២១ សីហា ២០២៦

Written on 04/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី២០ ថ្ងៃសុក្រ

សន្តពីយូសទី១០ ជាសម្តេចប៉ាប

(បុណ្យរំឭកចាំបាច់)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១៤៥

ការសរសើរតម្កើងព្រះចេស្តារបស់ព្រះជាម្ចាស់

«បពិត្រ​ព្រះ‌អង្គ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ និង​មាន​ព្រះ‌ជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក
ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ ហើយ​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌មែន! (វវ ១៦,៥)។

បន្ទរទី១ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

(ក)

បពិត្រព្រះនៃទូលបង្គំ! ឱព្រះមហាក្សត្រនៃទូលបង្គំអើយ!
ទូលបង្គំសូមលើកតម្កើងព្រះអង្គ!
ទូលបង្គំសូមលើកតម្កើងព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ
ទូលបង្គំកោតសរសើរព្រះនាមព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ!

ព្រះអម្ចាស់ប្រសើរឧត្តម ដែលយើងត្រូវតែសរសើរតម្កើងយ៉ាងខ្ពង់ខ្ពស់បំផុត។
ព្រះអង្គឧត្តុង្គឧត្តមរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

សូមឱ្យមនុស្សនៅគ្រប់ជំនាន់លើកតម្កើងស្នាព្រះហស្តរបស់ព្រះអង្គ
សូមឱ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ។

ទូលបង្គំរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿងរបស់ព្រះអង្គ។
ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។

គេនឹងរៀបរាប់អំពីឫទ្ធានុភាពដ៏គួរឱ្យស្ញែងខ្លាចរបស់ព្រះអង្គ
ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

គេនឹងលើកតម្កើងព្រះហឫទ័យសប្បុរសដ៏លើសលប់របស់ព្រះអង្គ
គេនឹងប្រកាសអំពីសេចក្តីសុចរិតរបស់ព្រះអង្គ។

ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យប្រណីសន្តោស និងអាណិតអាសូរ
ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណាយ៉ាងលើសលប់។

ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះមនុស្សទាំងអស់
ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់សត្វលោកទាំងអស់ ដែលទ្រង់បានបង្កើតមក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំក៏នឹងថ្លែងអំពីការអស្ចារ្យដែលព្រះអង្គបានប្រព្រឹត្តដែរ។

បន្ទរទី២ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

(ខ)

(បទកាកគតិ)

១០- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ មានច្រើនពេកក្រៃ
  នាំគ្នាតម្កើង រុងរឿងសិរី រាស្ត្រទាំងប្រុសស្រី
    ក៏ថ្កើងទ្រង់ដែរ
១១- គេនឹងរៀបរាប់ ព្រះរាជ្យគួរគាប់ រុងរឿងស្ថិតស្ថេរ
  របស់ព្រះអង្គ ឥតមានប្រួលប្រែ អានុភាពឥតកែ
    ព្រះអង្គនៅគង់
១២- ដើម្បីឱ្យមនុស្ស ទាំងស្រីទាំងប្រុស គ្រប់គ្នាបានដឹង
  ពីការអស្ចារ្យ របស់ព្រះអង្គ រស្មីរឿងរុង
    ចិញ្ចែងចិញ្ចាច
១៣- ព្រះរាជ្យព្រះអង្គ ស្ថិតនៅយូរលង់ ពេញដោយអំណាច
  គ្រងរាជ្យអស់កល្ប ព្រោះទ្រង់ជាស្តេច បារមីអង់អាច
    ស្ថិតនៅយូរយារ
  ព្រះអម្ចាស់តែង គោរពឥតក្លែង បន្ទូលសន្យា
  អ្វីដែលទ្រង់ធ្វើ សុទ្ធតែអស្ចារ្យ សប្បុរសមេត្តា
    ករុណាអាសូរ
១៤- ព្រះអង្គលើកអ្នក ហេវខ្សោះអួលអាក់ ដួលយំស្រែកថ្ងូរ
  ទ្រង់លើកអ្នកអស់ សង្ឃឹមឱ្យឈរ ពង្រឹងជំហរ
    ឱ្យល្អវិញបាន
១៥- បពិត្រព្រះម្ចាស់ សត្វលោកទាំងអស់ ចាំមិនហ៊ានខាន
  ដោយចិត្តសង្ឃឹម ពួកគេនឹងបាន អាហារគ្រប់ប្រាណ
    តាមពេលកំណត់
១៦- ទ្រង់មានព្រះទ័យ ទូលាយពេកក្រៃ ពេញដោយអំណត់
  ព្រះអង្គប្រទាន ដល់អ្នកក្រខ្សត់ បានឆ្អែតគ្រប់មាត់
    តាមចិត្តប្រាថ្នា
១៧- ព្រះជាអម្ចាស់ ធ្វើសព្វទាំងអស់ នូវរាល់កិច្ចការ
  ដោយព្រះហឫទ័យ សុចរិតថ្លៃថ្លា សន្តោសករុណា
    ទ្រង់បានប្រព្រឹត្ត
១៨- ព្រះអម្ចាស់គង់ នៅជិតអែបអង្គ កៀកកើយនែបនិត្យ
  នឹងអ្នកអង្វរ ដោយក្តីសុទ្ធចិត្ត រកព្រះអង្គពិត
    មិនយាងទៅណា
១៩- ទ្រង់បានសម្រេច តាមបំណងចិត្ត ដែលគេប្រាថ្នា
  របស់អស់អ្នក កោតខ្លាចចេស្តា ព្រះអង្គស្ទុះស្ទា
    ហើយសង្គ្រោះគេ
២០- អ្នកដែលស្រឡាញ់ ព្រះអម្ចាស់ពេញ ឥតក្រឡះប្រែ
  ទ្រង់នឹងគ្រប់គ្រង ការពារថ្នមថែ ហើយទ្រង់តែងតែ
    បំផ្លាញមនុស្សខូច
២១- ខ្ញុំសូមថ្លែងឡើង សរសើរតម្កើង គ្មានចិត្តលាក់លួច
  តម្កើងព្រះម្ចាស់ សត្វលោកធំតូច ទាំងអស់ជួយលើក
    ព្រះនាមព្រះអង្គ
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ព្រះអម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ព្រះ‌អង្គគង់នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ព្រះអង្គ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ ! មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,១-២)

ឥឡូវនេះ អស់អ្នកដែលចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ឥតមានទោសពៃរ៍ទៀតឡើយ ដ្បិតវិន័យរបស់ព្រះវិញ្ញាណដែលផ្តល់ជីវិតក្នុងអង្គព្រះគ្រីស្តយេស៊ូបានរំដោះខ្ញុំឱ្យរួចផុតពីបាប និងពីសេចក្តីស្លាប់។

បន្ទរ ៖ ព្រះ‌គ្រីស្ត​បាន​សោយ​ទិវង្គត​ ព្រោះ​តែ​បាប​របស់យើង *ដើម្បី​នាំបង‌ប្អូន​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់។ បន្ទរឡើងវិញ៖…
-កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើគុត តែព្រះជាម្ចាស់​បាន​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយសារព្រះ‌វិញ្ញាណ​វិញ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះគ្រីស្ត ដែលជាប្រភពនៃសេចក្តីសង្ឃឹមរបស់អស់អ្នកណាដែលទទួលស្គាល់ព្រះនាមព្រះអង្គ ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរ !

ព្រះគ្រីស្តជាមនុស្សទន់ខ្សោយដូចយើង
—សូមព្រះអង្គជួយពង្រឹងយើងខ្ញុំផង។ (បន្ទរ)

ធម្មជាតិរបស់យើងខ្ញុំមានទំនោរទៅរកអំពើបាប
—សូមឱ្យសេចក្តីស្រឡាញ់របស់ព្រះអង្គតែងតែជួយយើងខ្ញុំ ឱ្យទទួលព្រះអំណោយទានឡើងវិញផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់ ! អំពើបាបបានធ្វើឱ្យព្រះអង្គអាក់អន់ព្រះទ័យ រីឯការកែប្រែចិត្តគំនិតវិញ ធ្វើឱ្យព្រះអង្គសព្វព្រះហឫទ័យ
—សូមព្រះអង្គកុំដាក់ទោសយើងខ្ញុំទៅតាមកំហឹងរបស់ព្រះអង្គឡើយ ទោះបីនៅពេលយើងខ្ញុំបានប្រព្រឹត្តអំពើបាបក៏ដោយ។ (បន្ទរ)

ព្រះអង្គបានលើកលែងទោសដល់ស្ត្រី ដែលបានសោកស្តាយនូវអំពើបាបដែលខ្លួនបានប្រព្រឹត្ត ហើយព្រះអង្គបានដាក់ចៀមដែលវង្វេង នៅលើស្មារបស់ព្រះអង្គ
—សូមព្រះអង្គមេត្តាកុំដកហូតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចេញពីយើងខ្ញុំឡើយ។ (បន្ទរ)

នៅពេលព្រះអង្គសោយទិវង្គតនៅលើឈើឆ្កាង ព្រះអង្គបានបើកទ្វារស្ថានបរមសុខ
—សូមព្រះអង្គទទួលអស់អ្នកដែលសង្ឃឹមលើព្រះអង្គ ឱ្យចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យប្រោសឱ្យសន្តពីយូស ទី១០ ពោរពេញដោយព្រះប្រាជ្ញាញាណ និងមានចិត្តក្លាហាន ដើម្បីការពារ និងស្តារឡើងវិញនូវជំនឿរបស់ព្រះសហគមន៍កាតូលិក។ តាមគំរូ និងការប្រៀនប្រដៅរបស់លោក សូមព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចដល់យើងខ្ញុំទុកជារង្វាន់។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។