១០ សីហា ២០២៦

Written on 03/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១៩ ថ្ងៃចន្ទ

សន្តឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី

(បុណ្យគោរព)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១៦,១-៩

បន្ទរទី១៖ ដោយការបូជាជីវិតរបស់លោក សន្តឡូរង់បានផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូគ្រីស្ត ហើយបានទទួលរង្វាន់នៃស្ថានបរមសុខ។

ខ្ញុំស្រឡាញ់ព្រះអម្ចាស់
ដ្បិតព្រះអង្គទ្រង់ព្រះសណ្តាប់សំឡេងខ្ញុំដែលទទូចអង្វរ

ព្រះអង្គផ្ទៀងព្រះការណ៌ស្តាប់ខ្ញុំ ខ្ញុំនឹងអង្វរព្រះអង្គអស់មួយជីវិត។

មច្ចុរាជបានរួបរឹតខ្ញុំ ធ្វើឱ្យខ្ញុំអន្ទះអន្ទែងភ័យខ្លាចស្លាប់
ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។

ពេលនោះ ខ្ញុំអង្វររកព្រះនាមព្រះអម្ចាស់ថា ៖
“ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាទូលបង្គំផង!”

ព្រះអម្ចាស់តែងតែប្រណីសន្តោស ព្រះអង្គសុចរិត
ព្រះរបស់យើងប្រកបដោយព្រះហឫទ័យមេត្តាករុណា។

ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប
ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។

ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ
ដ្បិតព្រះអម្ចាស់ប្រោសប្រទានឱ្យខ្ញុំបានសុខសាន្ត។

ព្រះអង្គបានរំដោះខ្ញុំឱ្យរួចពីស្លាប់
ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឱ្យជំពប់ដួលឡើយ។

ខ្ញុំនឹងដើរនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ក្នុងពិភពមនុស្សលោកនេះ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ដោយការបូជាជីវិតរបស់លោក សន្តឡូរង់បានផ្តល់សក្ខីភាពអំពីព្រះអម្ចាស់យេស៊ូគ្រីស្ត ហើយបានទទួលរង្វាន់នៃស្ថានបរមសុខ។

ទំនុកតម្កើងលេខ ១១៦,១០-១៩

បន្ទរទី២៖ សន្តឡូរង់ស្រែកឡើងថា៖ ខ្ញុំរីករាយឥតឧបមា ព្រោះខ្ញុំត្រូវគេចាត់ទុកថា ជាជនរងគ្រោះដែលសមធ្វើជាយញ្ញបូជាសម្រាប់ព្រះគ្រីស្ត។

(បទព្រហ្មគីតិ)

១០- ទោះជាខ្ញុំពោលថា រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ  
  គង់តែរូបខ្ញុំនេះ មិនចោលព្រះសង្ឃឹមជាប់
១១- ពេលខ្ញុំមានកង្វល់ ចិត្តខ្វាយខ្វល់មិនបានស្ងប់  
  ខ្ញុំពោលឡើងគ្រប់សព្វ ថាខ្ញុំស្អប់ជនគ្រប់ប្រាណ
១២- តើខ្ញុំអាចយកអ្វី តបព្រះទ័យម្ចាស់ថ្កើងថ្កាន  
  ដែលព្រះអម្ចាស់បាន ប្រោសគ្រប់ប្រាណបានសមរម្យ
១៣- គឺខ្ញុំត្រូវលើកពែង ទាំងថ្លាថ្លែងនាមឧត្តម  
  ព្រះអង្គរំដោះខ្ញុំ យើងស្រែកសុំរកព្រះម្ចាស់
១៤- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយក្រាបសំពះ  
  លាបំណន់ពីព្រះ ជាអម្ចាស់មុខប្រជា
១៥- ទ្រង់ព្រួយព្រះទ័យណាស់ ពេលមានរាស្រ្តស្លាប់វេទនា  
  ជនវិសុទ្ធគ្រប់គ្នា ទ្រង់ការពារមិនស្លាប់ឡើយ
១៦- ឱព្រះម្ចាស់ប្រសើរ ខ្ញុំបម្រើព្រះអង្គហើយ  
  ព្រះអង្គមិនកន្តើយ ខ្ញុំបានស្បើយពីមរណា
១៧- ទូលបង្គំសូមថ្វាយ យញ្ញទាំងឡាយដោយជ្រះថ្លា  
  អង្វរព្រះបិតា ព្រះបុត្រាខ្ពស់ពេកពន់
១៨- ខ្ញុំនឹងយកតង្វាយ មកដាក់ថ្វាយលាបំណន់  
  នៅមុខប្រជាជន ដែលបានបន់ដល់ព្រះអង្គ
១៩- គឺនៅក្នុងទីធ្លា ព្រះវិហារស្រស់បំព្រង  
  ស្ថិតនៅកណ្តាលក្រុង សូមផ្ចិតផ្ចង់លើកតម្កើង
  សិរីរុងរឿងដល់ ព្រះបិតាព្រះបុត្រា  
  និងព្រះវិញ្ញាណផង ដែលទ្រង់គង់នៅជានិច្ច

បន្ទរ៖ សន្តឡូរង់ស្រែកឡើងថា៖ ខ្ញុំរីករាយឥតឧបមា ព្រោះខ្ញុំត្រូវគេចាត់ទុកថា ជាជនរងគ្រោះដែលសមធ្វើជាយញ្ញបូជាសម្រាប់ព្រះគ្រីស្ត។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

បន្ទរទី៣៖ ទូលបង្គំសូមអរព្រះគុណព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលបានអនុញ្ញាតឱ្យទូលបង្គំចូលទៅកាន់ទ្វារនៃស្ថានបរមសុខ។

១១
“បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ 
ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព
ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ 
ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន 
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០

ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង 
ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។
១២

នាំគ្នាបន្លឺសំឡេងយ៉ាងខ្លាំងៗថា៖ កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ 
ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ទូលបង្គំសូមអរព្រះគុណព្រះអម្ចាស់យេស៊ូគ្រីស្ត ដែលបានអនុញ្ញាតឱ្យទូលបង្គំចូលទៅកាន់ទ្វារនៃស្ថានបរមសុខ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ៤,១៣-១៤)

ចូរ​មាន​ចិត្ត​រីករាយ​ឡើង ព្រោះ​បងប្អូន​រងទុក្ខ​លំបាក​ផ្សេងៗ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត។ បងប្អូន​មុខ​ជា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង នៅ​ពេល​ព្រះ‌អង្គ​បង្ហាញ​សិរី‌រុង​រឿង​របស់​ព្រះអង្គ។ ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល​បង‌ប្អូន ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌គ្រីស្ត នោះ​បងប្អូន​មាន​សុភមង្គលហើយ ដ្បិត​ព្រះ‌វិញ្ញាណ​ប្រកប​ដោយ​សិរី‌រុង​រឿង គឺ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​បងប្អូន។
 
បន្ទរ៖ ឱ​ព្រះជាម្ចាស់​អើយ ! *ព្រះអង្គ​បាន​ល្បងល​មើល​ចិត្ត​យើង​ខ្ញុំ។ បន្ទរឡើងវិញ៖...
—ព្រះអង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ បន្ទរ៖ *...
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖...

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ សន្តឡូរង់និយាយថា៖ ពេលយប់មិនងងឹតសម្រាប់ខ្ញុំនោះទេ អ្វីៗគ្រប់យ៉ាងភ្លឺដូចជាពន្លឺនៅពេលថ្ងៃត្រង់។

 ពាក្យអង្វរសកល

ពេលនេះ ជាពេលដែលព្រះមហាក្សត្រនៃមរណសាក្សីទាំងឡាយ បានថ្វាយជីវិតរបស់ព្រះអង្គនៅក្នុងបន្ទប់ជាន់ខាងលើ និងនៅលើឈើឆ្កាង។ ចូរយើងអរព្រះគុណព្រះអង្គ និងទូលថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ !

-ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមកោតសរសើរព្រះអង្គ ជាព្រះសង្រ្គោះនៃយើង ដែលបានធ្វើជាគំរូ និងជួយជំរុញដល់មរណសាក្សីគ្រប់រូប ឱ្យស្រឡាញ់យើងខ្ញុំរហូតដល់ទីបំផុត។ (បន្ទរ)

-សម្រាប់ការត្រាស់ហៅអ្នកបាបទាំងអស់ ឱ្យកែប្រែចិត្តគំនិត ដើម្បីទទួលរង្វាន់នៃជីវិត។ (បន្ទរ)

-សម្រាប់ការជឿទុកចិត្តលើព្រះសហគមន៍ព្រះអង្គ គឺព្រះលោហិតដែលចងសម្ពន្ធមេត្រីថ្មី នៅគង់វង្សអស់កល្បជានិច្ច ដើម្បីបង្ហូរសម្រាប់លើកលែងទោសអំពើបាប។ (បន្ទរ)

-សម្រាប់ការតស៊ូរបស់យើងខ្ញុំ ក្នុងព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអង្គនៅថ្ងៃនេះ។ (បន្ទរ)

-សម្រាប់ការរួមបញ្ចូលបងប្អូនយើងខ្ញុំដែលបានទទួលមរណភាព ទៅក្នុងការសោយទិវង្គតរបស់ព្រះអង្គនៅថ្ងៃនេះ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គប្រោសឱ្យសន្តឡូរង់ស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង និងបម្រើព្រះសហគមន៍ដោយចិត្តស្មោះត្រង់ ព្រមទាំងទទួលសិរីរុងរឿងក្នុងនាមជាមរណសាក្សី។ សូមប្រោសឱ្យយើងខ្ញុំចេះស្រឡាញ់អ្វីៗដែលលោកបានស្រឡាញ់ និងប្រព្រឹត្តតាមការប្រៀនប្រដៅរបស់លោក។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង។
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។