បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១៣
បន្ទរទី១៖ នៅបុណ្យថ្ងៃទីហាសិប ពួកសាវ័កបានរួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ អាលេលូយ៉ា!
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! |
| ២ | ចូរលើកតម្កើងព្រះនាមព្រះអម្ចាស់តាំងពីពេលនេះរហូតតទៅ! |
| ៣ | តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះនាមរបស់ព្រះអម្ចាស់! |
| ៤ | ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃទៅទៀត។ |
| ៥ | តើមាននរណាអាចផ្ទឹមស្មើនឹងព្រះអម្ចាស់ជាព្រះរបស់យើងបាន? ព្រះអង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត |
| ៦ | ព្រះអង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះអង្គ។ |
| ៧ | ព្រះអង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះអង្គលើកមនុស្សទុរគតឡើងពីភក់ជ្រាំ |
| ៨ | ដើម្បីឱ្យគេកាន់កាប់អំណាចរួមជាមួយពួកអ្នកធំ គឺរួមជាមួយពួកអ្នកធំនៅក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គ។ |
| ៩ | ព្រះអង្គប្រទានឱ្យស្ត្រីអារមានកូន ឱ្យនាងរស់នៅក្នុងផ្ទះយ៉ាងសប្បាយជាមួយកូនៗរបស់នាង។ អាលេលូយ៉ា! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ នៅបុណ្យថ្ងៃទីហាសិប ពួកសាវ័កបានរួមប្រជុំទាំងអស់គ្នានៅកន្លែងតែមួយ អាលេលូយ៉ា!
ទំនុកតម្កើងលេខ ១៤៧,១-១១
បន្ទរទី២៖ ក្រុមគ្រីស្តទូតបានឃើញហាក់ដូចជាមានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា អាលេលូយ៉ា!
(បទព្រហ្មគីតិ)
| ១- | យើងស្មូតបទថ្វាយព្រះ | ជាអម្ចាស់របស់យើង | |
| សរសើរលើកតម្កើង | ដ៏រុងរឿងល្អប្រពៃ | ។ | |
| ២- | ព្រះម្ចាស់បានសង់ក្រុង | ល្អឧត្តុង្គឧត្តមក្រៃ | |
| យេរូសាឡឹមថ្មី | អ្នកខ្ចាត់ខ្ចាយនាំមកវិញ | ។ | |
| ៣- | អ្នកដែលមានវិបត្តិ | គ្រាំគ្រាចិត្តគិតមិនចេញ | |
| ទ្រង់ប្រោសផុតទោម្នេញ | របួសវិញជាសះស្បើយ | ។ | |
| ៤- | ព្រះអង្គអាចរាប់បាន | ផ្កាយឥតមានខ្វះមួយឡើយ | |
| ដាក់ឈ្មោះឱ្យរួចហើយ | មិនភ្លេចឡើយស្គាល់ទាំងអស់ | ។ | |
| ៥- | ព្រះម្ចាស់របស់យើង | សែនថ្កុំថ្កើងឧត្តមខ្ពស់ | |
| ចេស្តាខ្លាំងមុតមោះ | ព្រះតម្រិះធំធេងក្រៃ | ។ | |
| ៦- | ព្រះអម្ចាស់គាំទ្រ | ជនក្រីក្រខ្សត់រីងរៃ | |
| ទ្រង់បន្ទាបដល់ដី | ជនអប្រីយ៍ធ្វើអាក្រក់ | ។ | |
| ៧- | ចូរនាំគ្នាច្រៀងអរ | ថ្លែងអំណរគុណព្រះម្ចាស់ | |
| ចូរដេញពិណថ្វាយព្រះ | ជាអម្ចាស់នៃយើងផង | ។ | |
| ៨- | ទ្រង់ឱ្យពពកបិទ | គ្របជុំជិតអស់តែម្តង | |
| បាំងទាំងផ្ទៃមេឃផង | អាប់មួរហ្មងគ្មានរស្មី | ។ | |
| ព្រះអង្គបានឱ្យភ្លៀង | ធ្លាក់ទាត់ទៀងលើផែនដី | ||
| ស្មៅលាស់ស្រស់ខៀវខ្ចី | ពាសពេញដីនៅលើភ្នំ | ។ | |
| ៩- | ទ្រង់ផ្តល់ទាំងអាហារ | អស់សព្វសាសត្វតូចធំ | |
| កូនក្អែកដែលស្រែកយំ | ទ្រង់ថ្នាក់ថ្នមផ្តល់ចំណី | ។ | |
| ១០- | ព្រះអង្គមិនដែលគាប់ | ព្រះទ័យជាប់នឹងសេះថ្មី | |
| ទ្រង់មិនពេញព្រះទ័យ | មនុស្សពេញដីដែលខ្លាំងក្លា | ។ | |
| ១១- | តែព្រះអង្គទ្រង់គាប់ | ព្រះទ័យជាប់នឹងមនុស្សណា | |
| កោតខ្លាចព្រះចេស្តា | ផ្ញើជីវ៉ាលើព្រះអង្គ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ក្រុមគ្រីស្តទូតបានឃើញហាក់ដូចជាមានអណ្ដាតភ្លើងបែកចេញពីគ្នា ចុះមកសណ្ឋិតលើពួកគេម្នាក់ៗ អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា អាលេលូយ៉ា!
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)
បន្ទរទី៣៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់ខ្ញុំ អាលេលូយ៉ា!
| ៣ | «ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គប្រសើរឧត្ដម គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់ ! ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់ ! |
| ៤ | បពិត្រព្រះអម្ចាស់ ! តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ ! តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ ! ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។ មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌»។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះវិញ្ញាណដែលយាងចេញពីព្រះបិតា ព្រះអង្គនឹងសម្ដែងសិរីរុងរឿងរបស់ខ្ញុំ អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (រ៉ូម ៨,៩-១១)
ចំពោះបងប្អូន ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់សណ្ឋិតនៅក្នុងបងប្អូន បងប្អូនមិននៅខាងលោកីយ៍ទៀតទេ គឺនៅខាងព្រះវិញ្ញាណ។ អ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ដ អ្នកនោះមិនមែនជាកូនចៅរបស់ព្រះអង្គទេ។ ប្រសិនបើព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ទោះបីរូបកាយរបស់បងប្អូនស្លាប់ ព្រោះតែបាបក៏ដោយ ក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតឱ្យបងប្អូនដែរ មកពីព្រះជាម្ចាស់ប្រោសបងប្អូនឱ្យសុចរិត។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ សណ្ឋិតនៅក្នុងបងប្អូនមែននោះ ព្រះជាម្ចាស់ដែលបានប្រោសព្រះគ្រីស្ដឱ្យមានព្រះជន្មរស់ឡើងវិញ ព្រះអង្គក៏នឹងប្រទានឱ្យរូបកាយរបស់បងប្អូន ដែលតែងតែស្លាប់នេះ មានជីវិតតាមរយៈព្រះវិញ្ញាណដែលសណ្ឋិតនៅក្នុងបងប្អូននោះដែរ។
បន្ទរ៖ ព្រះវិញ្ញាណដ៏វិសុទ្ធ គឺជាព្រះដ៏ជួយការពារ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឱ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះវិញ្ញាណដ៏វិសុទ្ធ សូមយាងមកបង្កាត់ភ្លើងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ ក្នុងដួងចិត្តអ្នកជឿទាំងអស់។ ទោះបីជាពួកគេនិយាយភាសាផ្សេងៗពីគ្នាយ៉ាងណាក្តី ក៏ព្រះអង្គបង្រួបបង្រួមជាតិសាសន៍ទាំងអស់ឱ្យមានជំនឿតែមួយ អាលេលូយ៉ា!
ពាក្យអង្វរសកល
នៅបុណ្យថ្ងៃទីហាសិបបានបញ្ចប់ ព្រះជាម្ចាស់បានចាត់ព្រះវិញ្ញាណដ៏វិសុទ្ធ ចុះមកសណ្ឋិតលើក្រុមគ្រីស្តទូត។ ដូចយើងខ្ញុំបានប្រារព្ធពិធីបុណ្យដ៏អស្ចារ្យនេះ រួមនឹងអំណរសប្បាយ និងជំនឿ ដោយស្រែកឡើងថា ៖
បន្ទរ៖ សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមក និងធ្វើឱ្យពិភពលោកទាំងមូលផ្លាស់ប្រែជាថ្មីផង !
កាលពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ហើយដល់ពេលកំណត់ ព្រះអង្គបានធ្វើឱ្យអ្វីៗទាំងអស់ផ្លាស់ប្រែជាថ្មី ក្នុងអង្គព្រះគ្រីស្ត
—តាមរយៈព្រះវិញ្ញាណព្រះអង្គ សូមទ្រង់បន្តបង្កើតពិភពលោក ជាមួយនឹងព្រះអំណោយនៃការសង្រ្គោះ។ (បន្ទរ)
ព្រះអង្គបានផ្លុំខ្យល់នៃដង្ហើមជីវិតចូលទៅក្នុងខ្លួនលោកអដាំ
—សូមព្រះអង្គចាត់ព្រះវិញ្ញាណឱ្យយាងមកក្នុងព្រះសហគមន៍ ដើម្បីឱ្យព្រះសហគមន៍ក្លាយជាជីវិត និងមានភាពរឹងមាំ ហើយនាំជីវិតថ្មីទៅកាន់ពិភពលោកទាំងមូល។ (បន្ទរ)
ដោយព្រះពន្លឺនៃព្រះវិញ្ញាណ សូមព្រះអង្គបំភ្លឺពិភពលោក និងកម្ចាត់ភាពងងឹតនៃពេលវេលា
—សូមព្រះអង្គបង្វែរការស្អប់ឱ្យទៅជាការស្រឡាញ់ បង្វែរទុក្ខព្រួយឱ្យទៅជាអំណរសប្បាយ បង្វែរសង្រ្គាមឱ្យទៅជាសន្តិភាព ដែលយើងខ្ញុំប្រាថ្នាចង់បានយ៉ាងខ្លាំង។ (បន្ទរ)
ទឹកបានហូរចេញពីឆ្អឹងជំនីររបស់ព្រះគ្រីស្ត ដែលជាប្រភពនៃព្រះវិញ្ញាណរបស់ព្រះអង្គ
—សូមឱ្យទឹកនេះហូរមកស្រោចស្រពផែនដីទាំងមូល និងនាំសេចក្តីល្អមកជាមួយផង។ (បន្ទរ)
ព្រះអង្គបាននាំជីវិត និងសិរីរុងរឿងមកឱ្យមនុស្សលោក តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ
—សូមព្រះអង្គនាំអ្នកដែលបានលាចាកលោកនេះឱ្យចូលទៅក្នុងសេចក្តីស្រឡាញ់ និងអំណរសប្បាយនៃស្ថានបរមសុខ។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! អស់រយៈពេលហាសិបថ្ងៃ ព្រះអង្គប្រោសឱ្យយើងខ្ញុំជួបជុំគ្នាអបអរសាទរបុណ្យចម្លង ដែលជាគម្រោងការដ៏អស្ចាររបស់ព្រះអង្គ។ សូមព្រះអង្គបង្រួបបង្រួមមនុស្សគ្រប់ជាតិសាសន៍ដែលបែកខ្ញែកគ្នា ឱ្យទៅជាមហាគ្រួសារតែមួយ និងសូមប្រោសឱ្យប្រជាជនដែលច្របូកច្របល់និយាយភាសារៀងៗខ្លួន រួមគ្នាប្រកាសព្រះនាមព្រះអង្គវិញ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។

