | កាន់ចិត្តឱ្យស្អាត | កុំពោលវៀចវេរ |
| និយាយកុហក | បោកបញ្ឆោតគេ | ឬក៏ដៀលជេរ | |
| នាំឱ្យអាស្រូវ | ។ | ||
| ១៥- | ចូរងាកចេញឆ្ងាយ | អំពើអន្តរាយ | អាក្រក់ជាផ្លូវ |
| សាងអំពើល្អ | ខំស្វែងរកទៅ | សុខសាន្តទុកនៅ | |
| យ៉ាងអស់ពីចិត្ត | ។ | ||
| ១៦- | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
| ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត | |
| រាល់ទិនទិវា | ។ | ||
| ១៧- | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
| នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា | |
| នឹកនាដល់ឡើយ | ។ | ||
| ១៨- | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
| ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
| ផុតគ្រោះទាំងឡាយ | ។ | ||
| ១៩- | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
| ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
| ផុតទុក្ខរីងរៃ | ។ | ||
| ២០- | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
| ប៉ុន្តែព្រះម្ចាស់ | តែងជួយលកលៃ | រំដោះផុតភ័យ | |
| បានសុខគ្រប់គ្រា | ។ | ||
| ២១- | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា |
| ដល់មនុស្សសុចរិត | គ្រប់ៗអាត្មា | គ្មានឆ្អឹងមួយណា | |
| ត្រូវបាក់បែកឡើយ | ។ | ||
| ២២- | អំពើអាក្រក់ | ខ្មួលខ្មៅកខ្វក់ | នាំឱ្យគេព្រួយ |
| រហូតដល់ស្លាប់ | មិនមានអ្នកជួយ | គ្មានអ្នកលើកស្ទួយ | |
| ដល់ក្ស័យជីវិត | ។ | ||
| អ្នកដែលប្រឆាំង | ប្រយុទ្ធតតាំង | នឹងមនុស្សសុចរិត | |
| តែងតែទទួល | ទុក្ខទោសពិតៗ | ក្នុងមួយជីវិត | |
| មិនមានខកខាន | ។ | ||
| ២៣- | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
| បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | |
| សុខផុតទុក្ខទោស | ។ | ||
| សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជបុត្រា | |
| និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
| ដែលគង់ជានិច្ច | ។ |
បន្ទរ៖ ព្រះជាម្ចាស់របស់យើង គឺជាព្រះដែលមានព្រះជន្មគង់នៅ ដ្បិតទេវទូតរបស់ព្រះអង្គបានការពារយើងខ្ញុំ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
បន្ទរទី៣៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។
| ១៧ | «បពិត្រព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅ តាំងពីដើមរៀងមកដែរ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្ដែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ |
| ១០ | ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ ចូរច្រៀងសរសើរតម្កើងព្រះអង្គនៅមុខសត្វលោកទាំងឡាយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យមេត្តាករុណាដ៏លើសលប់មកលើអ្នក។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (វវ ៨,៣-៤)
មានទេវទូតមួយរូបទៀតមកឈរនៅជិតអាសនៈ ទាំងកាន់ពានមាសមួយផង។ ទេវទូតនោះបានទទួលគ្រឿងក្រអូបជាច្រើន យកទៅថ្វាយ ជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធទាំងអស់ នៅលើអាសនៈមាសដែលស្ថិតនៅខាងមុខបល្ល័ង្ក។ ផ្សែងគ្រឿងក្រអូបនោះក៏ហុយចេញពីដៃទេវទូត ឡើងទៅលើជាមួយពាក្យអធិស្ឋានរបស់ប្រជាជនដ៏វិសុទ្ធនៅចំពោះព្រះភក្ត្ររបស់ព្រះជាម្ចាស់។
បន្ទរ៖ ព្រះអម្ចាស់នឹងចាត់ទេវទូតមួយរូបឱ្យដើរនៅមុខអ្នក។ បន្ទរឡើងវិញ៖…
-ដើម្បីការពារអ្នកនៅតាមផ្លូវ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ពួកទេវទូតតែងតែឃើញព្រះភក្ត្ររបស់ព្រះបិតា ដែលគង់នៅស្ថានបរមសុខ។
ពាក្យអង្វរសកល
ពួកទេវទូតធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ចូរយើងអធិដ្ឋានឱ្យខ្លួនរបស់យើងចេះស្តាប់ព្រះសូរសៀងរបស់ព្រះអង្គ ដោយប្រុងប្រយ័ត្ន និងស្តាប់ឮការត្រាស់ហៅរបស់ទ្រង់ ដោយពោលថា ៖
បន្ទរ៖ រួមជាមួយពួកទេវទូត យើងខ្ញុំសូមច្រៀងលើកតម្កើងសិរីរុងរឿងព្រះអង្គ !
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គបានបង្កើតពួកទេវទូតឱ្យធ្វើជាអ្នកនាំសារអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យចេះប្រកាសអំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានប្រព្រឹត្ត ចំពោះមនុស្សទាំងអស់ផង។ (បន្ទរ)
ពួកទេវទូតប្រកាសឥតឈប់ឈរថា ព្រះអង្គជាព្រះដ៏វិសុទ្ធ និងត្រូវលើកតម្កើង
—សូមឱ្យប្រជារាស្រ្តរបស់ព្រះអង្គនៅលើផែនដី ចូលរួមច្រៀងចម្រៀងនៃពួកទេវទូត កោតសរសើរព្រះអង្គ។ (បន្ទរ)
ព្រះអង្គបានបញ្ជាពួកទេវទូត ឱ្យមើលថែអ្នកបម្រើរបស់ព្រះអង្គនៅតាមផ្លូវ
—សូមព្រះអង្គណែនាំអ្នកដំណើរ និងនាំពួកគេឱ្យទៅដល់ផ្ទះ ដោយសុវត្ថិភាព ក្នុងអំណរសប្បាយ និងសេចក្តីសុខសាន្តផង។ (បន្ទរ)
ព្រះអង្គបានប្រទានបេសកកម្មឱ្យពួកទេវទូត ប្រកាសដំណឹងអំពីសេចក្តីសុខសាន្តដល់មនុស្សលោក
—សូមព្រះអង្គបំផុសគំនិតនៃសន្តិភាពដល់ថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជាតិសាសន៍ទាំងអស់ផង។ (បន្ទរ)
នៅពេលព្រះអង្គចាត់ពួកទេវទូត ឱ្យមកប្រមូលប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស ពីជើងមេឃម្ខាង ទៅជើងមេឃម្ខាង
—សូមកុំឱ្យពួកលោកមើលរំលងបុត្រធីតារបស់ព្រះអង្គណាម្នាក់ឡើយ ប៉ុន្តែ សូមនាំពួកគេទាំងអស់គ្នា ចូលទៅក្នុងអំណរសប្បាយដែលគ្មានទីបញ្ចប់ នៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់អើយ ! ព្រះអង្គដែលមានឧបការគុណហួសពីការស្មានសព្វព្រះហឫទ័យចាត់ទេវទូតដ៏វិសុទ្ធមកការពារយើងខ្ញុំ។ ពេលព្រះអង្គសណ្តាប់ឮសម្រែកទូលអង្វររបស់យើងខ្ញុំ សូមទ្រង់មេត្តាការពារយើងខ្ញុំគ្រប់ពេលវេលា តាមរយៈទេវទូតរបស់ព្រះអង្គ និងប្រោសឱ្យយើងខ្ញុំមានអំណរសប្បាយអស់កល្បជានិច្ច រួមជាមួយទេវទូតដ៏វិសុទ្ធទាំងឡាយ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

