រដូវធម្មតា សប្តាហ៍ទី១០ ថ្ងៃចន្ទ
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ៤៥
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
“ស្វាមីមកដល់ហើយ! ចូរនាំគ្នារត់ទៅទទួលលោក!” (មថ ២៥,៦)។
បន្ទរទី១ ៖ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ។
(ក)
| ២ | ចិត្តរបស់ខ្ញុំពោរពេញទៅដោយពាក្យពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះមហាក្សត្រ។ សូមឱ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ |
| ៣ | ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបសម្បត្តិល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គរហូតតទៅ។ |
| ៤ | ឱវីរបុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែងចិញ្ចាចរបស់ព្រះអង្គទៅ។ |
| ៥ | សូមព្រះអង្គយាងគង់លើព្រះរាជរថប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមព្រះអង្គទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។ |
| ៦ | សូមឱ្យព្រួញដ៏មុតរបស់ព្រះអង្គបានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឱ្យប្រជាជាតិទាំងឡាយនៅក្រោមព្រះបាទារបស់ព្រះរាជា។ |
| ៧ | បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ |
| ៨ | ព្រះអង្គតែងតែសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ ហេតុនេះហើយបានជាព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ ជ្រើសរើសព្រះអង្គពីក្នុងចំណោមមិត្តភក្ដិរបស់ព្រះអង្គ ហើយប្រទានឱ្យព្រះអង្គមានអំណរសប្បាយដ៏លើសលប់ ដោយចាក់ប្រេងអភិសេកព្រះអង្គ។ |
| ៩ | ព្រះភូសារបស់ព្រះអង្គក្រអូបទៅដោយក្លិនប្រេងទេព្វិរូ និងខ្លឹមចន្ទន៍ក្រឹស្នា មានក្រុមតន្ដ្រីប្រគំភ្លេងថ្វាយព្រះអង្គ នៅក្នុងប្រាសាទដែលរចនាអំពីភ្លុកដំរី។ |
| ១០ | ស្រីស្នំរបស់ព្រះអង្គសុទ្ធតែជាបុត្រីរបស់ស្តេចនគរនានា ហើយព្រះមហាក្សត្រិយានី ទ្រង់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត គង់នៅខាងស្តាំព្រះអង្គ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ក្នុងចំណោមបុរសទាំងអស់ មានតែព្រះអង្គទេ ដែលរូបល្អជាងគេ ព្រះអង្គមានសំនួនវោហារដ៏ពូកែ។
បន្ទរទី២ ៖ ស្វាមីមកដល់ហើយ ! ចូរនាំគ្នារត់ទៅទទួលលោក។
(ខ)
(បទព្រហ្មគីតិ)
| ១១ | ព្រះម្ចាស់ក្សត្រីយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
| ១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រីយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
| ១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រី | ។ | |
| ១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ | |
| ១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ | |
| ១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្ត្រប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ | |
| ១៧ | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
| គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ | |
| ១៨ | ទូលបង្គំនឹងថ្លាថ្លែង | រំលឹកចែងឥតមានភ្លេច | |
| ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ស្វាមីមកដល់ហើយ ! ចូរនាំគ្នារត់ទៅទទួលលោក។
បទលើកតម្កើងតាមលិខិតអេភេសូ (អភ ១,៣-១០)
ព្រះជាម្ចាស់ជាព្រះសង្រ្គោះយើងខ្ញុំ
បន្ទរទី៣ ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ឱ្យរួមគ្នា នៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
| ៣ | សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាង ផ្នែកខាងវិញ្ញាណពីស្ថានបរមសុខមកយើង ក្នុងអង្គព្រះគ្រីស្ត។ |
| ៤ | ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រីស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឱ្យយើងបានវិសុទ្ធ និងឥតសៅហ្មង នៅចំពោះព្រះភក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។ |
| ៥ | ព្រះអង្គបានតម្រូវយើងទុកជាមុន ឱ្យធ្វើជាបុត្រធីតារបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រីស្ត ស្របនឹងបំណងដ៏សប្បុរសរបស់ព្រះអង្គ |
| ៦ | ដើម្បីឱ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះហឫទ័យប្រណីសន្តោស ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ |
| ៧ | ដោយយើងរួមក្នុងអង្គព្រះគ្រីស្តនេះ ព្រះជាម្ចាស់បានលោះយើង ដោយព្រះលោហិតរបស់ព្រះអង្គ និងលើកលែងទោសឱ្យយើងបានរួចពីបាប តាមព្រះហឫទ័យប្រណីសន្តោសដ៏លើសលប់របស់ព្រះអង្គ។ |
| ៨ | ព្រះជាម្ចាស់ប្រណីសន្តោសយើងយ៉ាងខ្លាំងបំផុត គឺទ្រង់ប្រទានឱ្យយើងមានតំរិះ និងមានប្រាជ្ញាដ៏វាងវៃគ្រប់យ៉ាង។ |
| ៩ | ព្រះអង្គបានប្រោសឱ្យយើងស្គាល់ពីគម្រោងការដ៏លាក់កំបាំង នៃព្រះហឫទ័យរបស់ព្រះអង្គ តាមព្រះបំណងដ៏សប្បុរស ដែលទ្រង់បានសម្រេចទុកជាមុន ដោយព្រះអង្គផ្ទាល់។ |
| ១០ | ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ដែលនៅស្ថានបរមសុខ និងនៅលើផែនដី ឱ្យរួមគ្នានៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គចាត់ចែងគម្រោងការនេះឱ្យបានសម្រេច នៅគ្រាចុងក្រោយបំផុត គឺប្រមូលអ្វីៗទាំងអស់ឱ្យរួមគ្នា នៅក្នុងអង្គព្រះគ្រីស្តជាម្ចាស់តែមួយ។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ថស ២,១៣)
ហេតុនេះហើយបានជាយើងចេះតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះនៅពេលដែលយើងនាំដំណឹងល្អមកជូនបងប្អូនស្ដាប់ បងប្អូនបានទទួលយក ដោយពុំចាត់ទុកថាជាពាក្យសម្ដីរបស់មនុស្សទេ គឺទុកដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមពិតជាព្រះបន្ទូលរបស់ព្រះអង្គមែន ហើយព្រះបន្ទូលនេះកំពុងតែបង្កើតផលក្នុងបងប្អូនជាអ្នកជឿ។
បន្ទរ៖ សូមឱ្យពាក្យអធិដ្ឋានរបស់ទូលបង្គំ *ឡើងទៅដល់ព្រះអង្គ។ បន្ទរឡើងវិញ៖…
-ដូចផ្សែងគ្រឿងក្រអូប។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងព្រះនាងម៉ារី
បន្ទរ៖ ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់។
ពាក្យអង្វរសកល
យើងខ្ញុំសូមលើកតម្កើងព្រះគ្រីស្តដែលបានស្រឡាញ់ ជួយផ្គត់ផ្គង់ និងគាំពារព្រះសហគមន៍របស់ព្រះអង្គ។ ដោយមានជំនឿលើព្រះអង្គ យើងខ្ញុំសូមទូលអង្វរទៅព្រះអង្គថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឆ្លើយតបនឹងពាក្យអធិដ្ឋានរបស់ប្រជារាស្ត្រព្រះអង្គផង។
ឱព្រះអម្ចាស់យេស៊ូអើយ ! សូមប្រទានឱ្យមនុស្សលោកទាំងអស់បានទទូលនូវការសង្គ្រោះ
—ហើយសូមព្រះអង្គយាងមក ដើម្បីសម្តែងនូវសេចក្តីពិតផង។ (បន្ទរ)
សូមព្រះអង្គតាមថែរក្សាសម្តេចប៉ាបព្រះនាម……និងលោក……ជាអភិបាលព្រះសហគមន៍យើងខ្ញុំ
—សូមឫទ្ធានុភាពរបស់ព្រះអង្គជួយដល់ពួកគាត់ផង។ (បន្ទរ)
សូមព្រះអង្គនឹករលឹកដល់អស់អ្នកដែលចង់បានការងារប្រកបទៅដោយសេចក្តីស្មោះត្រង់
—ដើម្បីឱ្យពួកគេអាចដឹកនាំខ្សែជីវិតរបស់ពួកគេរស់នៅប្រកបទៅដោយសេចក្តីសុខសាន្តផង។ (បន្ទរ)
ឱព្រះអម្ចាស់អើយ ! សូមព្រះអង្គធ្វើជាទីជម្រករបស់អ្នកក្រីក្រ
—សូមព្រះអង្គធ្វើជាជំនួយដល់ពួកគេក្នុងគ្រាលំបាកផង។ (បន្ទរ)
យើងខ្ញុំសូមកោតសរសើរព្រះហឫទ័យយកចិត្តទុកដាក់របស់ព្រះអង្គចំពោះអស់លោកអភិបាល លោកបូជាចារ្យ និងលោកឧបដ្ឋាក ដែលបានទទួលមរណភាព
—សូមឱ្យពួកគាត់ចូលរួមលើកតម្កើងនៅជុំវិញបល្ល័ង្កព្រះអង្គឯស្ថានបរមសុខផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! ព្រះអង្គបានប្រទានកម្លាំងឱ្យយើងខ្ញុំធ្វើការក្នុងមួយថ្ងៃនេះ។ សូមព្រះអង្គទទួលយកពាក្យសរសើរ តម្កើងដែលយើងខ្ញុំសូមអរព្រះគុណព្រះអង្គ ចំពោះអំណោយទានដ៏ច្រើនរាប់មិនអស់ដែលយើងខ្ញុំបានទទួល ទុកជាតង្វាយថ្វាយទៅព្រះអង្គនៅពេលល្ងាចនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

