២២ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្តាហ៍ទី១៦ ថ្ងៃពុធ

សន្តីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្តទូត

(បុណ្យគោរព)

(ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១២២

បន្ទរទី១ ៖ ព្រះ‌យេស៊ូសួរ​នាង​ថា៖ «នាង​អើយ ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។

ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា:
ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះដំណាក់​របស់​ព្រះ‌អម្ចាស់!។

ក្រុង​យេរូសាឡឹម​អើយ
យើង​នាំ​គ្នា​ឈាន​ជើង​ចូល​មក​ដល់​មាត់​ទ្វាររបស់​អ្នក​ហើយ!

យេរូសាឡឹម​អើយ អ្នក​ជា​ក្រុង​មួយ​ដែល​សង់​ឡើង​យ៉ាង​រឹងមាំ
និង​មាន​កំពែង​ដ៏​ល្អ​ប្រណីត​ព័ទ្ធ​ជុំ‌វិញ។

កុលសម្ព័ន្ធ​នានា​របស់​ព្រះ‌អម្ចាស់នាំ​គ្នា​ឡើង​មក​ទី​នេះ
ដើម្បី​លើក​តម្កើង​ព្រះនាម​ព្រះអម្ចាស់តាម​ច្បាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល។

នៅ​ទី​នេះ​ក៏​មាន​បល្ល័ង្ក​នៃ​ព្រះរាជវង្សរបស់​ស្តេច​ដាវីឌ
ដើម្បី​គ្រប់គ្រង​ប្រជារាស្ដ្រ ដោយ​យុត្តិធម៌​ដែរ។

ចូរ​នាំ​គ្នា​ទូល​សូម​ព្រះអម្ចាស់​ប្រទាន​សន្តិភាពមក​ក្រុង​យេរូសាឡឹម
សូម​ឱ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​នេះអាច​រស់​នៅ​យ៉ាង​សុខសាន្ត!

សូម​ឱ្យ​អ្នក​ដែល​រស់​នៅ​ខាង​ក្នុង​កំពែង​ក្រុងបាន​ប្រកប​ដោយ​សេចក្ដីសុខ
សូម​ឱ្យ​វិមាន​នានា​នៅ​ក្នុង​ក្រុងបាន​សុខ​ក្សេមក្សាន្ត។

ដោយ​យល់​ដល់​បងប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា:
សូម​ឱ្យ​ក្រុង​យេរូ‌សាឡឹមបាន​ប្រកប​ដោយ​សេចក្ដីសុខសាន្ត!

ដោយ​យល់​ដល់​ព្រះដំណាក់របស់​ព្រះជាអម្ចាស់​នៃ​យើង
ខ្ញុំ​ទូល​សូម​ឱ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌យេស៊ូសួរ​នាង​ថា៖ «នាង​អើយ ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។

ទំនុកតម្កើងលេខ ១២៧

បន្ទរទី២៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។

(បទពាក្យ ៧)

១- ប្រសិនបើព្រះជាអម្ចាស់ មិនជួយសង់ផ្ទះនោះទេណា  
  អ្នកសង់ខំប្រឹតឥតបានការ គឺគ្មានវាសនាខ្វះលំនឹង
  បើព្រះអម្ចាស់មិនរក្សា ទីក្រុងទេណាឱ្យរឹងប៉ឹង  
  អ្នកយាមទីក្រុងដែលខំប្រឹង យាមរាល់ថ្ងៃហ្នឹងអត់អសារ
២- អ្នករាល់គ្នាក្រោកពីព្រលឹម រកស៊ីចិញ្ចឹមជន្មជីវ៉ា  
  ខំទាំងលំបាកគ្រប់កាយា តែឥតបានការផលចំណេញ
  ព្រះជាអម្ចាស់បានប្រទាន អាហារធនធានច្រើនពាសពេញ  
  ដល់អ្នកដែលព្រះអង្គស្រឡាញ់ ក្នុងពេលយប់យន់គេនិន្ទ្រា
៣- ព្រះអម្ចាស់ប្រទានកូនចៅ ស្ថិតស្ថេរគង់នៅចាត់ទុកជា  
  ចំណែកមរតកដ៏មហិមា ជាពរជ័យាពីព្រះអង្គ
៤- កូនប្រុសៗដែលកើតចេញមក ពេលដែលឪពុកពេញកម្លាំង  
  ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង នៃអ្នកចម្បាំងពេលប្រយុទ្ធ
៥- អ្នកដែលមានកូនប្រុសយ៉ាងច្រើន នោះនឹងចម្រើនសុខបំផុត  
  ពេលមានបច្ចាមកប្រយុទ្ធ គេមិនតក់ស្លុតមិនអាម៉ាស
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

បន្ទរទី៣៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា “ព្រះ‌គ្រូ!” ។

សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ‌គ្រីស្ត
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។

ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភពលោក​មក​ម៉្លេះ ដើម្បី​ឱ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

ព្រះអង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះអង្គ
ដោយសារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះអង្គ

ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើកលែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើសលប់​របស់​ព្រះអង្គ។

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។

ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០
ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ
និង​នៅ​លើ​ផែនដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា “ព្រះ‌គ្រូ!” ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,២៨-៣០)

យើង​ដឹង​ទៀត​ថា អ្វីៗ​ទាំង​អស់​ផ្សំ​គ្នា​ឡើង ដើម្បី​ឱ្យ​អស់​អ្នក​ស្រឡាញ់​ព្រះជាម្ចាស់បាន​ទទួល​ផល​ល្អ គឺ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក ស្រប​តាម​គម្រោង‌ការ​របស់​ព្រះអង្គ ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ព្រះ‌អង្គ​ក៏​បាន​តម្រូវ​គេ​ទុក​ជា​មុន ឱ្យ​មាន​លក្ខណៈ​ដូច​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ដែរ ដើម្បី​ឱ្យ​ព្រះ‌បុត្រា​បាន​ទៅ​ជា​រៀមច្បង ក្នុង​បណ្ដា​បង‌ប្អូន​ជា​ច្រើន។ អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ទុក​ជា​មុន​នោះ ព្រះអង្គ​ក៏​បាន​ត្រាស់​ហៅ ហើយ​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​នោះ ព្រះអង្គ​ក៏​ប្រោស​ឱ្យ​គេ​សុចរិត រីឯ​អស់​អ្នក​ដែល​ព្រះអង្គ​ប្រោស​ឱ្យ​សុចរិត ព្រះអង្គ​ក៏​ប្រទាន​ឱ្យ​គេ​មាន​សិរី‌រុង​រឿង​ដែរ។

បន្ទរ៖ ម៉ារីអើយកុំយំអី! *ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញហើយ។ បន្ទរឡើងវិញ៖…
-សុំ​ទៅ​ប្រាប់​ពួក​បងប្អូន​ខ្ញុំ​ផង​ថា។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ នាង​ម៉ារី រត់ទៅជម្រាប​ពួក​សាវ័ក​ថា នាង​បាន​ឃើញ​ព្រះអម្ចាស់ អាលេលូយ៉ា!

ពាក្យអង្វរសកល

យើងខ្ញុំសូមលើកតម្កើងព្រះបិតា ដែលមានព្រះហឫទ័យមេត្តា​ករុណាចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ដោយចិត្តអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យអស់អ្នកដែលសង្ឃឹមលើព្រះអង្គ មានអំណរសប្បាយឡើង។

បពិត្រព្រះអម្ចាស់! សូមព្រះអង្គនឹកចាំថា ព្រះអង្គបានចាត់ព្រះបុត្រាឱ្យយាងមកក្នុងពិភពលោកនេះ ដើម្បីសង្រ្គោះ មិនមែនមកវិនិច្ឆ័យទោសមនុស្សលោកទេ
—សូមឱ្យការសោយទិវង្គតរបស់ព្រះអង្គនាំយើងខ្ញុំមកកាន់ការសង្រ្គោះផង។ (បន្ទរ)

ព្រះអង្គបានតែងតាំងអស់លោកបូជាចារ្យឱ្យបម្រើព្រះគ្រីស្ត និងព្រះអំណោយទានដ៏អស្ចារ្យរបស់ព្រះអង្គ
—សូមប្រទានឱ្យពួកគាត់មានចិត្តស្មោះត្រង់ ប្រាជ្ញា​ឈ្លាសវៃ និងមានសេចក្តីស្រឡាញ់ផង។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅបុរស និងស្ត្រីឱ្យមានព្រហ្មចរិយធម៌សម្រាប់ព្រះរាជ្យរបស់ព្រះអង្គ
—សូមឱ្យពួកគេមានចិត្តស្មោះត្រង់ដើរតាមព្រះបុត្រារបស់ព្រះអង្គ។ (បន្ទរ)

ពីដើមដំបូង ព្រះអង្គមានព្រះហឫទ័យចង់ឱ្យស្វាមីភរិយា ក្លាយទៅជារូបកាយតែមួយ
—សូមព្រះអង្គប្រទានឱ្យក្រុមគ្រួសារទាំងអស់ រួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់យ៉ាងស្មោះស្ម័គ្រនឹងគ្នាផង។ (បន្ទរ)

ព្រះអង្គបានចាត់ព្រះគ្រីស្តយេស៊ូឱ្យមកក្នុងលោកនេះ ដើម្បីលើកលែង​ទោសមនុស្សឱ្យរួចពីបាប
—សូមព្រះអង្គរំដោះបាបរបស់អស់មរណបុគ្គលផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា

ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះបុត្រារបស់ព្រះអង្គបានប្រគល់បេសកកម្មឱ្យនាងម៉ារីម៉ាដាឡា ប្រកាសមុនគេបង្អស់នូវអំណរសប្បាយនៃបុណ្យចម្លងថា ព្រះយេស៊ូពិតជាមានព្រះជន្មរស់ឡើងវិញមែន។ តាមរយៈគំរូ និងពាក្យទូលអង្វររបស់នាង សូមព្រះអង្គប្រោសឱ្យយើងខ្ញុំយកចិត្តទុកដាក់ប្រកាសអំពីព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសូមឱ្យយើងខ្ញុំបានឃើញព្រះគ្រីស្តសោយរាជ្យក្នុងសិរីរុងរឿងរបស់ព្រះបិតាអស់កល្បជានិច្ច។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។