១៦ មិថុនា ២០២៦

Written on 23/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃអង្គារ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១២៥

ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ

សូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្ត...ដល់ប្រជារាស្ត្រអ៊ីស្រាអែលរបស់ព្រះអង្គ (កាឡ ៦,១៦)។

បន្ទរទី១ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។

១- អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់
អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូនដែលស្ថិតស្ថេររហូត ឥតរង្គើឡើយ។
២-
ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ចយ៉ាងនោះដែរ។
៣-
ដ្បិតស្តេចពាលពុំអាចគ្រប់គ្រងលើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅប្រព្រឹត្តអំពើទុច្ចរិតឡើយ។
៤-
ឱព្រះអម្ចាស់អើយ! សូមសម្តែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។
៥-
រីឯអស់អ្នកដែលដើរតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់ដេញគេឱ្យទៅជាមួយអស់អ្នក
ដែលប្រព្រឹត្តអំពើទុច្ចរិតចុះ។
សូមឱ្យអ៊ីស្រាអែលបានប្រកបដោយសេចក្តីសុខសាន្ត!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ។

ទំនុកតម្កើងលេខ ១៣១

ដូចកូននៅជាប់ទ្រូងម្តាយ

ចូរយកនឹមរបស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ
អ្នករាល់គ្នាមុខជាបានស្ងប់ចិត្តមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្តសុភាព (មថ ១១,២៩)។

បន្ទរទី២ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខឡើយ។

(បទកាកគតិ)

១- បពិត្រព្រះម្ចាស់ ទូលបង្គំជាមនុស្ស ដែលមិនអំនួត
  មិនវាយឫកខ្ពស់ មិនអាងមិនអួត មិនចង់ប្រកួត
    អ្នកតូចអ្នកទាប
  ខ្ញុំមិនលោភលន់ ចង់បានទ្រព្យធន គេជាដរាប
  មិនចង់បានអ្វី ដែលធំហួសមាឌ លើសសមត្ថភាព
    របស់ខ្ញុំឡើយ
២- តែផ្ទុយទៅវិញ ចិត្តខ្ញុំពោរពេញ ស្ងៀមស្ងាត់ព្រងើយ
  ដូចជាកូនក្មេង ជាប់ទ្រូងម្តាយហើយ វាធ្វើកន្តើយ
    នឹងអ្វីទាំងអស់
៣- អ៊ីស្រាអែលអើយ កុំបង្អង់ឡើយ ទុកចិត្តលើព្រះ
  តាំងពីឥឡូវ តទៅឥតខ្ចោះ រហូតដល់អស់
    កប្បកល្បជានិច្ច
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ បើ​អ្នក​រាល់​គ្នា​មិន​ដូរ​ចិត្ត​គំនិតឱ្យបាន​ដូច​ក្មេង​តូចៗ​ទេ អ្នក​រាល់​គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យនៃ​ស្ថាន​បរម‌សុខឡើយ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)

ទំនុកនៃការប្រោះលោះ

បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

១១ “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង
ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក
អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។

គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖
“ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង
ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា
ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន
និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់
ដោយសារព្រះលោហិតរបស់ព្រះអង្គ។
១០
ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ
បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី” ។
១២
“កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា
ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ​
ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអង្គបានធ្វើឱ្យគេទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ១២,៩-១២)

ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមក ដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។

បន្ទរ៖ ឱព្រះអម្ចាស់អើយ *ព្រះបន្ទូលរបស់ព្រះអង្គស្ថិតស្ថេររហូតតទៅ។ បន្ទរឡើងវិញ៖…
-ព្រះហឫទ័យ​ស្មោះស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិតស្ថេរ​អស់កល្ប​ជា​អង្វែងត​រៀង​ទៅ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំង ព្រោះ​ព្រះជាម្ចាស់​ជា​ព្រះសង្គ្រោះ​របស់​ខ្ញុំ។

ពាក្យអង្វរសកល

ព្រះជាម្ចាស់បានបង្កើតសេចក្តីសង្ឃឹមដល់ប្រជារាស្ត្ររបស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរដោយអំណរសប្បាយថា ៖

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! ព្រះអង្គជាសេចក្តីសង្ឃឹមរបស់ប្រជារាស្រ្ត។

ឱព្រះអម្ចាស់អើយ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ
—ពីព្រោះនៅក្នុងអង្គព្រះគ្រីស្ត ព្រះអង្គបានប្រទានទ្រព្យសម្បត្តិទាំងអស់នៃព្រះប្រាជ្ញាញាណ និងចំណេះដឹងដល់យើងខ្ញុំ។ (បន្ទរ)

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គស្គាល់ជម្រៅចិត្តរបស់មនុស្សទាំងអស់ សូមព្រះអង្គប្រទានព្រះប្រាជ្ញាញាណរបស់ព្រះអង្គដល់ថ្នាក់ដឹកនាំរដ្ឋាភិបាលនានា
—ដើម្បីឱ្យពួកគេអាចទាញយកប្រភពនៃដំបូន្មានរបស់ព្រះអង្គ ហើយគាប់ព្រះហឫទ័យព្រះអង្គទាំងចិត្តគំនិត និងអំពើផង។ (បន្ទរ)

សូមប្រទានឱ្យពួកវិចិត្រករ ចេះប្រើទេពកោសល្យរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីភាពរុងរឿងរបស់ព្រះអង្គ
—សូមឱ្យការងាររបស់ពួកគេផ្តល់សេចក្តីសង្ឃឹម និងអំណរសប្បាយដល់ពិភពលោក។ (បន្ទរ)

សូមព្រះអង្គកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួង ហួសពីសមត្ថភាពរបស់យើងខ្ញុំ
—តែសូមព្រះអង្គជួយពង្រឹងអស់អ្នកទន់ខ្សោយ និងជួយលើកយើងខ្ញុំចេញពីរណ្តៅផង។ (បន្ទរ)

ព្រះអង្គមានព្រះបន្ទូលសន្យាតាមរយៈព្រះបុត្រាថា នឹងប្រោសមនុស្សឱ្យរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុត
—សូមព្រះអង្គកុំបំភ្លេចអស់អ្នកដែលបានទទួលមរណភាព។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះអម្ចាស់ ! សូមឱ្យពាក្យអធិដ្ឋានរបស់យើងខ្ញុំនៅវេលាល្ងាចនេះឡើងទៅដល់ព្រះអង្គ ហើយសូមព្រះអង្គចាក់បង្ហូរព្រះពរមកលើយើងខ្ញុំ។ សូមឱ្យការសង្រ្គោះរបស់ព្រះអង្គ សង្រ្គោះយើងខ្ញុំនៅពេលឥឡូវនេះ និងរហូតអស់កល្បជានិច្ចផង។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។