១៣ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៥ ថ្ងៃចន្ទ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៣

ព្រះជាម្ចាស់ជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្តព្រះអង្គ

ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ។ អ្នក​ទាំង​ពីរ​ឮ​ថា ព្រះ‌យេស៊ូ​យាង​មក ក៏​ស្រែក​ឡើង​ថា៖
«ឱ​ព្រះ‌អម្ចាស់ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!» (មថ ២០,៣០)។

បន្ទរទី១ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

ឱព្រះអម្ចាស់ដែលគង់នៅស្ថានបរមសុខអើយ!
ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។

យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌ជា‌អម្ចាស់​នៃ​យើង
ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​ប្រណី‌សន្ដោស
ដូច​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ខ្លួន
និង​ដូច​ស្ត្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​ស្រីរបស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ឱព្រះអម្ចាស់អើយ! សូមអាណិតមេត្តាយើងខ្ញុំ
សូមអាណិតមេត្តាយើងខ្ញុំផង ដ្បិតយើងខ្ញុំត្រូវគេមើលងាយខ្លាំងណាស់។

យើងខ្ញុំពុំអាចទ្រាំទ្រនឹងការមើលងាយពីសំណាក់មនុស្សព្រហើន
ព្រមទាំងការជេរប្រមាថពីសំណាក់មនុស្សវាយឫកខ្ពស់បានទៀតឡើយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ យើងខ្ញុំសម្លឹងមើលព្រះជាអម្ចាស់នៃយើង ហើយទន្ទឹងរង់ចាំព្រះអង្គប្រណីសន្តោស។

ទំនុកតម្កើងលេខ ១២៤

ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ

លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថាៈ “កុំខ្លាចអី! ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ
ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ” (កក ១៨,៩-១០)។

បន្ទរទី២ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

(បទពាក្យ ៧)

១- ប្រសិនបើគ្មានព្រះអម្ចាស់ មិនជួយសន្តោសគាំទ្រទេ  
  សូមអ៊ីស្រាអែលពោលហូរហែរ ពោលកុំទំនេរតាមយើងថា
២- ប្រសិនបើគ្មានព្រះអម្ចាស់ នៅខាងយើងនោះគ្រប់វេលា  
  ពេលណាសត្រូវលើកគ្នីគ្នា សម្រុកពុះពារវាយលើយើង
៣- ពេលណាគេមានកំហឹងខ្លាំង គេមកប្រឆាំងយើងនឹងប៉ើង  
  គេនឹងត្របាក់លេបពួកយើង មិនឱ្យរស់បានសុខសាន្តឡើយ
៤- យើងនឹងលិចលង់ក្នុងសមុទ្រ ភិតភ័យតក់ស្លុតឥតមានស្បើយ  
  ទឹកហូរនាំយើងគ្មានកោះត្រើយ ទៅកាន់ទីឆ្ងាយគ្មានគោលដៅ
៥- ពេលយើងកំពុងអស់កម្លាំង មានទឹកកួចខ្លាំងពន្លិចទៅ  
  ដល់បាតជលសាដ៏សែនជ្រៅ ជីវិតយើងត្រូវលង់ក្សិណក្ស័យ
៦- សូមលើកតម្កើងព្រះអម្ចាស់ ដ្បិតទ្រង់ជាព្រះមានបារមី  
  ទ្រង់ពុំប្រគល់យើងក្នុងដៃ ធ្វើរំពានៃពួកនោះឡើយ
៧- យើងរួចជីវិតដូចបក្សី គេចផុតពីដៃព្រានព្រៃហើយ  
  គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ យើងបានធូរស្បើយរស់ជីវ៉ា
៨- ព្រះអម្ចាស់បានសង្គ្រោះយើង ដោយព្រះនាមថ្កើងមានចេស្តា  
  គឺព្រះអង្គដែលមានមេត្តា បង្កើតមេឃានិងផែនដី
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់ផ្ទាល់បានជួយយើង ដោយព្រះនាមព្រះអង្គ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។

បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)

ព្រះជាម្ចាស់ជាព្រះសង្រ្គោះរបស់យើង

បន្ទរទី៣ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត
ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង
ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។

ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត
តាំងពីមុនកំណើតពិភពលោកមកម៉្លេះ
ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។

ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ
ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ

ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស
ដែលទ្រង់បានប្រោសប្រទានមកយើង
ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។

ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង
ដោយព្រះលោហិតរបស់ព្រះអង្គ
និងលើកលែងទោសឱ្យយើងបានរួចពីបាប
តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។

ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត
គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។

ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង
នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស
ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។
១០
ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត
គឺប្រមូលអ្វីៗទាំងអស់ ដែលនៅស្ថានបរមសុខ និងនៅលើផែនដី
ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្ត ជាម្ចាស់តែមួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាម្ចាស់បានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ៤,១១-១២)

បងប្អូនអើយ មិនត្រូវនិយាយដើមគ្នាទៅវិញទៅមកឡើយ។ អ្នកណានិយាយដើម ឬថ្កោលទោសបងប្អូនណាម្នាក់ អ្នកនោះក៏ដូចជានិយាយដើមវិន័យ និងថ្កោលទោសវិន័យដែរ។ ប្រសិនបើអ្នកថ្កោលទោសវិន័យ បានសេចក្តីថា អ្នកមិនមែនកាន់វិន័យទេ គឺអ្នកថ្កោលទោសវិន័យទៅវិញ។ មានតែព្រះអម្ចាស់មួយព្រះអង្គគត់ ដែលបង្កើតវិន័យ ហើយទ្រង់ជាចៅក្រមវិនិច្ឆ័យទោស។ មានតែព្រះអង្គប៉ុណ្ណោះ ដែលអាចសង្គ្រោះ និងធ្វើឱ្យវិនាស។ រីឯអ្នកវិញ តើអ្នកមានឋានៈអ្វី បានជាហ៊ានថ្កោលទោសបងប្អូនឯទៀតៗដូច្នេះ?។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមប្រោសទូល‌បង្គំឱ្យជាឡើងវិញផង *ដ្បិតទូល‌បង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យព្រះ‌អង្គហើយ។ បន្ទរឡើងវិញ៖…
-ខ្ញុំទូលថា “ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង” ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ព្រះ‌អង្គ​ទត​មើល​មក​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះអង្គ។

ពាក្យអង្វរសកល

ព្រះគ្រីស្តមានព្រះហឫទ័យចង់ណែនាំមនុស្សទាំងអស់ ឱ្យទទួលការសង្គ្រោះ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអស់ពីដួងចិត្តថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គទាញមនុស្សទាំងអស់ មកឯព្រះអង្គផង។

ឱព្រះអម្ចាស់អើយ! ព្រះអង្គបានរំដោះយើងខ្ញុំចេញពីទាសភាពនៃអំពើបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ
—សូមប្រោសប្រទានសេរីភាពឱ្យយើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានព្រះអំណោយទានដល់លោក……….ជាអភិបាលព្រះសហគមន៍យើងខ្ញុំ និងអស់លោកអភិបាលព្រះសហគមន៍នានាទូទាំងពិភពលោក —សូមឱ្យអស់លោកដែលទទួលខុសត្រូវលើអគ្គសញ្ញារបស់ព្រះអង្គមានអំណរសប្បាយយ៉ាងក្លៀវក្លាផង។ (បន្ទរ)

សូមព្រះអង្គប្រោសប្រទានដល់អស់អ្នកដែលកំពុងស្វែងរកសេចក្តីពិត សូមឱ្យពួកគេអាចរកឃើញសេចក្តីពិតដែលមាននៅក្នុងព្រះអង្គ
—ហើយសូមឱ្យពួកគេកាន់តែមានចិត្តចង់ស្វែងរកបន្ថែមទៀតផង។ (បន្ទរ)

ឱព្រះអម្ចាស់អើយ! សូមព្រះអង្គលួងលោមដល់ស្ត្រីមេម៉ាយ កុមារកំព្រា និងអស់អ្នកដែលត្រូវគេបោះបង់ចោល
—ដើម្បីឱ្យពួកគេមានអារម្មណ៍ជិតស្និទ្ធ និងជាប់ចិត្តជាមួយព្រះអង្គផង។ (បន្ទរ)

សូមព្រះអង្គទទួលបងប្អូនយើងខ្ញុំដែលបានទទួលមរណភាពទៅហើយនោះ បានចូលទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខ
—ឱ្យពួកគេបាននៅជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ និងព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ! នៅចុងបញ្ចប់នៃថ្ងៃនេះ យើងខ្ញុំចូលមកចំពោះព្រះភក្រ្តព្រះអង្គដែលជាពន្លឺមិនចេះរលត់។ សូមព្រះពន្លឺព្រះអង្គបំភ្លឺក្នុងទីងងឹតនាពេលរាត្រី ហើយសូមព្រះអង្គលើកលែងទោសអំពើបាប និងភាពបរាជ័យរបស់យើងខ្ញុំផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។