២៤ ឧសភា ២០២៦

Written on 12/02/2026
Mary Siya Khim

បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក

(បុណ្យឱឡារិក)

(ពេលល្ងាចទី២)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

បន្ទរទី១៖ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល អាលេលូយ៉ា!

ព្រះជាអម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះរាជាជា​ព្រះ‌អម្ចាស់​របស់ខ្ញុំដូច​ត​ទៅ​នេះ ៖
«សូម​គង់​នៅ​ខាង​ស្តាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ
មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌អង្គ!»។

សូម​ព្រះ‌ជា‌អម្ចាស់​ប្រោស​ប្រទាន​ឱ្យ​រាជ្យរបស់​ព្រះ‌ករុណា
លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ស៊ីយ៉ូន​ទៅ!
សូម​ព្រះ‌ករុណា​បង្ក្រាប​ខ្មាំង​សត្រូវ​ដែល​នៅ​ជុំ‌វិញ!

នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ដ្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត
ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណានៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ
ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យាដោយ​ឥត​ប្រែ‌ប្រួល​ថា :
«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ស្តេច​មែលគី‌សេដែក»។

ព្រះ‌អម្ចាស់​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ករុណា
នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​ព្រះ‌ពិរោធ ព្រះ‌អង្គ​កម្ទេច​ស្តេច​នានា។

នៅ​តាម​ផ្លូវ ព្រះ‌រាជា​សោយ​ទឹក​ជ្រោះរួច​ហើយ
ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រប្រកប​ដោយ​ជោគ‌ជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល អាលេលូយ៉ា!

ទំនុកតម្កើងលេខ ១១៤

បន្ទរទី២៖ ឱព្រះជាម្ចាស់អើយ ! សូមប្រទានកម្លាំងរបស់ព្រះអង្គឱ្យយើងខ្ញុំពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ហើយសូមព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គក្នុងយើងខ្ញុំ អាលេលូយ៉ា!

(បទពាក្យ ៧)

១- ពេលអ៊ីស្រាអែលបានចាកចេញ ពីអេស៊ីបវិញហើយពេលនោះ  
  ពូជពង្សយ៉ាកុបចេញទាំងអស់ ពីដីបរទេសមិនសល់នៅ
២- ឯប្រជាជនជាតិយូដា បានក្លាយទៅជាឥតហ្មងសៅ  
  ជាប្រជាជាតិមិនអាស្រូវ វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ
៣- ពេលទឹកសមុទ្រឃើញពួកគេ តក់ស្លុតម៉េ្លះទេមិនរេរង់  
  គេចខ្លួនថយទៅមិនបង្អង់ ទាំងយ័រដាន់ផងក៏ថយដែរ
៤- ភ្នំធំភ្នំតូចភ្នំទាំងអស់ នៅមិនស្ងៀមសោះដូចពពែ  
  លោតទៅលោតមកមិនឈប់ទេ ភ្នំតូចលោតដែរដូចកូនចៀម
៥- ឱសមុទ្រអើយម្តេចក៏អ្នក រត់គេចជាជាក់ទៅនៅស្ងៀម  
  អ្នកធ្លាប់រលកបោករវាម ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ?
  ឱទឹកទន្លេយ័រដាន់អើយ ពេលនេះម្តេចឡើយរត់លឿនម៉េ្លះ  
  ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ តើរឿងទាំងនេះមកពីអ្វី?
៦- ភ្នំអើយម្តេចអ្នកមិនឈប់លោត ផ្លាស់ប្តូររហូតដូចសត្វព្រៃ  
  ភ្នំតូចតើអ្នកលោតព្រោះអ្វី មិនស្គាល់យប់ថ្ងៃមិនសម្រាក
៧- ឱផែនដីអើយចូររីករាយ ត្រេកអរសប្បាយចំពោះភក្ត្រ  
  ព្រះជាអម្ចាស់របស់អ្នក និងចំពោះភក្ត្រព្រះយ៉ាកុប
៨- គឺទ្រង់បានធ្វើឱ្យសិលា ប្រែក្លាយទៅជាបឹងសាយសព្វ  
  ឱ្យថ្មប្រែក្លាយជាប្រភព ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូមប្រទានកម្លាំងរបស់ព្រះអង្គឱ្យយើងខ្ញុំពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ហើយសូមព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គក្នុងយើងខ្ញុំ អាលេលូយ៉ា!

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-៧)

បន្ទរទី៣៖ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា
មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហាជន​ច្រើន​កុះករ​នៅ​លើ​មេឃ​ថា៖
«អាលេ‌លូយ៉ា! សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង
ព្រះ‌អង្គ​សង្គ្រោះ​យើង ព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុង​រឿង និង​ឫទ្ធា‌នុភាព

ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។
ព្រះ‌អង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រីពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី
ដែល​បាន​ធ្វើ​ឱ្យ​ផែន‌ដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង
ព្រះ‌អង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ
ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ»។

មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «អាលេ‌លូយ៉ា!
ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។

ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ
ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖
«អាម៉ែន! អាលេ​លូយ៉ា!»។

មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជាម្ចាស់
អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ទាំង​តូច​ទាំង​ធំ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​យើង!»។

ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ
ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំងថា៖
«អាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់
ព្រះ‌អង្គ​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះ‌អង្គ​ហើយ

យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឱ្យ​ខ្លាំង
ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង​រឿង​ព្រះ‌អង្គ
ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ
ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ អ្នក​ទាំង​នោះ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ហើយចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ​ពី​គ្នា អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (អភ ៤,៣-៦)

ចូរ​យក​ចិត្ត​ទុក​ដាក់រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដីសុខ‌សាន្ត​ធ្វើជា​ចំណង​ប្រាស្រ័យ​ទាក់‌ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បង‌ប្អូន​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹកមាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះ‌អង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះ‌អង្គ​ធ្វើការ​តាម‌រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

បន្ទរ៖ ព្រះ‌វិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ​ពាស​ពេញ​លើ​ផែន​ដី​ទាំង​មូល *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គ​ធ្វើឱ្យ​អ្វីៗ​ទាំង​អស់​ភ្ជាប់​ជា​មួយ​គ្នា​យ៉ាង​ស្អិត​ល្មួត ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ជ្រាប​ពាក្យ​សម្ដីទាំង​អស់​ដែល​មនុស្ស​និយាយ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ នៅថ្ងៃនេះ យើងខ្ញុំប្រារព្ធបុណ្យព្រះវិញ្ញាណយាងមក អាលេលូយ៉ា!។ នៅថ្ងៃនេះ ព្រះវិញ្ញាណដ៏វិសុទ្ធបានបង្ហាញខ្លួននៅចំពោះមុខក្រុមគ្រីស្តទូត នៅក្នុងអណ្តាតភ្លើង និងបានប្រទានព្រះអំណោយខាងវិញ្ញាណរបស់ព្រះអង្គ ឱ្យទៅពួកគេ។ ព្រះអង្គបានចាត់ពួកគេឱ្យទៅប្រកាសដំណឹងល្អទៅកាន់ពិភពលោកទាំងមូល និងដើម្បីប្រកាសថា អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នឹងទទួលការសង្រ្គោះ អាលេលូយ៉ា!

ពាក្យអង្វរសកល

ព្រះជាម្ចាស់ជាព្រះបិតាបានប្រមែប្រមូលព្រះសហគមន៍របស់ព្រះអង្គឱ្យទៅជាធ្លុងតែមួយ តាមរយៈព្រះគ្រីស្ត។ ចូរយើងទូលសូមព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមចាត់ព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះសហគមន៍ !

បពិត្រព្រះអម្ចាស់ ! ព្រះអង្គសព្វព្រះទ័យឱ្យគ្រីស្តបរិស័ទទាំងអស់ដែលមានអគ្គសញ្ញាជ្រមុជទឹកតែមួយ រួមគ្នាជាអង្គតែមួយក្នុងព្រះវិញ្ញាណ
—សូមព្រះអង្គប្រោសឱ្យគ្រីស្តបរិស័ទទាំងអស់ មានចិត្តថ្លើមតែមួយផង។ (បន្ទរ)

ព្រះអង្គសព្វព្រះទ័យឱ្យពិភពលោកទាំងមូល ពោរពេញទៅដោយព្រះវិញ្ញាណ
—សូមព្រះអង្គជួយដល់មនុស្សជាតិ ឱ្យចេះកសាងពិភពលោកមួយប្រកបដោយសេចក្តីសុខសាន្ត និងយុត្តិធម៌ផង។ (បន្ទរ)

បពិត្រព្រះជាអម្ចាស់ជាព្រះបិតានៃមនុស្សគ្រប់ជាតិសាសន៍ ! ព្រះអង្គសព្វព្រះទ័យប្រមូលផ្តុំបុត្រធីតាព្រះអង្គដែលខ្ចាត់ខ្ចាយ ឱ្យរួមគ្នាក្នុងជំនឿតែមួយ
—សូមព្រះអង្គបំភ្លឺពិភពលោក ដោយព្រះអំណោយទាននៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)

តាមរយៈព្រះវិញ្ញាណ ព្រះអង្គធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី
—សូមព្រះអង្គមេត្តាព្យាបាលអ្នកជំងឺ លួងលោមអ្នកបាក់ទឹកចិត្ត និងប្រទានការសង្រ្គោះឱ្យមនុស្សទាំងអស់ផង។ (បន្ទរ)

ដោយសារព្រះវិញ្ញាណ ព្រះអង្គបានលើកព្រះបុត្រាឱ្យតើនឡើងពីចំណោមមនុស្សស្លាប់
—សូមព្រះអង្គលើករូបកាយរបស់មរណបុគ្គល ឱ្យចូលក្នុងជីវិតអស់កល្បជានិច្ចផង។ (បន្ទរ)

ធម៌ "ឱព្រះបិតា"

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់ ! ព្រះអង្គប្រោសឱ្យយើងខ្ញុំប្រារព្ធពិធីបុណ្យដ៏ឱឡារិកនេះ និងប្រទានឱ្យព្រះសហគមន៍នៅគ្រប់ទីកន្លែងបានវិសុទ្ធ។ សូមព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណដ៏វិសុទ្ធមកលើផែនដីទាំងមូល។ សូមឱ្យព្រះហឫទ័យប្រណីសន្តោស ដែលបានណែនាំការប្រកាសដំណឹងល្អកាលពីដើម បន្តណែនាំយើងខ្ញុំជាអ្នកជឿសព្វថ្ងៃនេះផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន!