រដូវធម្មតា សប្ដាហ៍ទី១៨ ថ្ងៃអាទិត្យ
ថ្ងៃសៅរ៍ (ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៩,១០៥-១១២
ការស្មឹងស្មាធិ៍លើច្បាប់របស់ព្រះជាម្ចាស់
វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក (យហ ១៥,១២)។
បន្ទរទី១ ៖ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ។
| ១០៥ | ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀង ដែលបំភ្លឺជំហានទូលបង្គំ និងជាពន្លឺដែលបំភ្លឺផ្លូវរបស់ទូលបង្គំ។ |
| ១០៦ | ទូលបង្គំសូមសន្យាដោយឥតងាករេថា ទូលបង្គំនឹងប្រតិបត្តិតាមសេចក្តីសម្រេចដ៏សុចរិតរបស់ព្រះអង្គ។ |
| ១០៧ | បពិត្រព្រះអម្ចាស់! ទូលបង្គំរងទុក្ខវេទនាខ្លាំងពន់ពេកណាស់ សូមប្រោសប្រទានឱ្យទូលបង្គំមានជីវិតឡើងវិញ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង! |
| ១០៨ | ឱព្រះអម្ចាស់អើយ! សូមទទួលពាក្យអង្វររបស់ទូលបង្គំ ទុកជាតង្វាយ សូមបង្រៀនក្រិត្យវិន័យរបស់ព្រះអង្គឱ្យទូលបង្គំស្គាល់ផង! |
| ១០៩ | ជីវិតទូលបង្គំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ទូលបង្គំមិនភ្លេចធម្មវិន័យរបស់ព្រះអង្គទេ។ |
| ១១០ | មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ តែទូលបង្គំមិនវង្វេងចេញឆ្ងាយពីច្បាប់របស់ព្រះអង្គឡើយ។ |
| ១១១ | ដំបូន្មានរបស់ព្រះអង្គជាកេរមត៌ករបស់ទូលបង្គំ ដំបូន្មានទាំងនេះធ្វើឱ្យទូលបង្គំមានអំណរនៅក្នុងចិត្ត។ |
| ១១២ | ទូលបង្គំប្តេជ្ញាចិត្តធ្វើតាមក្រិត្យវិន័យរបស់ព្រះអង្គ គឺជារង្វាន់របស់ទូលបង្គំរហូតដល់ទីបំផុត។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងបំភ្លឺជំហានទូលបង្គំ។
ទំនុកតម្កើងលេខ ១៦
បពិត្រព្រះអម្ចាស់! ព្រះអង្គជាចំណែកមត៌ករបស់ខ្ញុំ
ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ (កក ២,២៤)។
បន្ទរទី២៖ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌។ អាលេលូយ៉ា!
(បទពាក្យ ៧)
| ១- | ឱព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
| ២- | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
| ៣- | អារុក្ខអារក្សអ្នកតាព្រៃ | ម្ចាស់ទឹកម្ចាស់ដីកាលពីមុន | |
| ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ | ផ្តល់តែទារុណរាល់វេលា | ។ | |
| ៤- | ទូលបង្គំនឹងមិនចូលរួម | មិនទទួលព្រមរួមជាគ្នា | |
| គោរពនិងថ្វាយយញ្ញបូជា | មិនពោលនាមាព្រះក្លែងក្លាយ | ។ | |
| ៥- | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
| ៦- | ព្រះអង្គប្រទានកេរមត៌ក | វិសេសឥតអាក់ដ៏ថ្លៃថ្លា | |
| មកទូលបង្គំខ្ញុំនេះណា | ជាកេរអស្ចារ្យប្រសើរផុត | ។ | |
| ៧- | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
| ៨- | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
| ៩- | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
| ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
| ១០- | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
| ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
| ១១- | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គនៅគង់ជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ | |
| សូមកោតសរសើរព្រះបិតា | ព្រះបុត្រានិងព្រះវិញ្ញាណ | ||
| ដែលគង់ស្ថិតស្ថេរឥតសៅហ្មង | យូរលង់កន្លងតរៀងទៅ | ។ |
បន្ទរ ៖ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌។ អាលេលូយ៉ា!
បទលើកតម្កើងតាមលិខិតទៅភីលីព (ភីល ២,៦-១១)
ព្រះគ្រីស្តជាអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះជាម្ចាស់
បន្ទរទី៣ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។ អាលេលូយ៉ា!
| ៦ | ទោះបីព្រះអង្គមានឋានៈជាព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គពុំបានក្តោបក្តាប់ឋានៈ ដែលស្មើនឹងព្រះជាម្ចាស់នេះ ទុកជាកម្មសិទ្ធិដាច់មុខរបស់ព្រះអង្គឡើយ។ |
| ៧ | ផ្ទុយទៅវិញ ព្រះអង្គបានលះបង់អ្វីៗទាំងអស់ មកយកឋានៈជាទាសករ ព្រះអង្គបានទៅជាមនុស្សដូចមនុស្សឯទៀតៗ ហើយក៏រស់នៅក្នុងភាពជាមនុស្សសាមញ្ញដែរ។ |
| ៨ | ព្រះអង្គបានដាក់ខ្លួនធ្វើតាមព្រះបញ្ជា រហូតដល់សោយទិវង្គត គឺរហូតដល់សោយទិវង្គតលើឈើឆ្កាងថែមទៀតផង។ |
| ៩ | ហេតុនេះហើយ បានជាព្រះជាម្ចាស់ លើកតម្កើងព្រះអង្គឡើងយ៉ាងខ្ពង់ខ្ពស់បំផុត ព្រមទាំងប្រោសប្រទានឱ្យព្រះអង្គមានព្រះនាមប្រសើរលើសអ្វីៗទាំងអស់ |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី ទាំងនៅក្រោមដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ |
| ១១ | និងឱ្យមនុស្សគ្រប់ភាសាប្រកាសឡើងថា ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ជាព្រះបិតា។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ចូរឱ្យអ្វីៗទាំងអស់ ទាំងនៅស្ថានបរមសុខ ទាំងនៅលើផែនដី នាំគ្នាក្រាបថ្វាយបង្គំ នៅពេលណាឮព្រះនាមព្រះយេស៊ូ។ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កូឡ ១,៣-៦)
យើងសូមអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិដ្ឋានឱ្យបងប្អូន។ ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រីស្តយេស៊ូ និងអំពីសេចក្តីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់ ព្រោះតែសេចក្តីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ។ បងប្អូនបានស្គាល់សេចក្តីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្តីពិត គឺដំណឹងល្អដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ស្របតាមសេចក្តីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។
បន្ទរ៖ តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច *ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់!។ បន្ទរឡើងវិញ៖…
-សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ..
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសាវ័កមក មានព្រះបន្ទូលថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់។
ពាក្យអង្វរសកល
ព្រះជាម្ចាស់បានជ្រើសរើសប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីទុកជាមរតក ដោយព្រះអង្គប្រោសប្រទានជួយសង្គ្រោះ និងការពារដល់ពួកគេ។ យើងខ្ញុំទាំងអស់គ្នាសូមអរព្រះគុណព្រះអង្គ និងសូមប្រកាសពីព្រះហឫទ័យសប្បុរសរបស់ព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមផ្ញើជីវិតទាំងស្រុងលើព្រះអង្គ !
យើងខ្ញុំសូមអធិដ្ឋានសម្រាប់សម្តេចប៉ាប…និងលោក…ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—សូមព្រះអង្គការពារ និងប្រោសឱ្យអស់លោកបានវិសុទ្ធ ក្នុងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ (បន្ទរ)
សូមឱ្យអ្នកជំងឺមានអារម្មណ៍ថា ពួកគេជាដៃគូដែលរងទុក្ខលំបាករួមជាមួយព្រះគ្រីស្ត
—ហើយសូមឱ្យអ្នកទាំងនេះជ្រាបថា ពួកគេនឹងបានទទួលនូវការលួងលោមពីព្រះអង្គអស់កល្បជានិច្ច។ (បន្ទរ)
សូមព្រះអង្គមានព្រះហឫទ័យអាណិតអាសូរដល់អស់អ្នកដែលគ្មានទីជម្រកស្នាក់អាស្រ័យ
—សូមជួយពួកគេឱ្យរកបានផ្ទះរស់នៅសមរម្យផង។ (បន្ទរ)
សូមព្រះអង្គប្រទាន និងការពារផលផ្លែនៅលើផែនដី តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
—ដើម្បីឱ្យមនុស្សទាំងអស់បានទទួលអាហារគ្រប់គ្រាន់ជារៀងរាល់ថ្ងៃផង។ (បន្ទរ)
សូមព្រះអង្គមេត្តាការពារប្រជាជាតិយើងខ្ញុំ ឱ្យរួចផុតពីមារកំណាច
—ដើម្បីឱ្យប្រជាជាតិនេះបានទទួលសេចក្តីថ្កុំថ្កើង ក្នុងសេចក្តីសុខសាន្តរបស់ព្រះអង្គផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គមេត្តាយកចិត្តទុកដាក់ដល់អស់អ្នក ដែលបានទទួលមរណភាពក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ
—សូមប្រោសប្រទានឱ្យអ្នកទាំងនេះបានស្នាក់អាស្រ័យរស់នៅអស់កល្បជានិច្ចផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាអម្ចាស់អើយ! ព្រះអង្គតែងតែបង្ហាញធម៌មេត្តាករុណាដ៏លើសលប់ដល់អស់អ្នកដែលទូលអង្វរព្រះអង្គដោយចិត្តស្មោះ។ សូមព្រះអង្គមេត្តាថែរក្សាការពារ និងណែនាំយើងខ្ញុំ ដោយប្រទានជីវិតថ្មីឱ្យយើងខ្ញុំតាមព្រះហឫទ័យរបស់ព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

